
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នពេញ បានបន្ថែមថា បើតាមថ្ងៃកំណត់ ផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ត្រូវបិទរហូតដល់ថ្ងៃទី១៤ឧសភា ដូច្នេះ ត្រូវរង់ចាំមើលដល់គៀកថ្ងៃនោះសិន។ ប៉ុន្តែ លោកថា បើកផ្សារឡើងវិញនេះ គឺមានភាគរយតិចណាស់ ព្រោះថា ផ្សារនេះហើយជាទីតាំងដែលងាយរាតត្បាតលឿនក្នុងការឆ្លងជំងឺកូវីដ-១៩។
ការបន្តវិធានការបិទខ្ទប់តំបន់មួយចំនួននៅរាជធានីភ្នំពេញ និងការមិនទាន់អាចឲ្យផ្សារលក់ដូរបើកដំណើរការឡើងវិញបាននេះ ត្រូវបានលោក ម៉េត មាសភក្តី បញ្ជាក់ថា ដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចំនួនអ្នកឆ្លងមិនមានការថយចុះច្រើននោះទេ គឺនៅតែមានរាប់រយនាក់ក្នុងមួយថ្ងៃដដែល ដូចនេះ អាជ្ញាធររាជធានីមិនទាន់អាចបើកឲ្យបានទូលំទូលាយជាងនេះទេ។
សូមបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅក៏ដោយ ប៉ុន្ដែ រាជធានីភ្នំពេញនៅតែបន្ដបិទខ្ទប់នៅតាមតំបន់មួយចំនួនដែលមានហានិភ័យខ្លាំងខ្ពស់ ហើយតាមសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញ ដែលបានចេញថ្ងៃទី ១១ ខែឧសភា បានឲ្យដឹងថា ការបន្ដបិទខ្ទប់តំបន់មួយចំនួននៅរាជធានីភ្នំពេញ នឹងបន្ដរហូតដល់ថ្ងៃទី ១៩ ខែឧសភា៕