Advertisement
ការវិនិយោគជប៉ុន

កម្ពុជា លើកទឹកចិត្តវិនិយោគិនជប៉ុន ឲ្យចូលមកវិនិយោគ តាម​គោលនយោបាយ «ថៃបូក១» បន្ថែមទៀត


ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសនៅតាមតំបន់ព្រំដែនថៃ គឺមានភាពអំណោយផល និងស័ក្ដិសមបំផុតសម្រាប់វិនិយោគិនជប៉ុន ចូលមកបណ្ដាក់ទុនវិនិយោគ ស្របទៅតាមគោលនយោបាយ «ថៃបូក១»។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅតែបន្តជំរុញលើកទឹកចិត្តដល់វិនិយោគិនជប៉ុន ឲ្យបន្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត តាមរយៈគោលនយោបាយពិសេសនេះ។
រូបកម្មករកម្មការនី បម្រើការងារនៅក្នុងក្រុមហ៊ុនជប៉ុន​ (AKP)
ដោយ
Advertisement

អ្នកជំនាញ សេដ្ឋកិច្ច បាន​អះអាងថា គោល​នយោបាយ​ ថៃបូក១ នេះ គឺសំដៅ​ដល់​ការទាក់ទាញ​​ក្រុមហ៊ុន​ជប៉ុន​ធំៗ​ ដែលកំពុង​​មាន​ប្រតិបត្តិ​ការ​ក្នុង​ប្រទេសថៃ និងមាន​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម ឲ្យ​ចូល​មកបណ្ដាក់ទុន​វិនិយោគ​​នៅកម្ពុជា​។

ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​បញ្ជាក់​ឲ្យដឹងដែរថា គោលនយោបាយ ថៃបូក១ នេះ គឺកម្ពុជា​មានរៀប​ចំ មកជាច្រើន​ឆ្នាំមកហើយ ប៉ុន្ដែ នៅខ្វះតែ​ការអនុវត្តឲ្យបាន​លឿន និង​ខ្លាំងក្លា ប៉ុណ្ណោះ។ ឯកឧត្តមបន្ថែមទៀតថា តំបន់​សេដ្ឋកិច្ចពិសេស​ប៉ោយប៉ែត គឺ​ជា​តំបន់​ក្ដៅ​គគុក​មួយ​ សម្រាប់​ការអនុវត្ត​គោលនយោបាយ ​ថៃបូក១ នេះ ខណៈដែលបច្ចុប្បន្ន ​មានក្រុមហ៊ុន​​ជប៉ុន​មួយចំនួន ​បាន​ពង្រីកការវិនិយោគ​នៅទីនោះរួចហើយ។ 

ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងទីតូក្យូ​ប្រទេសជប៉ុន នាពេលថ្មីៗនេះ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានលើកឡើងថា ចំពោះ​ក្រុមហ៊ុន​ជប៉ុន ​ដែល​កំពុង​មានមូលដ្ឋាន​នៅប្រទេស​ថៃ ដែលចង់​ពង្រីក​ច្រវាក់​ផលិតកម្ម​ក្រោម​គោល​នយោបាយ​ ថៃបូក១នោះ ការវិនិយោគ​នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់កម្ពុជា នៅតាម​តំបន់ព្រំដែន​ថៃ គឺ​ជាការវិនិយោគ​ដ៏មាន​សក្ដានុពល​​បំផុត។

ឯកឧត្តម សុខ ចិន្តា​សោភា បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​ ដែលបាន​វិនិយោគ​នៅក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ  បាន​រាយការណ៍​ថា ពួកគេ​បាន​មើលឃើញថា ប្រសិទ្ធភាព​នៃការផលិត​នៅ​កម្ពុជា គឺ​មានខ្ពស់​ជាងប្រទេសថៃ ២០%។ 

ទោះយ៉ាងណា ឯកឧត្តម សុខ ចិន្តាសោភា បានសម្ដែងនូវការ​សោកស្ដាយ​ខ្លះដែរ ដែល​កំណើន​នៃការវិនិយោគ​ពីប្រទេស​ជប៉ុន​មកកម្ពុជា​នៅមានទាប ជាងការរំពឹងទុក ប៉ុន្ដែ ឯកឧត្តម ថា កម្ពុជា​នៅតែដឹងគុណ​ជប៉ុន​ចំពោះ​ការរួមចំណែក​របស់​ក្រុមហ៊ុន​ជប៉ុន​ក្នុងការ​ធ្វើពិធិធកម្ម​ឧស្សាហកម្ម និងការផ្ទេរ​បច្ចេកវិទ្យានៅក្នុង​ប្រទេស​កម្ពុជា ដែលកំពុង​ពឹងផ្អែក​ខ្លាំង​លើឧស្សាហកម្ម​កាត់ដេរ។

លោក Masahiro Miyao នាយក​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃប្រទេស​ជប៉ុន (JETRO) ប្រចាំកម្ពុជា ថ្លែងថា​មានការ​លើកឡើងថា ប្រាក់ខែ​អប្បបរមានៅកម្ពុជា​មានកម្រិតខ្ពស់ ប៉ុន្ដែ បើ​ប្រៀបធៀប​ចំណាយ​លើបុគ្គលិក​សរុប​ដោយរួមបញ្ជូល​ទាំងការ​ធានា​រ៉ាប់រង​សង្គម ឃើញថា កម្ពុជា​នៅទាប​ជាង​ប្រទេស​ជិត​ខាង​ប្រមាណ ៣០ % ទៅ ៤០% ឯណោះ។ 

Advertisement

ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ បាន​គូសបញ្ជាក់ទៀតថា បច្ចុប្បន្ន វិនិយោគិន​ពីបណ្ដាប្រទេស​ធំៗ ពិសេស​ជប៉ុន កំពុង​ស្វែងរក​មូលដ្ឋាន​ផលិត​នៅក្នុងប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​កាន់តែច្រើន ហើយ​កម្ពុជា​ក៏កំពុង​ស្ថិត​ក្នុងគោលដៅ​នោះដែរ ព្រោះបើធៀប​នឹងថៃ កម្ពុជា​នៅមាន​ភាពប្រកួតប្រជែង​ច្រើន​ពិសេស​គឺ កម្លាំងពលកម្ម​ដែលមានតម្លៃទាប។

បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច​ដ៏ល្បីរូបនេះ តាម​បទពិសោធន៍​ល្អ​លើការប្រើប្រាស់​បច្ចេកវិទ្យា និង​ភាពជំនាញ​ការ​ខាង​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ខ្នាតតូច និងមធ្យម របស់​វិនិយោគិន​ជប៉ុន កម្ពុជា ពិតជា​ត្រូវការ​ការវិនិយោគ​របស់​ជប៉ុន​កាន់តែច្រើន​ថែមទៀត ដើម្បី​ធ្វើពិពិធកម្ម​ទីផ្សារ​ឧស្សាហកម្មរបស់ខ្លួន  ខណៈបច្ចុប្បន្ន​ កម្ពុជា​នៅតែពឹងផ្អែក​ធំនៅឡើយ​លើវិស័យ​កាត់ដេរ ដែលមាន​តម្លៃ​បន្ថែម​ទាប។ 

ម្យ៉ាងទៀត ប្រព័ន្ធ អនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ក៏កំពុង​ដែល​ស្ថិត​នៅក្នុង​ដំណើរការ​ឆ្ពោះ​ទៅរក​ការព្យួរ ដូច្នេះ កាលៈទេសៈនេះ កម្ពុជា​ចាំបាច់​ត្រូវ​ខិតខំ​ខ្លាំងបន្ថែមទៀត​​ដើម្បី​បង្កើត​ផលិតផល​ថ្មីៗ​ដែលមានតម្លៃ​បន្ថែមខ្ពស់ និង​រកទីផ្សារ​បន្ថែម​ជាជាង​ពឹងផ្អែក​ខ្លាំង​លើទីផ្សារតែមួយ។

ស្របពេល​ដែល​ប្រព័ន្ធអនុគ្រោះពន្ធ EBA កំពុង​ស្ថិត​ក្នុងភាព​រង្គោះរង្គើនេះដែរ គេសង្កេត​ឃើញថា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ខិតខំ​ធ្វើកំណែ​ទម្រង់​វិស័យ​សាធារណៈ​ដូចជា​សម្រួល​ដល់​និតីវិធី​ក្នុងការនាំចេញ​នាំចូល​ទំនិញ ដោយមានការ​ដក កាំកុងត្រូល​ចេញពី​មាត់​ច្រក​ព្រំដែន និងការរំលាយ​កាំសាបជាដើម ព្រមទាំង​មាន​ការ​កាត់បន្ថយ​ថ្លៃអគ្គិសនី​នៅទាបជាងមុនជាដើម។ 

គួរបញ្ជាក់ថា ក្នុងរយៈពេល១​ឆ្នាំពេញ ឆ្នាំ២០១៨ កម្ពុជាបាន​ធ្វើការនាំចេញ​ទំនិញ​ទៅជប៉ុន មានតម្លៃ​ជាទឹកប្រាក់ជាង ១.៦០០​លានដុល្លារ ដោយបាន​កើនឡើង​ជាង ២៧ ភាគរយ ខណៈជប៉ុន​នាំចូល​មក​កម្ពុជាវិញ​ក្នុងទឹកប្រាក់ ជាង ៤២០ លានដុល្លារ កើនឡើង​ជាង ១៧ភាគរយ ធៀបនឹង​ឆ្នាំ២០១៧។ នេះបើតាម​ទិន្នន័យពាណិជ្ជកម្ម​ពីអង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន JETRO។

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ឋាគារនៅអាមេរិក ក៏មានចោរ​ចូល​លួច​ដល់​ក្នុង​បន្ទប់ដែរ!

ព័ត៌មាន
ផលិតករ​ភាពយន្តជនជាតិវៀតណាម លោក តាន់ ដួង និង​ដៃគូ​របស់​គាត់ បាន​និង​កំពុង​ស្នាក់នៅ​ក្នុង​សណ្ឋាគារមួយ ឈ្មោះ Travelodge នៅ​កណ្ដាល​ទ...

តំបន់​នៅ​ខេត្ត​ចំនួន​៨ រួម​ទាំង​ពន្ធនាគារ កំពុង​ខ្វះ​ខាត​ទឹក​ប្រើប្រាស់

ព័ត៌មាន
តំបន់​មួយ​ចំនួន​នៅ​ខេត្ត​ចំនួន៨ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​ភូមិ​ភាគ​ពាយ័ព្យ កំពុង​តែ​ខ្វះខាត​ទឹក​ប្រើប្រាស់ រួមទាំង​ពន្ធនាគារ​ចំនួន​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ