យោងតាមសេចក្តីដំណឹងដដែលបានបញ្ជាក់ឲ្យដឹងថា ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ ២០២២ នេះ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភារហូតដល់ខែកក្កដា ទទួលរងនូវឥទ្ធិពលពីបាតុភូត ( Neutral ) ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nin (ត្រជាក់) មាន ៦០% និងបាតុភូត La Nina មាន ៤០% ។ ដោយឡែកចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ទទួលរងឥទ្ធិពលពីបាតុភូត Neutral មាន ៦០% បាតុភូត La Ninaមាន ៣០% និងបាតុភូត El Nino មាន ១០% ។
ទន្ទឹមនេះ រដូវវស្សាឆ្នាំ ២០២២ នឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភាជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំនិងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ ។ ក្នុងនោះ នៅដើមរដូវវស្សា នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់គួចរយៈពេលខ្លី (Squall) កើតមានច្រើនផងដែរ ។
ចំណែកនៅពាក់កណ្តាលរដូវវស្សាវិញ ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ។ លើសពីនេះ នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងបណ្តុខ្យល់គួច (Trump Wind or Whirl Wind) បន្តកើតមានច្រើន ក្នុងនោះនឹងអាចបណ្តាលឲ្យបណ្តារាជធានី ខេត្ត មួយចំនួន ដែលមានភូមិសាស្រ្តជាប់ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងថែមទៀតផង។
ជាមួយគ្នានោះ រដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ ។ ដែលនៅចុងរដូវវស្សានេះ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់មធ្យមផងដែរ។
សូមជម្រាបថា នៅក្នុងរដូវវស្សាឆ្នាំ២០២២ នេះ អាចនឹងមិនកើតមានកូនរដូវប្រាំងនោះទេ ប៉ុន្តែបរិមាណទឹកភ្លៀងអាចមានសភាពថមថយខ្លះ (អំឡុងចុងខែកក្កដា ឬដើមខែសីហា) តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។ ស្ថានភាពព្យុះនៅក្នុងឆ្នាំ ២០២២ នេះ មានចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៦-២៨ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង៕
អត្ថបទ សោម ស្រីពេជ្រ