យោងតាមទិន្នន័យផ្លូវការពីស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បង្ហាញថា ទុនបម្រុងអន្តរជាតិ សរុបទូទាំងពិភពលោក គិតត្រឹមឆ្នាំ២០២៤ នេះមានចំនួន១១,៥ទ្រីលានដុល្លារអាម៉េរិក ហើយអ្វីដែលជាការកត់សម្គាល់ឃើញថា ប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់រហូតដល់ទៅជិត៦០% ឯណោះ នៃទុនបម្រុងអន្តរជាតិ របស់ពិភពលោកទាំងមូល ដែលធ្វើឱ្យវាក្លាយជារូបិយប័ណ្ណបរទេសបម្រុងដ៏សំខាន់បំផុតរបស់ពិភពលោក។
ទិន្នន័យលម្អិតបង្ហាញថា ប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់ហូតដល់ទៅ៥៩% នៃទុនបម្រុងអន្តរជាតិ របស់ពិភពលោកទាំងមូល ឬស្មើនឹងជិត៦,៨ទ្រីលានដុល្លារ ខណៈប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណរួមរបស់សហភាពអឺរ៉ុប មានចំណែកគ្របដណ្ដប់២០% ឬស្មើនឹងជិត២,៣ទ្រីលានដុល្លារ ចំណែកឯប្រាក់យ៉េនរបស់ជប៉ុន មានចំណែកគ្របដណ្ដប់៦% ឬស្មើនឹង៦៥៤ពាន់លានដុល្លារ។
ទន្ទឹមនេះប្រាក់ផោនរបស់អង់គ្លេស មានចំណែកគ្របដណ្ដប់៥% ឬស្មើនឹង៥៦២ពាន់លានដុល្លារ ប្រាក់ដុល្លារកាណាដា មានចំណែកគ្របដណ្ដប់៣% ឬស្មើនឹង២៩៥ពាន់លានដុល្លារ ប្រាក់ដុល្លារអូស្ត្រាលីមានចំណែកគ្របដណ្ដប់២% ឬស្មើនឹង២៤៨ពាន់លានដុល្លារ។
ហើយចុងក្រោយគេ គឺប្រាក់យន់របស់ប្រទេសចិន មានចំណែកគ្របដណ្ដប់២% ឬស្មើនឹង២៤៧ពាន់លានដុល្លារ ចំណែកឯរូបិយប័ណ្ណសំខាន់ៗផ្សេងទៀតមានចំណែកគ្របដណ្ដប់៤% ឬស្មើនឹង៤៦០ពាន់លានដុល្លារ៕
ដោយ: តែម សុខុម