លោក កែវ វី មន្ដ្រីនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បាននិយាយថា អាជ្ញាធរបានជីកជារណ្តៅ ជីកអណ្តូងនិងដឹកទឹករួចហើយសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ននៅតំបន់ទាំងនោះ។
លោក កែវ វី បាននិយាយដូច្នេះថា ៖ «យើងនិយាយពីការខ្វះខាតទឹកប្រើប្រាស់ យើងមាននៅមូលដ្ឋានខេត្តចំនួន៨ ភាគច្រើនគឺនៅភាគពាយ័ព្យ។ បើតាមការព្យាកររបស់ក្រសួងជំនាញ ប្រហែលជាពាក់កណ្តាលខែឧសភា ទើបមានភ្លៀងធ្លាក់។»
លោក កែវ វី បានបន្តថា ប្រទេសកម្ពុជាបានជួបប្រទះការខ្វះខាតទឹកលើកដំបូងនៅឆ្នាំ២០១៦ ដែលពេលនោះ បានប៉ះពាល់ដល់ខេត្តក្រុងចំនួនជាង២០ និងប៉ះពាល់ដល់ប្រជាជនជាង ៣៣ម៉ឺនគ្រួសារ។
សម្រាប់ឆ្នាំនេះ លោក កែវ វី បាននិយាយថា លោកមិនទាន់មានតួលេខដំណាំខូចខាតនិងចំនួនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅឡើយទេ។ លោក កែវ វី បាននិយាថា ការជីកអណ្តូង ជីករណ្តៅ និងដឹកទឹកជូនប្រជាពលរដ្ឋ គឺត្រូវបានធ្វើឡើងរួមគ្នាដោយអាជ្ញាធរក្រសួងធនធានទឹក និង កងទ័ព។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំឱ្យកសិករកុំធ្វើស្រែប្រាំងដោយសារបញ្ហាខ្វះទឹក ហើយបានលើកទឹកចិត្តឲ្យមានការជីកអណ្តូងតាមតំបន់ដែលខ្វះទឹក ជាជាងដឹកទឹកដែលមានការចំណាយថវិកាច្រើន។
បើតាមលោក កែវ វី តំបន់ខ្វះទឹកទាំងនោះ មានដូចជា ខេត្តបាត់ដំបង ដែលខ្វះទឹកនៅស្រុកចំនួនបី គឺស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុករុក្ខគិរី។
អាជ្ញាធរក្រសួងធនធានទឹក បានបង្ហូរទឹកពីខាងទំនប់នៅស្រុករតនមណ្ឌល មកផ្គត់ផ្គង់ទឹកនៅស្រុកមោងឫស្សីនិងស្រុកគាស់ក្រឡ និងមួយផ្នែកទៀត មកបំពេញទឹកក្នុងស្ទឹងមោងឫស្សី ដែលរីងគោកដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់។ ហើយនៅក្នុងស្រុករុក្ខគីរី ដោយសារមិនមានប្រភពទឹក អាជ្ញាធរបានដឹកទឹកជូនប្រជាពលរដ្ឋនិងនៅកន្លែងខ្លះបានជីកអណ្តូង។
នៅក្នុងស្រុកសង្កែ មានការជីកជារណ្តៅនៅតាមដងស្ទឹងសង្កែ ស្ទឹងចាស់ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។ ហើយក៏មានការដឹកជញ្ជូនទឹកនៅក្នុងស្រុកបវេល ផងដែរ។
លោក កែវ វី បាននិយាយថា នៅខេត្តកំពង់ធំ ដោយសារស្ទឹងស្ទោងរីងស្ងួត ដូច្នេះខាងក្រសួងធនធានទឹកបានជីក ១៥រណ្តៅ ដែលមានទំហំធំៗ។
នៅខេត្តកោះកុង ខ្វះទឹកនៅស្រុកមណ្ឌលសីមា ក្រុងខេមរភូមិន្ទ ហើយនៅខេត្តឧត្តរមានជ័យ មានការខ្វះទឹកនៅពន្ធនាគារខេត្ត និងសម្រាប់ទណ្ឌិត។ នៅឧត្តរមានជ័យ អាជ្ញាធរបានជីកស្រះមួយទំហំមួយហិកតា ដើម្បីស្តុកទឹក។
លោក កែវ វី បាននិយាយដូច្នេះថា ៖ «ក្នុងពេលបច្ចុប្បន្ននេះ គឺខាងក្រសួងបានដឹកទឹកដើម្បីផ្គត់ផ្គង់នៅពន្ធនាគារគឺក្នុងមួយថ្ងៃ១០ម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ឲ្យការប្រើប្រាស់របស់បុគ្គលិកពន្ធនាគារ និងទណ្ឌិត។»
នៅក្នុងខេត្តព្រះវិហារ ក៏មានការខ្វះខាតទឹ នៅក្នុងពន្ធនាគារខេត្តដែរ ហើយអណ្តូងមួយក៏បានជីករួចហើយដែរ សម្រាប់ប្រើប្រាស់នៅក្នុងពន្ធនាគារខណៈដែលនៅខេត្តព្រៃវែង មានការខ្វះទឹកនៅស្រុកមេសាង ដែលអាជ្ញាធរបានជីកអណ្តូងចំនួន១៦ នៅក្នុងឃុំចំនួន៨។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា ជាគោលការណ៍គឺមានបទបញ្ជារួចហើយ ដើម្បីដឹកទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋដែលមានការខ្វះខាត ក៏ប៉ុន្តែ ជាអាទិភាព ត្រូវដឹកផ្គត់ផ្គង់ទាហានមុនសិន។
លោក ឈុំ សុជាតិ បាននិយាយដូច្នេះថា៖ «ទាហានបានដឹកទឹកចំនួនជាង ២០០ឡានរួចហើយ ដើម្បីផ្គត់ផ្គង់ទឹកតាមសមរភូមិមុខ តំបន់ខ្ពស់ៗដែលប្រឈមការខ្វះទឹកនិងនៅតាមភូមិភាគ។ ជាគោលការណ៍ យើងដោះស្រាយកងទ័ពនៅជួរមុខសិន ដែលមានការខ្វះទឹក»៕