ទោះយ៉ាងណា ក៏មានប្រទេសខ្លះ នៅតែប្រកាន់ជំហរឹងមាំចំពោះការបើកប្រទេសឡើងវិញ តួយ៉ាងដូចជាអាមេរិកជាដើម ប្រធានាធិបតីអាមេរិក បានអះអាងច្បាស់ៗថា អាមេរិកនឹងប្រយុទ្ធទប់ទល់នឹងមេរោគបំប្លែងថ្មីនេះ ហើយអាមេរិកនឹងមិនដើរថយក្រោយ បិទខ្ទប់ប្រទេសជាថ្មីទៀតនោះទេ។ មេដឹកនាំអាមេរិក លោក ចូ បៃឌិន ក៏បានប្រាប់ទៅកាន់ពលរដ្ឋរបស់ខ្លួន ក៏ដូចជាពិភពលោកថា កុំឲ្យមានការស្លន់ស្លោរចំពោះមេរោគបំប្លែងថ្មីអូមីក្រុងនេះ ប៉ុន្ដែ ត្រូវបង្កើនការចាក់វ៉ាក់សាំងដូសជំរុញ។ តើមកទល់ពេលនេះ អង្គការសុខភាពពិភពលោក បានបញ្ជាក់ចុងក្រោយអ្វីខ្លះដែរ ជុំវិញនឹងការផ្ទុះឡើងនៃមេរោគបំប្លែថ្មីអូមីក្រុងនេះ ហើយវាកំពុងអុកឡុកពិភពលោកយ៉ាងដូចម្ដេចខ្លះ?
Story: យើងផ្ដើមនិយាយពី ការកកើតដំបូងនៃមេរោគបំប្លែងថ្មី អូមីក្រុងនេះជាមុនសិន។ មែនទែនទៅ មេរោគបំប្លែងថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១ ដោយដំបូងគេហៅវា B.1.1.529 បន្ទាប់មកវាក៏ត្រូវបានអង្គការសុខភាពពិភពលោកដាក់ឈ្មោះឲ្យថ្មីថា អូមីក្រុង។
អង្គការសុខភាពពិភពលោក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអះអាងថា វានៅតែមាន ភាពមិនទាន់ប្រាកដប្រជានៅឡើយទេ អំពីមេរោគបំប្លែងថ្មី អូមីក្រុងនេះ។ ទោះយ៉ាងណា អង្គការសុខភាពពិភលោក បានកត់សម្គាល់ឃើញថា មេរោគបំប្លែងថ្មី អូមីក្រុងនេះ មានបំប្លែងខ្លួនឆាប់រហ័ស ហើយអាចនឹងទប់ទល់ប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយមនុស្ស និងមានលទ្ធភាពចម្លងខ្ពស់។ ក៏ប៉ុន្ដែ អង្គការសុខភាពពិភពលោក គូសបញ្ជាក់ថា គេនៅមិនទាន់ដឹងប្រាកដនៅឡើយថា មេរោគបំប្លែងថ្មី អូមីក្រុងនេះ វាពិតជាឆ្លងលឿនជាងមេរោគបំប្លែងថ្មីផ្សេងៗទៀត ឬក៏យ៉ាងណា? ហើយអង្គការសុខភាពពិភពលោក ក៏មិនទាន់ដឹងច្បាស់ដែរថា តើប្រសិទ្ធភាពវ៉ាក់សាំងបច្ចុប្បន្ននេះ អាចប្រឆាំងទប់ទល់នឹងមេរោគបំប្លែងថ្មីនេះ បានឬក៏មិនបាននោះទេ។ អ្វីដែលអង្គការសុខភាពពិភពលោកបញ្ជាក់បាននាពេលនេះ គឺគ្រាន់តែដឹងថា អូមីក្រុង គឺស្ថិតក្នុងចំណោមមេរោគរោគបំប្លែងថ្មី ដែលមានហានិភ័យខ្ពស់ណាស់។ ហើយបច្ចុប្បន្ន អង្គការនេះ កំពុងតែបន្ដធ្វើការតាមដានស្រាវជ្រាវបន្ថែមទៀត។តើប្រទេសប៉ុន្មានហើយដែលរកឃើញករណីមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង?
ក្រោយពីកំណត់អត្តសញ្ញាណបាននៅអាហ្វ្រិកខាងត្បូងរួចមក គិតមកទល់ថ្ងៃអង្គារសប្ដាហ៍នេះ មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង បាននិងកំពុងបន្ដឆ្លងរាលដាលទៅដល់ប្រទេសជាង១០ហើយ ក្នុងនោះ ប្រទេសប៊ែលហ្សិក គឺជាប្រទេសដំបូងគេបង្អស់នៅអឺរ៉ុប ដែលរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង លើអ្នកដំណើរមិនបានចាក់វ៉ាក់សាំងម្នាក់ ដែលទើបធ្វើដំណើរមកពីប្រទេសអេស៊ីប។ ក្រោយមកទៀត ក៏ត្រូវបានរកឃើញជាបន្ដបន្ទាប់នៅប្រទេស ព័រទុយហ្គាល់, ណូវេសេឡង់, បូស្វាណា, ទីក្រុងហុងកុង, អ៊ីស្រាអែល, អូស្ត្រាលី, ជប៉ុន, កាណាដា, អាល្លឺម៉ង់, អង់គ្លេស, បារាំង និង ដាណឺម៉ាក ជាដើម។
ក្រោយរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីនេះ គិតមកទល់ពេលនេះ មានប្រទេស និងដែនដីប្រមាណ៧០ ហើយដែលបានដាក់វិធានការរឹតត្បិតការធ្វើដំណើរពីប្រទេសតំបន់អាហ្វ្រិក និងបណ្ដាប្រទេសមានហានិភ័យឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង។ ក្នុងនោះ កម្ពុជាយើងក៏បានដាក់ការរឹតត្បិតលើការធ្វើដំណើរនេះដូចគ្នាដែរ។ ការបិទការធ្វើដំណើរពីតំបន់អាហ្វ្រិកនេះ ក៏ត្រូវបានរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង រិះគន់ខ្លាំងទៅកាន់ពិភពលោកផងដែរ និងអំពាវនាវឲ្យប្រទេសនានា បន្ដបើកឲ្យមានការធ្វើដំណើរពីតំបន់អាហ្វ្រិកឡើងវិញ។
យ៉ាងណាក៏ដោយចុះ បើតាមអង្គការសុខភាពពិភពលោក បច្ចុប្បន្ននេះ មេរោគបំប្លែងថ្មី អូមីក្រុង កំពុងលុកលុយទៅគ្រប់ខេត្តទាំងអស់នៃប្រទេសអាហ្វ្រិកខាងត្បូងទៅហើយ ហើយបើតាមការព្យាកររបស់អ្នកជំនាញ ករណីឆ្លងនៅប្រទេសនេះ នឹងកើនដល់ជាង១ម៉ឺនករណីក្នុងមួយថ្ងៃ នៅត្រឹមចុងសប្ដាហ៍នេះ ហើយនៅប្រហែល ២ ទៅ៣សប្ដាហ៍ទៀត គេនឹងឃើញមានអ្នកជំងឺកាន់តែច្រើននឹងត្រូវចូលសម្រាកនៅមន្ទីរពេទ្យ ដែលវានឹងដាក់សម្ពាធលើប្រព័ន្ធសុខាភិបាលផងដែរ។
អង្គការសុខភាពពិភពលោក បានប្រាប់ទៅឲ្យរដ្ឋាភិបាលប្រទេសនានា គួរតែបង្កើនល្បឿនចាក់វ៉ាក់សាំង ឲ្យបានលឿនបន្ថែមទៀត ពិសេសសម្រាប់ក្រុមអ្នកងាយរងគ្រោះ ដូចជាមនុស្សវ័យចំណាស់ជាដើម ពិសេសជាងនេះ គឺត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ពាក់ម៉ាស់ លាងដៃ និងបាញ់អាល់កុលជាដើម។
ប្រធានទីប្រឹក្សាសុខាភិបាលអាមេរិក លោក អាន់តូនី ហ្វាស៊ី អះអាងថា បើទោះបីជាពេលនេះ គេមិនទាន់ដឹងច្បាស់ពីមេរោគបំប្លែងថ្មី អូមីក្រុងក៏ដោយចុះ ប៉ុន្ដែ អ្វីដែលគេដឹងច្បាស់នាពេលនេះ គឺអ្នកដែលបានចាក់វ៉ាក់សាំងរួច គឺប្រសើរជាងអ្នកដែលមិនបានចាក់វ៉ាក់សាំងសោះ ហើយវារឹតតែប្រសើរថែមទៀត សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣៕