ការនិយាយចំៗពីអង្គការសុខភាពពិភពលោកចំពោះគោលនយោយបាយគ្មានកូវីដ១៩របស់ចិននេះ ត្រូវបានគេមើលឃើញថា គឺជាការថ្លែងជាសាធារណៈដ៏កម្រមួយរបស់អង្គការនេះចំពោះប្រទេសចិន។
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានមួយថា លោកមិនគិតថា គោលនយោបាយគ្មានកូវីដ ឬ Zero Covid របស់ចិនមានស្ថិរភាពនោះទេ បើគេពិចារណាទៅលើសមត្ថភាពនៃការឆ្លងមេរោគកូវីត១៩ នៅពេលខាងមុខ។
លោកបានអះអាងថា WHO បានពិភាក្សាបញ្ហានេះជាមួយអ្នកជំនាញចិនរួចហើយថា វិធីសាស្ត្របិទខ្ចប់ប្រទេសនេះ គ្មានប្រសិទ្ធភាពបានយូរអង្វែងទេ ហើយវាក៏បានបង្កផលប៉ះពាល់ទៅសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។
ទន្ទឹមនឹងនោះ WHO ក៏បានបង្អុលបង្ហាញថា ការប្រើប្រាស់វិធីសាស្ត្រការពារ តាមរយៈការរក្សាគម្លាត ការពាក់ម៉ាស់ និង ការបាញ់អាកុល គឺជាជម្រើសដ៏ល្អប្រសើរមួយ ដូចដែលប្រទេសជាច្រើននៅក្នុងពិភពកំពុងអនុវត្ត។
នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការ WHO លោក Mike Ryan បាននិយាយថា ផលប៉ះពាល់នៃគោលនយោបាយគ្មានកូវីដរបស់ចិន មិនត្រឹមតែបានរំខានដល់ខ្សែរចង្វាក់ផលិតកម្មនៅក្នុងស្រុក និង ទីផ្សាសកលនោះទេ ប៉ុន្តែបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសក៏ត្រូវទទួលរងផលប៉ះពាល់ផងដែរ។
ជាក់ស្តែង វិធានការបិទខ្ទប់នៅក្នុងទីក្រុងសៀងហៃមានភាពតឹងរ៉ឹងជាខ្លាំង ខណៈប្រជាជនជាច្រើនទទួលរងនៅការខ្វះខាតស្បៀងអាហារប្រើប្រាស់ ដោយសារការមិនអនុញ្ញាត្តឲ្យធ្វើដំណើរចេញក្រៅពីបរិវេនមុខផ្ទះ ហើយការដឹកជញ្ចួនត្រូវបានរឹតបន្តឹង និង ប្រតិបត្តិការណ៍របស់ក្រុមហ៊ុនជាច្រើនត្រូវបានផ្អាកដំណើរការ។
គោលនយោបាយគ្មានកូវីដ របស់ប្រទេសចិនទទួលបានការរិះគន់ជាខ្លាំង រាប់ចាប់ពីអ្នកវិទ្យាសាស្ត្ររហូតដល់ប្រជាពលរដ្ឋរបស់ខ្លួន ដ្បិតថាវិធានការនេះ បានដាក់ដាក់ចេញនូវការបិទខ្ទប់មនុស្សរាប់លាននាក់នៅក្នុងទីក្រុង ធ្វើឲ្យពួកគេជាប់ការលំបាកជាច្រើន។
សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់អង្គការ WHO ចំពោះគោលនយោបាយ Zero Covid របស់ចិននេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំរបស់ប្រទេសចិនបានធ្វើការតាំងចិត្តម្តងទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ជាមួយនឹងវិធានការតឹងរ៉ឹង និង បានគំរាមចាត់វិធានការប្រឆាំងនឹងអ្នករិះគន់ បើទោះបីជាការបិទខ្ទប់ដ៏តឹងតែង និង អូសបន្លាយពេលយូធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ខ្លួនក៏ដោយ៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន