ប្រធានក្រុមអ្នកវិទ្យាសាស្ត្រអង្គការសុខភាពពិភពលោក លោកស្រី សូអូមយ៉ា ស្វាមីណាថា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គការសុខភាពពិភពលោក ថា វាមាននិន្នាការគ្រោះថ្នាក់បន្តិចបន្តួច ស្របពេលដែលយើងមិនមានទិន្នន័យ ព្រមទាំងភស្តុតាង គ្រប់គ្រាន់ទាក់ទងនឹងការចាក់វ៉ាក់សាំងលាយគ្នានោះទេ។ ទិន្នន័យទាក់ទងនឹងការចាក់វ៉ាក់សាំងលាយឡំគ្នានេះ គឺនៅមានកម្រិត។ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រអង្គការសុខភាពពិភពលោក បន្ថែមថា វាអាចនឹងមានបញ្ហាច្របូកច្របល់នៅក្នុងប្រទេស ប្រសិនបើពលរដ្ឋនាំគ្នាគិតចង់ចាក់វ៉ាក់សាំងដូសទី ២ ទី៣ ឬ ដូសទី៤ ជាមួយប្រភេទវ៉ាក់សាំងផ្សេងៗគ្នានោះ។
លោកស្រីសូអូមយ៉ា បន្ថែមទៀតថា វានឹងធ្វើឲ្យស្ថានការណ៍ច្របូកច្របល់នៅបណ្តាប្រទេសនានា ប្រសិនបើប្រជាជនចាប់ផ្តើមចាក់វាក់សាំងដូសទីពីរ ទីបី និង ទីបួននោះ។ អ្នកជំនាញជំងឺធ្លងបានកំពុងសិក្សាពីប្រសិទ្ធិភាពនៅពេលដែលប្រជាជនទទួលវាក់សាំងដូសទីមួយ Johnson និង Johnson ហើយទទួលប្រភេទ Pfizer or Moderna នៅដូសបន្ទាប់សម្រាប់ការពារវីរុស covid 19 ប្រភេទ delta។
ជាងនេះទៅទៀត ក្រុមហ៊ុនផលិត ប្រភេទ Pfizer កំពុងជំរុញឲ្យនិយ័តករសហរដ្ឋអាមេរិក និង អឺរ៉ុប ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់នូវដូសទីបី បន្ថែមទៀត។ ប៉ុន្តែមន្ត្រីសុខភាព រួមទាំងអ្នកជំនាញវិទ្យាសាស្ត្រសុខភាពពិភពលោក បានលើកឡើង មិនមានភស្តុតាងវេជ្ជសាស្ត្រដែលថា ដូសទីបី គឺតម្រូវការចាំបាច់នោះទេ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា វាផ្អែកទៅលើវិទ្យាសាស្ត្រ និង ទិន្នន័យ វាមិនមែនទៅលើការសម្រេចចិត្តរបស់ក្រុមហ៊ុននោះទេ។
ពិសេសជាងនេះទៀត អគ្គលេខាធិការអង្គការសុខភាពពិភពលោក បានជំរុញឱ្យក្រុមប្រទេសអ្នកមាន គួរតែគិតគូពីប្រទេសមួយចំនួន ដែលមិនទាន់មានវ៉ាក់សាំងចាក់ឱ្យប្រជាជន ជាជាង គិតគូរឿងចាក់វ៉ាក់សាំងដូសទី៣នេះ។ អគ្គលេខាធិការអង្គការសុខភាពពិភពលោក បន្ថែមទៀតថា គម្លាតនៃការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅលើពិភពលោក គឺមិនស្មើភាព និងនៅមានវិសមភាពនៅឡើយ៕
អត្ថបទ៖ សុខ សិទ្ធិការ្យ