ក្រុមមន្ត្រីអាមេររិកទាំងនោះបាននិយាយថា ទណ្ឌកម្មក៏នឹងកំណត់គោលដៅអង្គភាព និងក្រុមហ៊ុនរបស់ចិនប្រហែល ១៧០ ផ្សេងទៀត ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាការនេសាទខុសច្បាប់នៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក ចំពេលមានការព្រួយបារម្ភថា ប្រទេសចិនកំពុងនេសាទហួសកម្រិត និងប្រើប្រាស់កងនាវានេសាទរបស់ខ្លួន ដើម្បីពង្រីកឥទ្ធិពលដែនសមុទ្ររបស់ទីក្រុងប៉េកាំង។ គួរជម្រាបថា ទណ្ឌកម្មថ្មីនេះ ត្រូវបានរាយការណ៍ដំបូងដោយកាសែត Wall Street Journal ។
ទណ្ឌកម្មជាច្រើននឹងត្រូវយកមកអនុវត្តក្រោមច្បាប់ (Global Magnitsky Act) ដែលជាច្បាប់ឆ្នាំ២០១៦ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលបរទេសទូទាំងពិភពលោកដែលត្រូវបានគេចាត់ទុកថា ជាអ្នករំលោភសិទ្ធិមនុស្ស ដោយបង្កកទ្រព្យសម្បត្តិរបស់ពួកគេ និងហាមឃាត់មិនឱ្យចូលក្នុងប្រទេសអាមេរិក។
ក្រៅតែពីការដាក់ទណ្ឌកម្មចំពោះប្រទេសចិនហើយនោះ សហរដ្ឋអាមេរិកក៏បានថ្កោលទោសចំៗនៃការនាំចេញយន្តហោះគ្មានមនុស្សបើកយោធារបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែនផងដែរ។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានស៊ើបដឹងថា អ៊ីរ៉ង់នៅតែបន្តផ្គត់ផ្គង់យន្តយោះដ្រូនទៅឱ្យទីក្រុងម៉ស្គូ។
ដូច្នេះហើយ បើតាមក្រុមមន្ត្រីសេតវិមានបាននិយាយថា ទណ្ឌកម្មថ្មីនេះត្រូវបានគេរំពឹងថា នឹងកំណត់គោលដៅអង្គភាពឧស្សាហកម្មការពារជាតិរុស្ស៊ីមួយចំនួន ដែលពាក់ព័ន្ធនឹងការផ្ទេរយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ីនោះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកសម្របសម្រួលសេតវិមានទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បាននិយាយកាលពីថ្ងៃទី ៨ខែធ្នូដែរថា ប្រទេសចិនចង់បានទំនាក់ទំនងដែលមានស្ថិរភាពជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលដ៏ខ្លី ខណៈដែលប្រទេសនេះប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចក្នុងស្រុក និងការកើនឡើងនៃទំនាក់ទំនងការទូតចិនក្នុងតំបន់អាស៊ី។
លោក Campbell បានប្រាប់ព្រឹត្តិការណ៍វេទិកាសន្តិសុខ Aspen ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយលើកឡើងអំពីជម្លោះទឹកដីរបស់ចិនជាមួយជប៉ុន និងឥណ្ឌាថា៖ «ពួកគេបានបន្តប្រជែងជាមួយប្រទេសជាច្រើនក្នុងពេលដំណាលគ្នា»។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ លោកថា ពិភពលោកនឹងឃើញ «ការចាប់ផ្តើមឡើងវិញនៃធាតុជាក់ស្តែង និងអាចព្យាករណ៍បានបន្ថែមទៀតនៃទំនាក់ទំនងការទូតមហាអំណាច» រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
លោក ខាំបេល បានបន្ថែមថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបាននាំឱ្យមានការពិភាក្សានៅពីក្រោយឆាកជាច្រើនទៀតនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក អំពីការរក្សាសន្តិភាព និងស្ថិរភាពលើកោះតៃវ៉ាន់ ដែលជាកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដែលចិនអះអាងថាជាទឹកដីរបស់ខ្លួននោះ។
មែនទែនទៅ អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងសន្តិសុខកាលពីឆ្នាំមុនដែលគេស្គាល់ថា AUKUS ដែលនឹងផ្តល់ឱ្យអូស្ត្រាលីនូវបច្ចេកវិទ្យាដើម្បីដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយវាក៏ជាកិច្ចព្រមព្រៀងដែលរដ្ឋមន្ត្រីការពារជាតិរបស់ពួកគេបានពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះផងដែរ៕