តែយ៉ាងណាពួកគេស្នើឱ្យរាជរដ្ឋាភិបាល គូរគិតគូរលើការបញ្ចុះតម្លៃលើមុខទំនិញ ដែលកំពុងឡើងថ្លៃនៅលើទីផ្សារបន្ថែមទៀត។ តើការចាត់ទុកអាករលើតម្លៃបន្ថែមលើមុខទំនិញចាំបាច់មួយចំនួនជាបន្ទុករបស់រដ្ឋដល់ដំណាច់ឆ្នាំ២០២៨ អាចជួយសម្រួលបន្ទុករបស់ពលរដ្ឋកម្រិតណា?
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសមួយ ស្តីពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញ ដែលជាអាហារជាមូលដ្ឋានមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃលើប្រភេទសាច់សត្វចិញ្ចឹម ត្រីទឹកសាប និងទឹកប្រៃគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។ ជាមួយគ្នានេះ អាករលើតម្លៃបន្ថែមលើស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់ អំបិលគ្រប់ប្រភេទ ទឹកត្រី និងទឹកស៊ីអ៊ីវគ្រប់ប្រភេទ ក៏ជាបន្ទុករបស់រដ្ឋផងដែរ។
ជុំវិញការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលបានកំណត់ជាអាហារមូលដ្ឋាននេះដែរ ត្រូវបានលោក វ៉ន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធចាត់ទុកជាផ្នែកក្នុងការជួយជំរុញឱ្យពលរដ្ឋមានលទ្ធភាពក្នុងការបង្កើនការផលិត និងជួយសម្រាលការចំណាយរបស់អ្នកប្រើប្រាស់។ ទន្ទឹមនេះ អ្នកជំនាញរូបនេះស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យ និងតាមដានឱ្យបានដិតដល់ចំពោះការអនុវត្តវិធានការនេះ បើពុំដូច្នេះទេ ពលរដ្ឋនឹងពុំទទួលបានផលចំណេញឡើយ ហើយផ្ទុយទៅវិញ គឺមានតែឈ្មួញកណ្ដាលប៉ុណ្ណោះដែលទទួលបានផលប្រយោជន៍ពីវិធានការនេះ។
ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពវាយតម្លៃថា កត្តាដែលជំរុញឱ្យរាជរដ្ឋាភិបាលជួយសម្រួលលើអាករលើតម្លៃបន្ថែមលើមុខទំនិញជាអាហារមូលដ្ឋាននេះ អាចដោយសារតែស្ថានភាពសេដ្ឋកិច្ច គួបផ្សំតម្លៃទំនិញទាំងនេះនៅលើទីផ្សារមានការកើនឡើង ខណៈពលរដ្ឋខ្លះមានការប្រឈមនឹងជីវភាពរស់នៅខ្វះខាត ដោយសារបញ្ហាសង្គម និងពុំមានថវិកាសម្រាប់បង់ធនាគារជាដើម។ ទោះជាយ៉ាងណាក៏ដោយ ប្រធានមជ្ឈមណ្ឌលរូបនេះស្នើឱ្យរាជរដ្ឋាភិបាលជួយគិតគូរក្នុងការបញ្ចុះតម្លៃទំនិញមួយចំនួន ដែលកំពុងមានកើនឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារជាមូលដ្ឋានដែលបានកំណត់ខាងលើ ត្រូវបានចាត់ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៨។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមនេះមិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕
អត្ថបទ៖ បូ ដូឡា