ការសម្រេចឲ្យមានការនាំចេញអង្ករ ស ឡើងវិញជាបណ្តើរៗរបស់រដ្ឋាភិបាល នាពេលនេះ ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជាចាត់ទុកថា ជាការសម្រេចមួយដ៏ត្រឹមត្រូវ និងទាន់ពេលវេលា ខណៈមើលឃើញថា ផលិតកម្មស្រូវនៅកម្ពុជាមានចំនួនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវក្នុងស្រុក និងនៅតែអាចនាំចេញបាន និងជាងនេះទៀត គឺជាការគិតគូរទៅដល់ប្រទេសដែលកំពុងមានតម្រូវការស្បៀងអាហារ គឺអង្ករនេះតែម្តង។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ការសម្រេចបើកឲ្យមានការនាំចេញអង្ករ ស ឡើងវិញនេះ គឺជាការផ្តល់នូវទឹកចិត្តជួយសង្គ្រោះមួយទៅដល់ប្រទេសផ្សេងៗ ដែលកំពុងមានតម្រូវការអង្ករជាអាហារដ៏សំខាន់ និងមួយទៀត គឺជួយសម្រួលដល់សមាជិកអ្នកនាំចេញ និងម្ចាស់រោងម៉ាស៊ីន ដែលបានជួយទិញស្រូវពីប្រជាកសិករដែលបានប្រមូលផលកន្លងមកនេះ ដែលពួកគាត់មាននៅសល់ស្រូវក្នុងស្តុក ដែលគិតថា នឹងអាចមានលទ្ធភាពកិន និងកែច្នៃ បង្កើតជាសកម្មភាពអាជីវកម្មឡើងវិញស្របពេលដែលចំណែកស្រូវប្រាំងក៏អាចប្រមូលផលក្នុងពេលឆាប់ៗខាងមុខនេះបានផងនោះ។
លោកឧកញ៉ាបន្ថែមថា នេះជាពេលវេលាមួយដ៏សមរម្យបំផុតរបស់រដ្ឋាភិបាលដែលបានធ្វើកិច្ចការនេះយ៉ាងល្អិតល្អន់ដើម្បីទទួលបានជោគជ័យទៅលើការដោះស្រាយនូវវិបត្តិនៃស្បៀងអាហារ។ ហើយក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធ សូមថ្លែងអំណគុណដ៏ជ្រាលជ្រៅ ដែលរដ្ឋាភិបាលបានគិតគូរឲ្យមានការនាំចេញអង្ករ ស នេះសាឡើងវិញ ដែលនេះជាផ្នែកមួយក្នុងការគាំទ្រដល់សេដ្ឋកិច្ចកសិករខ្នាតតូចៗ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាចបន្តសកម្មភាពអាជីវកម្មឆ្លើយតបនឹងតម្រូវការទីផ្សារ។
លោកឧកញ៉ាបានឲ្យដឹងទៀតថា អ្វីដែលសហព័ន្ធទទួលបានការអនុញ្ញាតឲ្យមានការនាំចេញអង្ករសបាននាពេលនេះ គឺទៅលើតែអ្វីដែលសមាជិកសហព័ន្ធ រួមនិងអ្នកនាំចេញ បានធ្វើកិច្ចសន្យាជាមួយអ្នកបញ្ជាទិញតែប៉ុណ្ណោះ ដូច្នេះ យើងសង្ឃឹមថា ការចុះកិច្ចសន្យាដែលក្រុមហ៊ុនក្នុងស្រុកបានធ្វើជាមួយអ្នកបញ្ជាទិញនោះ នឹងអាចធ្វើការនាំចេញបាន ខណៈការសម្រេចឲ្យមានការនាំចេញអង្ករសបាននាពេលនេះ មិនទាន់ចាត់ទុកថា ជាការអនុញ្ញាតដោយសេរីនោះឡើយ។
នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ លោកឧកញ៉ា សុង សារ៉ន បានអះអាងថា ប្រទេសណាក៏នឹងមានតម្រូវការអង្ករកើនឡើងដូចៗគ្នាដែរ រួមទាំងប្រទេសដែលជាអ្នកដំាំផង រួមជាមួយអាមេរិក និងអឺរ៉ុប ក៏មានតម្លៃផលិតកម្មស្រូវកើនឡើងដែរ។ ដោយគិតមកដល់ត្រីមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករសក្នុងបរិមាណ ១៥ភាគរយ ស្មើនឹងជាង ៦ម៉ឺនតោន៕