នេះប្រៀបដូចជាសករាជថ្មីមួយនៃការធ្វើសមាហរណកម្មផ្នែកយោធារវាងកងកម្លាំងស្វ័យការពាររបស់ជប៉ុន និងយោធាអាមេរិក។ វាមិនមែនជារឿងចៃដន្យនោះទេ ដែលស្ថានការណ៍ក្តៅនៅច្រកសមុទ្រតៃវ៉ាន់ និងមហិច្ឆតារបស់ចិនក្នុងការក្រសោបយកតៃវ៉ាន់ឱ្យបានថ្ងៃណាមួយនោះ គឺសុទ្ធសឹងជាដើមចម ធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ខ្លួនមិនអាចធ្វើការរារាំងទប់ស្កាត់ប្រទេសចិនតែម្នាក់ឯងបាននោះឡើយ ដោយត្រូវតែមានការចូលរួមពីប្រទេសជប៉ុន ដែលនៅក្បែរនោះ និងសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់។
ជាមួយគ្នានេះ សហរដ្ឋអាមេរិកបាននិងកំពុងធ្វើការដើម្បីសម្រេចបាននូវកិច្ចការនេះ តាមរយៈក្របខណ្ឌមួយចំនួនដូចជាកិច្ចសន្ទនាសន្តិសុខចតុភាគី QUAD និងកិច្ចព្រមព្រៀង AUKUS។ Quad ដែលជាកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ខណៈដែល AUKUS គឺជាសម្ព័ន្ធមិត្តសន្តិសុខដែលរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី។
បើតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន រវាងលោក បៃដិន និងលោក គីស៊ីដា បានឱ្យដឹងថា សហរដ្ឋអាមេរិកនិងជប៉ុនបានកំណត់កាន់តែច្បាស់នៃកងកម្លាំងរួម និងសមត្ថភាពទប់ស្កាត់ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងថ្មីៗ និងដែលកំពុងកើតឡើង រួមទាំងនៅក្នុងដែនអ៊ីនធើណេត និងទីអវកាសផងដែរ។ កិច្ចព្រមព្រៀងដដែល នឹងរួមបញ្ចូលនូវបំណងចង់សហការលើអ្វីដែលគេហៅថា សមត្ថភាពប្រឆាំងការវាយប្រហាររបស់ជប៉ុន ដែលជាសមត្ថភាពវាយប្រហារទីតាំងមីស៊ីលរបស់សត្រូវឱ្យបានមុន។
បន្ថែមពីលើសេចក្តីថ្លែងការណ៍រួមក្រោយជំនួប លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយថា សហរដ្ឋអាមេរិក និងអឺរ៉ុបត្រូវតែធ្វើសកម្មភាពរួមគ្នា ដើម្បីដោះស្រាយ និងប្រឈមមុខជាមួយចិន។ លោកបានបន្ថែមថា វាជារឿងចាំបាច់សម្រាប់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងការ រួបរួម និងរក្សាទំនាក់ទំនងរៀងៗខ្លួនជាមួយប្រទេសចិន។
លោក Kishida បានរំលឹកឡើងវិញនូវការព្រួយបារម្ភរបស់ប្រទេសជប៉ុនអំពីសកម្មភាពយោធារបស់ចិននៅជិតកោះដែលមានជម្លោះនៅសមុទ្រចិនខាងកើត ដែលត្រូវបានគេស្គាល់ថាជាប្រជុំកោះ Senkaku ឬកោះ ដាយយូ ជាភាសាចិន ក៏ដូចជាការបាញ់មីស៊ីលផ្លោងរបស់ចិនធ្លាក់ក្នុងដែនទឹកក្បែរប្រទេសជប៉ុនកាលពីឆ្នាំមុនផងដែរ។
ក្នុងនោះដែរ សហរដ្ឋអាមេរិក និងជប៉ុនបានរំលឹកសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងបានព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
សូមជម្រាបថា ប្រទេសសម្ព័ន្ធមិត្តទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍រួមទាក់ទិននឹងបញ្ហាកូរ៉េខាងជើងផងដែរ ដោយលើកឡើងពីការបង្កហេតុជាបន្តបន្ទាប់ពីការបាញ់មីស៊ីល និងអាវុធនុយក្លេអ៊ែរ។ ក្រុងតូក្យូនិងវ៉ាស៊ីនតោន ចាត់ទុករឿងនេះថាជារឿងមិនអាចទទួលយកបានឡើយ ហើយប្រកាសប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងជាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយប្រើកម្លាំង នៅគ្រប់ទីកន្លែងទាំងអស់មិនថាតំបន់ណានោះទេ៕