លោក ជេក តេហ្សីរ៉ា (Jack Teixeira) អាយុ ២១ ឆ្នាំ ត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រ សប្ដាហ៍មុន អំឡុងសវនាការក្នុងតុលារការទីក្រុងបុស្តុន (Boston) រដ្ឋម៉ាសាជូសេតស៍ សហរដ្ឋអាមេរិក ចំពោះការយកចេញនិងការរក្សាទុកដោយគ្មានការអនុញ្ញាតនូវព័ត៌មានការពារជាតិសម្ងាត់។ វាជាការបំពានមួយដែលបានបង្កឱ្យមានភាពចលាចលជាអន្តរជាតិ ដោយសារតែការលេចធ្លាយឯកសារស្ដីពីការវាយតម្លៃជាក់លាក់ពីសំណាក់ចារកម្មអាមេរិក លើស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន និងអាថ៌កំបាំងរបស់រដ្ឋាភិបាលអាមេរិកជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន។ ក្នុងថ្ងៃដដែលនោះ ចៅក្រមទីក្រុង បុស្តុន បានបញ្ជាឱ្យឃុំខ្លួនចុងចោទ តេហ្សីរ៉ា រហូតដល់ថ្ងៃបើកសវនាការជាថ្មីក្នុងសប្តាហ៍នេះ។
តេហ្សីរ៉ា បានធំធាត់នៅសង្កាត់ ឌីថុន (Dighton) ភាគខាងត្បូងនៃទីក្រុង បុស្តុន ដោយមានផ្ទះ និងគ្រួសារតូចមួយ ព្រមទាំងកសិដ្ឋានតូចៗនៅទីនោះ។ មិត្តរួមថ្នាក់របស់ តេហ្សីរ៉ា ពីរនាក់ បានប្រាប់កាសែត ឌិ បុស្តុន គ្លូប (The Boston Globe) ថា គេបានចូលបម្រើក្នុងយោធា ហើយបង្ហាញពីចំណាប់អារម្មណ៍ដំបូងក្នុងការចូលរួមក្នុងជួរកងទ័ព។ គេបានគេយកចិត្តទុកដាក់ជាពិសេសលើប្រវត្តិសាស្រ្តសង្គ្រាមនិងអាវុធ។
កំណត់ត្រាយោធាឱ្យដឹងថា ជេក តេហ្សីរ៉ា (Jack Teixeira) បានចុះឈ្មោះនៅក្នុងកងឆ្មាំជាតិការពារដែនអាកាស ក្នុងខែកញ្ញា ឆ្នាំ២០១៩។ គេបានបញ្ចប់ការសិក្សាពីវិទ្យាល័យតំបន់ ឌីថុន រីហូបូ (Dighton-Rehoboth) នៅឆ្នាំបន្ទាប់។
ថ្មីៗនេះ តេហ្សីរ៉ាត្រូវបានដំឡើងឋានៈជាអ្នកបើកយន្តហោះលំដាប់ថ្នាក់លេខ ១ (Airman 1st Class) ហើយត្រូវបានចាត់តាំងឱ្យទៅបម្រើការនៅមូលដ្ឋានស៊ើបការណ៍យោធាទី 102 នៃមូលដ្ឋានទ័ពអាកាសរដ្ឋម៉ាសាជូសេតស៍ ដែលនៅទីនោះហើយ តេហ្សីរ៉ា ត្រូវបានចុះបញ្ជីជាឆ្មាំការពារតាមប្រព័ន្ធគមនាគមន៍តាមអ៊ីនធឺណិត។ ថ្វីបើគាត់មានឋានៈទាបក៏ដោយ តំណែងខាងបច្ចេកវិទ្យាអ៊ីនធឺណិតនេះបានផ្តល់ឱ្យ តេហ្សីរ៉ានូវទំនួលខុសត្រូវក្នុងការថែរក្សាបណ្តាញកុំព្យូទ័រ ជាមួយនឹងសិទ្ធិចូលប្រើព័ត៌មានសម្ងាត់របស់យោធា។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ជ្រាបច្បាស់ថាតើមកពីមូលហេតុអ្វីបានជាឆ្មាំដែនអាកាសរូបនេះសម្រេចបង្ហោះឯកសារសម្ងាត់យោធាក្នុងអ៊ីនធឺណិតនោះទេ ប៉ុន្តែបើតាមអ្នកស្គាល់គ្នា និងសមាជិកមួយចំនួន ក្នុងបណ្ដាញសង្គម ឌីស្កត (Discord), តេហ្សីរ៉ា មានក្ដីបារម្ភថាអំណាចរបស់រដ្ឋាភិបាលសហព័ន្ធកើនឡើងខ្លាំងពេក។
ចំណែកអ្នកផ្សេងទៀតថា គេគ្រាន់តែចង់បង្អួតនូវអ្វីដែលគេមានក្នុងដៃ ជាជាងមានបំណងជូនដំណឹងដល់សាធារណជន អំពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក។
ដោយគ្មានភស្តុតាងច្បាស់លាស់ណាមួយ អ្នកស្តាំនិយមមួយចំនួនបានចាប់ផ្តើមសាទរទង្វើរបស់ តេហ្សីរ៉ា ដោយលើកឡើងថា គេជាមនុស្សម្នាក់ដែលមានបំណងលាតត្រដាងការពិតនៅក្នុងរដ្ឋបាលលោក ចូ បៃដិន និងរារាំងការចូលខ្លួនកាន់តែជ្រៅរបស់សហរដ្ឋអាមេរិកទៅក្នុងសង្គ្រាមនៅអ៊ុយក្រែន៕