បើតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ប្រទេសម៉ាឡេស៊ី គឺជាទីផ្សារធំជាគេនៅក្នុងតំបន់អាស៊ាន និងស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ លើទីផ្សារអន្តរជាតិ ដែលជាប្រទេសបាននាំចូលអង្ករកម្ពុជា ច្រើនជាងគេបន្ទាប់ពីប្រទេសចិនដែលឈរក្នុងលំដាប់លេខ១ និងប្រទេសបារាំងឈរនៅលំដាប់លេខ២។ បើតាមការគូសបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ការដឹកជញ្ជូនអង្ករទៅកាន់ប្រទេសម៉ាឡេស៊ី មានភាពងាយស្រួល និងស្ថិតនៅជិតប្រទេសកម្ពុជាផងនោះ ជាហេតុធ្វើឲ្យម៉ាឡេស៊ី ជាទីផ្សារដ៏មានសក្ដានុពលសម្រាប់កម្ពុជា ក្នុងការនាំចេញអង្ករ។
យោងតាមរបាយការណ៍ដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសម៉ាឡេស៊ី ជាប្រទេសធំជាងគេ នៅក្នុងសហគមន៍អាស៊ាន ដែលទិញអង្កររបស់កម្ពុជា ហើយក៏ជាប្រទេសធំជាងគេទី៣ ក្នុងចំណោម ៩០គោលដៅ ដែលបាននាំចេញក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ។ ពោលចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២១ អង្ករកម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារម៉ាឡេស៊ី មានបរិមាណសរុប ជាង២០ម៉ឺនតោន ឬស្មើជិត ៧ភាគរយ នៃបរិមាណនាំចេញសរុប ៣ លានតោន។ ដោយឡែក នៅក្នុងឆ្នាំ២០២១ កម្ពុជាបានធ្វើការនាំចេញអង្ករក្រអូប ទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី បានប្រមាណ ៤ម៉ឺន៦ពាន់តោន ដែលគិតជាទឹកប្រាក់មានប្រមាណ ៣២លានដុល្លារ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ដូច្នេះ បច្ចុប្បន្ន អង្ករកម្ពុជា ហាក់កាន់តែមានទីផ្សារសម្រាប់ប្រជាជនម៉ាឡេស៊ី ខណៈប្រទេសវៀតណាមវិញ គឺជាទីផ្សារធំដែរសម្រាប់ការនាំចេញស្រូវរបស់កម្ពុជា។ បើតាមលោក លន់ យ៉េង តម្លៃនាំចេញអង្ករ ទៅកាន់ទីផ្សារនៅតំបន់អាស៊ាន និងអឺរ៉ុប រួមទាំងប្រទេសចិន សុទ្ធតែមានតម្លៃដូចគ្នា ក៏ប៉ុន្តែខុសគ្នានៅត្រង់តម្លៃដឹកជញ្ជូន ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងប្រទេសម៉ាឡេស៊ី ប្រជាជនដែលមានវ័យចំណាស់ភាគច្រើនបានស្គាល់កេរ្តិ៍ឈ្មោះអង្ករក្រអូបកម្ពុជា តាំងពីសម័យមុនសង្គ្រាម ដែលកម្ពុជាធ្លាប់បាននាំចេញទៅលក់នៅទីនោះ ខណៈនៅសម័យកាលនោះអង្ករក្រអូបកម្ពុជាពូជស្រូវឈ្មោះ «សូម៉ាលី» ដែលបច្ចុប្បន្ន អង្ករដែលវេចខ្ចប់ ដោយដាក់ឈ្មោះ«សូម៉ាលី» គឺនៅតែបន្តពេញនិយមនៅក្នុងទីផ្សារ ប្រទេសម៉ាឡេស៊ី។ ប្រទេសម៉ាឡេស៊ី ជាទីផ្សារដែលមានសក្តានុពល និងស័ក្តិសមបំផុតម្រាប់ការនាំចេញអង្កររបស់កម្ពុជា ដោយសារការដឹកជញ្ជូនមានរយៈចម្ងាយជិត ងាយដឹក។ នេះជាការបញ្ជាក់បន្ថែមពីសហព័ន្ធស្រូវអង្ករកម្ពុជា។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជា បាននាំចេញអង្ករ ជាង៦១ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ។ ដោយឡែក រយៈពេល ២ខែដំបូងក្នុងឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញអង្ករ ជាង១០ម៉ឺនតោន។ គោលដៅនាំចេញអង្ករសំខាន់ៗ របស់កម្ពុជា មានដូចជា ទីផ្សារអឺរ៉ុប ប្រទេសចិន និងតំបន់អាស៊ាន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕