អូមីក្រុង និងការបើកប្រទេសឡើងវិញរបស់ថៃ

ថៃថា មេរោគបំប្លែងថ្មី អូមីក្រុង មិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការបើកប្រទេសឡើងវិញឡើយ


ប្រទេសថៃ នឹងមិនដើរថយក្រោយពីផែនការបើកដំណើរការប្រទេសឡើងវិញទេ បើទោះបីជាមានភាពមិនប្រាកដប្រជានៃមេរោគបំប្លែងថ្មី អូមីក្រុង កំពុងអុកឡុក និងបង្កជាក្ដីព្រួយបារម្ភខ្លាំងចំពោះពិភពលោកក៏ដោយចុះ។ មិនតែប៉ុណ្ណោះ ដើម្បីសម្រួលដល់ការបើកស្ដារវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ និងកីឡាថៃ ក៏ស្នើឱ្យរាជរដ្ឋាភិបាលថៃមានការបន្ធូរបន្ថយបន្ថែមទៀត លើការលក់គ្រឿងស្រវឹងនៅថ្ងៃបុណ្យឆ្លងឆ្នាំខាងមុខនេះ ដើម្បីទាក់ទាញទេសចរកាន់តែច្រើន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
អូមីក្រុង មិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការបើកប្រទេសឡើងវិញ

ខណៈដែលប្រទេសជាច្រើននៅតំបន់អឺរ៉ុប និងអាស៊ី បានប្រកាសបិទខ្ទប់ និងបិទជើងហោះហើរជាបណ្ដើរៗជាមួយប្រទេសដែលមានហានិភ័យឆ្លងមេរោគបំប្លែងថ្មី ប្រទេសថៃឯណោះវិញ នៅតែបន្តផែនការទៅមុខបើកប្រទេស ទទួលអ្នកដំណើរដែលមកពីប្រទេស និងដែនដីចំនួន ៦៣ ដដែល ប៉ុន្ដែ ថៃក៏បានដាក់ការរឹតត្បិតលើការធ្វើដំណើរពីប្រទេសតំបន់អាហ្វ្រិកមួយចំនួនផងដែរ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក ភីផាត រ៉ាតឆាកីតប្រាកាន បាននិយាយថា គ្មាននរណាម្នាក់ចង់បិទព្រំដែនទៀតទេ ព្រោះវាពិតជាលំបាកណាស់ក្នុងការបើកប្រទេសឡើងវិញនេះ។

ទោះយ៉ាងណា ផែនការដែលប្រទេសថៃ គ្រោងនឹងធ្វើតេស្តរហ័ស ជំនួសការធ្វើតេស្ត PCR ចាប់ពីថ្ងៃទី ១៦ខែ ធ្នូតទៅនោះ ក៏នឹងត្រូវបានពន្យារពេលរហូតដល់មានភាពច្បាស់លាស់បន្ថែមទៀតអំពី មេរោគបំប្លែងថ្មីផងដែរ ដើម្បីការពារករណីឆ្លងដែលអាចកើតមានលើសពី ២ម៉ឺនករណី ក្នុងមួយថ្ងៃ ដូចពេលមុនបើកដំណើរការប្រទេស។ ទន្ទឹមនេះ ថៃក៏ត្រូវតែពន្លឿនផែនការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋខ្លួន ដើម្បីអាចជួយការពារពីរលកឆ្លងថ្មីដែលអាចកើតមាន។

សូមជម្រាបថា អ្នកដំណើរអន្តរជាតិដែលបានធ្វើដំណើរមកកាន់ប្រទេសថៃ ចាប់តាំងពីថ្ងៃដំបូងនៃការបើកឡើងវិញ មានចំនួនជាង ១០ម៉ឺននាក់ ដែលតួលេខនេះបានបង្ហាញថា យុទ្ធសាស្ត្រ គ្មានការធ្វើចត្តាឡីស័ក គឺជាវិធីដ៏ត្រឹមត្រូវ ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ។ ក្រៅតែពីយុទ្ធសាស្រ្ត គ្មានការធ្វើចត្តាឡីស័ក ដើម្បីទាក់ទាញទេសចរហើយ ក្រសួងទេសចរណ៍ថៃ នឹងពិភាក្សាជាមួយ គណៈរដ្ឋមន្ត្រីថៃ ដាក់សំណើរទៅមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ អំពីការអនុញ្ញាតឱ្យមានការលក់គ្រឿងស្រវឹង នៅក្នុងតំបន់ពណ៌ខៀវ រហូតដល់ពាក់កណ្តាលអធ្រាត្រក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំផងដែរ។

សូមជម្រាបថា ប្រទេសថៃ បានកត់ត្រាភ្ញៀវទេសចរចំនួន ២០ម៉ឺននាក់ ក្នុងរយៈពេល ១១ ខែដំបូង ឆ្នាំ២០២១ ហើយក្រសួងទេសចរណ៍ថៃ រំពឹងថា នឹងមានភ្ញៀវទេសចរពី ៣០ម៉ឺន ទៅ ៤០ម៉ឺននាក់ នឹងមកលេងប្រទេសថៃនៅចុងឆ្នាំផងដែរ។ ថ្មីៗនេះដែរ ទីផ្សារអឺរ៉ុបដែលបានកក់សំបុត្រយន្តហោះហើរក្នុងខែធ្នូ ចាប់ផ្ដើមមានសភាពយឺត ដោយសារការព្រួយបារម្ភអំពីការបិទខ្ទប់ប្រទេស ដែល     បណ្តាលមកពីការរីករាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុង​។ ប៉ុន្តែប្រសិនបើគ្មានការគំរាមកំហែងពីមេរោគបំប្លែងថ្មីនេះទេ ចំនួននៃការមកដល់របស់ទេសចរអន្តរជាតិនៅប្រទេសថៃក្នុងឆ្នាំនេះនឹងឈានដល់ ៥០ម៉ឺននាក់ឯណោះ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសកាន់តែច្រើនរឹតត្បិតការធ្វើដំណើរឡើងវិញក្រោយ ក្រោយមេរោគបំប្លែងថ្មី អូមីក្រុង រីករាលដាល

ព័ត៌មាន
អង្គការសុខភាពពិភពលោកបានចាត់ទុកមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ថាជាមេរោគកូវីដបំប្លែងខ្លួន ដែលមានហានិភ័យឆ្លងខ្ពស់ខ្លាំងបំផុត។ ក្រោ…

អ្នកជំនាញថា បារម្ភពីកំណើនសេដ្ឋកិច្ចពិភពលោកថយចុះ ដោយសារតែមេរោគបំប្លែងថ្មី អូមីក្រុង

ព័ត៌មាន
ស្របពេលដែលពិភពលោកកំពុងព្យាយាមរលាស់ខ្លួនងើបចេញពីបញ្ហាចាក់ស្រេះ ដែលបង្កឡើងដោយមេរោគរាតត្បាតកូវីដ១៩ នៅពេលនេះសេដ្ឋកិច្ចសកល បានមកជួបប្រទះនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ