តើចិន និងអាមេរិកព្រមានដាក់គ្នាអ្វីខ្លះ?

តើចិន និងអាមេរិកព្រមានដាក់គ្នាអ្វីខ្លះ ជុំវិញវត្តមានមេដឹកនាំតៃវ៉ាន់នៅលើទឹកដីសហរដ្ឋអាមេរិក?


ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកហើយកាលពីថ្ងៃពុធទី២៩មីនា ដែលស្ថិតនៅក្រោមក្រសែភ្នែកសម្លឹងឥតដាក់ពីសំណាក់ទីក្រុងប៉េកាំង ហើយក៏ព្រមានពីការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរជាមួយសហរដ្ឋអាមេរិកផងដែរ បើសិនប្រធានសភាអាមេរិក ពិតជាជួបជាមួយនឹងលោកស្រី សៃ អ៊ីងវេន ដូចការគ្រោងទុកមែននោះ។
តើចិន និងអាមេរិកព្រមានដាក់គ្នាអ្វីខ្លះ ជុំវិញវត្តមានមេដឹកនាំតៃវ៉ាន់នៅលើទឹកដីសហរដ្ឋអាមេរិក?

លោកស្រី ស៊ូ ស៊ូយួន (Xu Xueyuan) ភារធារីនៅស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកបានព្រមាននៅពេលលោកស្រី សៃ អ៊ីងវេនបានធ្វើដំណើរទៅដល់អាមេរិកកាលពីថ្ងៃពុធទី២៩មីនាថា ដំណើរទស្សនកិច្ចក្រៅប្រទេសរបស់មេដឹកនាំតៃវ៉ាន់ ដោយឈប់សំចតនៅលើទឹកដីអាមេរិកនៅពេលនេះគឺជា«កំហុស»មួយដែលនឹងមិនអាចរារាំងចិនមិនឱ្យឆ្លើយតបចំពោះទង្វើនេះបានឡើយ។

លោកស្រី Xu Xueyuan ក៏បានប្រកាសព្រមានពី«ការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ»ផ្សេងទៀតនៅក្នុងទំនាក់ទំនងរបស់មហាអំណាចជាគូប្រជែងនឹងគ្នានេះ ប្រសិនបើលោកស្រី សៃ អ៊ីងវេន មានការជួបប្រជុំជាមួយប្រធានសភាអាមេរិកលោក ខេវិន ម៉េកខាធី តាមការគ្រោងទុកមែននោះ។

លោកស្រី Xu បានផ្ញើសារទាំងនេះតាមរយៈសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធនៅពេលប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោកស្រី សៃ អ៊ីងវេន បានចុះចតនៅញូវយ៉កជាកន្លែងឈប់សំចតសម្រាប់ការធ្វើដំណើរ រយៈពេល ១០ ថ្ងៃរបស់លោកស្រីទៅកាន់តំបន់អាមេរិកកណ្តាល។ មេដឹកនាំតៃវ៉ាន់រូបនេះ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុង Los Angeles នៅពេលលោកស្រីត្រឡប់មកពីតំបន់នេះវិញនៅសប្តាហ៍ក្រោយនេះគឺនៅទីនោះហើយ ដែលគេរំពឹងថាលោកស្រីនឹងជួបលោក ម៉េកខាធី។

ចំណែកសហរដ្ឋអាមេរិកវិញក៏មិនបាននៅស្ងៀមដែរ ចំពោះការព្រមានរបស់ចិននេះ ដោយសេតវិមានបានធ្វើការព្រមានតបទៅទីក្រុងប៉េកាំងវិញថា ប្រទេសចិនមិនគួរប្រើដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់នេះធ្វើជាលេស ដើម្បីបង្កើនសកម្មភាពគគ្លើនរបស់ខ្លួនប្រឆាំងទៅលើកោះតៃវ៉ាន់នោះទេ។

លោក ចន ឃើប៊ី (John Kirby) អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានបានប្រាប់អ្នកយកព័ត៌មានថា ការធ្វើដំណើររបស់លោកស្រី សៃ អ៊ីងវេន នៅក្នុងទឹកដីអាមេរិកនេះ គឺជាដំណើរទស្សនកិច្ចថ្មីបំផុតនៅក្នុងដំណើរឆ្លងកាត់ទឹកដីអាមេរិក ដែលជាទម្លាប់ទៅហើយនោះ។

អ្នកនាំពាក្យសេតវិមានរូបនេះបានបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិនមិនគួរណាប្រើដំណើរឆ្លងកាត់ទឹកដីអាមេរិកនេះ ធ្វើជាលេសដើម្បីជំរុញឱ្យមានសកម្មភាពណាមួយនៅជុំវិញច្រកសមុទ្រតៃវ៉ាន់នោះឡើយ ហើយអាមេរិកគិតថា អ្វីៗហាក់ដូចជាមានភាពតានតឹងនៅពេលនេះរវាងអាមេរិក និងចិនមែន ក៏ប៉ុន្តែលោកបានជំរុញឱ្យទីក្រុងប៉េកាំងរក្សាបន្ទាត់ទំនាក់ទំនងបើកចំហ។

នៅថ្ងៃទី៣០មីនានេះ លោក សៃ មីងយិន (Tsai Ming-yen) អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់បាននិយាយនៅក្នុងទីក្រុងតៃប៉ិកោះតៃវ៉ាន់ថា មេដឹកនាំតៃវ៉ាន់តែងតែធ្វើដំណើរឆ្លងកាត់បែបនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក មីងយិន បានប្រាប់អ្នកយកព័ត៌មានថា តៃវ៉ាន់មានសិទ្ធិធ្វើទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិក្នុងអំឡុងពេលដំណើរការនេះ ហើយលោកសង្ឃឹមថា ក្រុមបក្សកុម្មុយនិស្តចិននឹងមិនបញ្ចេញប្រតិកម្មខ្លាំងពេកនោះទេ៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលអនុម័តគម្រោងវិនិយោគក្នុងវិស័យថាមពលអគ្គិសនីធំៗចំនួន៥ទៀត ជាមួយអនុភាពសរុប៥២០មេហ្គាវ៉ាត់

គម្រោងវិនិយោគវិស័យថាមពលអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀត ដែលមានអនុភាពសរុប ៥២០ មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តឱ្យ…

នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ប្តេជ្ញាបើកចំហសេដ្ឋកិច្ច និងធ្វើកំណែទម្រង់ប្រទេសចិន

នាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) ដែលទើបចូលកាន់តំណែងថ្មី បន្ទាប់ពីលោក លី ខឺឈាងនោះ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៣០មីនា នៅឯវេទិកាសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ