បើទោះបីជា ចំនួនគម្រោងកើនឡើងក្ដី ក៏ប៉ុន្តែ ទំហំវិនិយោគវិញបែរជាមានការថយចុះ ជាង៦៥លានដុល្លារ បើធៀបនឹង១១ខែឆ្នាំ២០២១ ដែលនេះសបញ្ជាក់ឲ្យឃើញថា ការវិនិយោគក្នុងទំហំទុនធំៗមានការថយចុះជាងមុន។
ជុំវិញស្ថានភាពគម្រោងវិនិយោគដែល CDC បានអនុម័តនៅរយៈពេលជិត១ឆ្នាំកន្លងមកនេះ អ្នកជំនាញក្នុងវិស័យវិនិយោគ បានកត់សម្គាល់ឃើញថា កត្តាដែលកម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសិរី កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង កិច្ចព្រមព្រៀងតំបន់ RCEP និងការដាក់ឲ្យអនុវត្តច្បាប់វិនិយោគថ្មី គឺសុទ្ធសឹងជាភាពទាក់ទាញវិនិយោគិនបរទេសឲ្យមកវិនិយោគនៅកម្ពុជា ជាពិសេសក្រោយកិច្ចប្រជុំកំពូលអាស៊ានដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិញ្ជកម្មកម្ពុជា បានបង្ហាញក្ដីរំពឹងខ្ពស់ថា ក្រោយកិច្ចប្រជុំកំពូលអាស៊ានដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ នឹងកាន់តែធ្វើឲ្យកម្ពុជា ទទួលបាននូវកិត្យានុភាព និងបង្ហាញសក្ដានុពលរបស់ខ្លួនបន្ថែមទៀតសម្រាប់អ្នកវិនិយោគពីបរទេស។ បើតាមការកត់សម្គាល់របស់ឧកញ៉ា លឹម ហេង ក្នុងចំណោមគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តច្រើនជាងគេ នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២២នេះ គឺជាក្រុមវិនិយោគិនក្នុងស្រុក ខណៈវិនិយោគិនពីបរទេសវិញ មានដូចជា វិនិយោគិនមកពីប្រទេសចិន ជប៉ុន កូរ៉េ និងថៃ ជាដើម។ លើសពីនេះឧកញ៉ា លឹម ហេង ក៏បានកត់សម្គាល់ឃើញទៀតថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅរយៈពេល ១១ខែ ឆ្នាំ២០២២នេះកាន់តែល្អប្រសើរ តាមរយៈការកើនឡើងទាំងគម្រោងវិនិយោគថ្មីៗ និងការនាំចេញទំនិញ ទៅកាន់ទីផ្សារអន្តរជាតិ នៅតែរក្សាបាននូវកំណើនវិជ្ជមាន។
សូមបញ្ជាក់ថា គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តចំនួន ១៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបជិត៤ពាន់លានដុល្លារ នៅរយៈពេល ១១ខែ ឆ្នាំ២០២២នេះ ភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ១៥២គម្រោង។ រីឯ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៩គម្រោង។ ដោយឡែកវិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មានចំនួន ៩គម្រោង និងវិស័យទេសចរណ៍ មានចំនួន ៥គម្រោង។ កម្ពុជា បានឈរនៅលំដាប់លេខរៀងទី១ ដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២ ខណៈចិន ឈរនៅលំដាប់ទី២ ថៃ ជាប់ចំណាត់ថ្នាក់លេខ៣ និងជប៉ុន ស្ថិតនៅលេខរៀងទី៤។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕