ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យសង្កេតឃើញថា ទាំងវិនិយោគិនក្នុងស្រុក និងក្រៅស្រុក បានចាប់ផ្តើមមានក្តីសង្ឃឹម វិនិយោគលើវិស័យខុនដូនៅកម្ពុជាឡើងវិញហើយ បន្ទាប់ពីវិបត្តិកូវីដ-១៩ បានធ្វើឲ្យសកម្មភាពវិនិយោគនានាស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែកន្លងមក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យរកស៊ីលើវិស័យនេះ ក៏ចាប់ផ្តើមមានប្រតិបត្តិការយ៉ាងផុសផុលឡើងវិញផងដែរ។ អ្នកជំនាញរំពឹងថា ទីផ្សារខុនដូ នឹងមានកំណើនល្អនៅឆ្នាំ២០២២ ជាពិសេសបន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
នាពិធីសម្ពោធបើកការិយាល័យទី៣របស់ក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានគូសបញ្ជាក់ថា ទោះបីពិភពលោករួមទាំងកម្ពុជា ស្ថិតក្នុងវិបត្តិកូវីដ-១៩ ប្រមាណពីរឆ្នាំកន្លងមកនេះ ទីផ្សារខុនដូនៅកម្ពុជានៅតែមានចរន្តទិញលក់ចំពោះគម្រោងដែលផ្តោតលើអតិថិជនក្នុងស្រុក ខណៈបច្ចុប្បន្នសកម្មភាពវិនិយោគ និងទិញលក់ដុនដូចាប់ផ្តើមមានសកម្មភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ។ លោកសង្កេតឃើញថា ភាពល្អប្រសើរនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញ និងលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ហើយលោកសង្ឃឹមថា លំហូរវិនិយោគិនបរទេសនឹងចូលមកសំឡឹងមើលឱកាសវិនិយោគលើវិស័យខុនដូនៅកម្ពុជាកាន់តែច្រើនក្រោយមានការបើកជើងហោះហើរកាន់តែទូលំទូលាយ។
ជុំវិញទីផ្សារខុនដូនៅកម្ពុជានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមទីភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជាសង្កេតឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញរួចមក អតិថិជនក្នុងស្រុកបានចាប់ផ្តើមសកម្មភាពដើរមើល និងរកទិញខុនដូតាមគម្រោងនានាបណ្តើរៗហើយ ដែលធ្វើឲ្យទីផ្សារខុននៅកម្ពុជាមានភាពល្អប្រសើរឡើងវិញមួយកម្រិត។ ប៉ុន្ដែ សម្រាប់ អតិថិជន និងអ្នកវិនិយោគបរទេសមិនទាន់មានសញ្ញាវិជ្ជមានជាដុំកំភួននៅឡើយទេសម្រាប់វិស័យខុនដូនៅកម្ពុជា ទោះបីមានការបើកប្រទេស និងលើកលែកការធ្វើចត្តាឡីស័កក៏ដោយ។ ទោះបីយ៉ាងនេះក្តីលោក ច្រឹក សុខនីម ជឿជាក់ថា វិស័យខុនដូនៅកម្ពុជានឹងមានភាពកំណើនខ្ពស់ក្រោយពិធីបុណ្យចូលឆ្នាំចិននៅឆ្នាំ២០២២ ខាងមុខ។
ពាក់ព័ន្ធទីផ្សារខុនដូនេះដែរ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានលើកឡើងដែរថា ទីផ្សារខុនដូនៅកម្ពុជាបច្ចុប្បន្នភាគច្រើនពឹងផ្អែកលើជនបរទេស ខណៈទំនោរជនជាតិខ្មែរចូលចិត្តរស់នៅតាមផ្ទះដែលមានទីធ្លារធំទូលាយ និងនៅផ្ទាល់ដី ដោយសារកម្ពុជានៅសល់ដីទំនេរច្រើន។ ប៉ុន្តែ អ្នកជំនាញមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យរូបនេះជឿជាក់ថា ទៅថ្ងៃអនាគតទីផ្សារខុនដូ ដែលអាចនឹងជាវិស័យដ៏មានសក្តានុពលនៅកម្ពុជា នឹងគ្រប់ដណ្តប់ភាគច្រើនដោយអ្នកប្រើប្រាស់ក្នុងស្រុក៕