នៅពេលដែល ប្រទេសអែលសាល់វ៉ាឌ័រ ចាប់ផ្តើមទទួលស្គាល់ Bitcoin បានធ្វើឲ្យប្រព័ន្ធកាបូបលុយអេឡិចត្រូនិក (E-wallet)របស់ប្រទេសនេះជាប់គាំងនៅថ្ងៃដំបូងតែម្តង ដោយសារតែមានអ្នកប្រើប្រាស់ច្រើនលើសពីការរំពឹងទុក ហើយប្រធានាធិបតី ប៊ូកេឡេ បញ្ជាឲ្យកាត់ផ្តាច់ប្រព័ន្ធជាបណ្តោះអាសន្ន ដើម្បីកែសម្រួលឡើងវិញ។
ការជួញដូរទិញ-លក់ រូបិយវត្ថុ Bitcoin អាចធ្វើឡើងដោយប្រើប្រាស់ប្រព័ន្ធកាបូបលុយអេឡិចត្រូនិក (E-wallet) ដែលមានឈ្មោះថា Chivo ដែលសាច់ប្រាក់ អាចដកចេញជាប្រាក់ដុល្លារអាមេរិក នៅតាមម៉ាស៊ីន ATMs ជាង ២០០កន្លែង ដែលបានដំឡើងនៅទូទាំងប្រទេសអែលសាល់វ៉ាឌ័រ។យ៉ាងណាក៏ដោយ ការតវ៉ាប្រឆាំងនឹង រូបិយវត្ថុ Bitcoin ក៏ចាប់ផ្តើមផ្ទុះឡើង ដោយសារតែ មានមន្ទិលសង្ស័យ និងការភ័យខ្លាចជាច្រើន ចំពោះផលប៉ះពាល់នៃ បម្រែបម្រួលរូបិយប័ណ្ណ មកលើសេដ្ឋកិច្ចប្រទេស ដែលទន់ខ្សោយស្រាប់។
ប្រធានាធិបតី ប៊ូកេឡេ បានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់ រូបិយវត្ថុ Bitcoin ជាការបើកផ្លូវឲ្យ ប្រជាជននៃប្រទេសអែលសាល់វ៉ាឌ័រ ស្គាល់ពីសេវាកម្មធនាគារ ជាលើកដំបូងរបស់ពួកគេ និងជួយឲ្យពួកគេអាចសន្សំប្រាក់ប្រមាណ ៤០០លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដែលពួកគេតែងតែចំណាយលើ ថ្លៃសេវាផ្ញើប្រាក់ពីបរទេស។
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា ការផ្ញើប្រាក់ពីបរទេស មកកាន់ប្រទេសអែលសាល់វ៉ាឌ័រ គឺមានទំហំដល់ទៅ ២០% នៃ GDP របស់ប្រទេសមួយនេះ ដែលកាលពីឆ្នាំ ២០២០ សម្រេចបានជិត ៦ពាន់លានដុល្លារអាមេរិក ហើយប្រាក់បញ្ញើនេះ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ច ដែលបានធ្លាក់ចុះ ៨% ក្នុងឆ្នាំ ២០២០ ដោយសារតែវិបត្តិមេរោគកូវីដ១៩។
ទោះយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលជាច្រើន បានស្នើដល់ រដ្ឋាភិបាលអែលសាល់វ៉ាឌ័រ ឲ្យលុបចោលនូវច្បាប់ថ្មីនេះ ដោយពួកគេមានក្តីព្រួយបារម្ភខ្លាំងចំពោះ បម្រែបម្រួលខ្លាំងនៃរូបិយវត្ថុអេឡិចត្រូនិក។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានលើកឡើងដែរថា ការប្រើប្រាស់រូបិយវត្ថុ Bitcoin ស្របច្បាប់ នឹងបង្កើនបញ្ហាជាច្រើន នៅក្នុងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងច្បាប់របស់ប្រទេស។
សូមជម្រាបផងដែរថា រូបិយវត្ថុអេឡិចត្រូនិក Bitcoin ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដែលមានតម្លៃមិនដល់ ១ដុល្លារអាមេរិកនោះតែ តែចូលមកដល់ខែមេសា ឆ្នាំ ២០២១នេះ តម្លៃវាបានកើនឡើងដល់ ៦ម៉ឺន ៥ពាន់ដុល្លារអាមេរិក ទោះយ៉ាងណា វាបន្តធ្លាក់ចុះមកនៅត្រឹម ៤ម៉ឺន ៦ពាន់ដុល្លារអាមេរិក នៅថ្ងៃទី ៧ ខែកញ្ញានេះ៕អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍