យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា តម្លៃនៃការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់គ្រប់ប្រភេទរបស់វៀតណាមក្នុងខែមករា បានឈានដល់ជាង៥ពាន់លានដុល្លារ គឺបានកើនឡើងជាង៥០% បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣ និងកើនឡើងជាង១១% បើធៀបនឹងពេលពីមួយឆ្នាំទៅមួយឆ្នាំ។ សហរដ្ឋអាម៉េរិក និងប្រទេសចិន បានក្លាយជាអតិថិជនដ៏ធំបំផុតនៃការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់របស់ប្រទេសវៀតណាម។
កាលពីខែមករា ដើមឆ្នាំនេះ ការនាំចេញរបស់វៀតណាម ទៅកាន់អាម៉េរិកបានឈានដល់ជាង១ពាន់លានដុល្លារ ដែលស្មើនឹង២៥% នៃការនាំចេញសរុបរបស់វៀតណាម ហើយការនាំចេញទៅប្រទេសចិនមានទឹកប្រាក់ប្រហែល៧៣៤លានដុល្លារ គឺស្មើនឹង១៣% នៃការនាំចេញរបស់ វៀតណាម ខណៈដែលនាំចេញទៅប្រទេសកូរ៉េខាងត្បូង មានទឹកប្រាក់៣៣០លានដុល្លារ។
ស្ថិតិរបស់អគ្គនាយកដ្ឋានគយរបស់វៀតណាម ក៏បានបង្ហាញដែរថា ក្នុងឆ្នាំ២០១០ ការនាំចេញគ្រឿងបន្លាស់ទូរសព្ទមានត្រឹមតែជាង៣% នៃតម្លៃនាំចេញសរុបរបស់ជាតិ ប៉ុន្តែផលិតផលអេឡិចត្រូនិកបែបនេះទទួលបានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម៣៤% ក្នុងតម្លៃនាំចេញនៅក្នុងអំឡុងឆ្នាំ២០១១-២០២១។
នៅឆ្នាំ២០២៣ ការនាំចេញទូរសព្ទ និងគ្រឿងបង្គុំផ្សេងៗទៅក្រៅប្រទេសមានចំនួនសរុបជាង៥២ពាន់លានដុល្លារ គឺបានធ្លាក់ចុះជិត១០% បើធៀបនឹងឆ្នាំ២០២២។ ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់ទី២ ខាងការនាំចេញទូរសព្ទ និងគ្រឿងប្រើប្រាស់គិតជាតម្លៃនាំចេញបន្ទាប់ពីកុំព្យូទ័រ គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់។
បើតាមរបាយការណ៍របស់ក្រុមហ៊ុន HSBC វៀតណាមបានកាន់កាប់១៣% នៃចំណែកទីផ្សារទូរសព្ទឆ្លាតវៃនៅក្នុងពិភពលោកក្នុងឆ្នាំ២០២១ ដែលជាអ្នកនាំចេញទូរសព្ទឆ្លាតវៃដ៏ធំបំផុតទីពីរនៅលើពិភពលោក។ ឥឡូវវៀតណាម គឺជាទិសដៅដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុនធំៗនៅក្នុងឧស្សាហកម្មទូរសព្ទ និងគ្រឿងបន្លាស់ពិភពលោករួមទាំងក្រុមហ៊ុន Apple ផងដែរ។ ទូរទស្សន៍វៀតណាមបានរាយការណ៍ថា បច្ចុប្បន្ននេះអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ប្រហែល២៥ក្រុមហ៊ុនបានស្វែងរកទីតាំងបង្កើតរោងចក្ររបស់ពួកគេក្នុងប្រទេសវៀតណាម៕
អត្ថបទ៖ សុខ ជា