ប្រទេសថៃ

ជនបរទេសចូលកម្សាន្ដប្រទេសថៃ អាចនឹងត្រូវបង់ថ្លៃសេវា ៩ដុល្លារ ចាប់ពីខែមិថុនាតទៅ


ប្រទេសថៃ គ្រោងនឹងចាប់ផ្តើមគិតថ្លៃសេវាប្រមាណ ៣០០បាត ឬប្រហែលស្មើនឹង ៩ដុល្លារអាមេរិក ពីភ្ញៀវទេសចរបរទេស ចាប់ពីខែមិថុនា ឆ្នាំ២០២៣ខាងមុខតទៅ។ បើតាមការបញ្ជាក់របស់រដ្ឋាភិបាលថៃ លុយដែលប្រមូលបាននេះ នឹងយកទៅជួយភ្ញៀវទេសចរ ក្នុងករណីដែលនរណាម្នាក់ជួបឧបទ្ទវហេតុអំឡុងពេលដើរលេងក្នុងប្រទេសខ្លួន និងយកទៅអភិវឌ្ឍតំបន់គោលដៅទេសចរណ៍ផងដែរ។ ទោះយ៉ាងណា ការគិតថ្លៃសេវាបន្ថែមនេះ ទំនងជាត្រូវបានគេបញ្ចូលបន្ថែមជាថ្លៃមួយសំបុត្រយន្តហោះតែម្តង។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuter។
ថៃគ្រោងយកថ្លៃ ៩ដុល្លារពីភ្ញៀវបរទេស ចាប់ពីខែមិថុនាតទៅ

លោក ភីផាត់ រ៉ាចហាគីតប្រាកាន់(Phiphat Ratchakitprakan) រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ថៃ បាន​និយាយថា ប្រាក់៩ដុល្លារនេះមិនមែនត្រូវប្រមូល​ពីជនបរទេសទាំងអស់ដែលចូលមកក្នុងប្រទេសថៃឡើយ។ សម្រាប់​ជនបរទេសណា ​ដែល​មានកាតធ្វើការងារក្នុងប្រទេសថៃ (Working Permit) និងកាតឆ្លងកាត់ព្រំដែន (Border Pass) នឹងមិនត្រូវបង់ថ្លៃសេវានេះបន្ថែមឡើយ។

បើតាមរដ្ឋមន្រ្តីរូបនេះដដែល ប្រទេសថៃ រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ២៥លាននាក់​នៅក្នុងឆ្នាំ​២០២៣នេះ។ ជាមួយគ្នានេះ ការចំណាយ​ក្នុងវិស័យទេសចរណ៍​ ត្រូវបានព្យាករថា នឹងឈានដល់​ជាង៧១ពាន់លានដុល្លារ។

មែនទែនទៅ ផែនការ​កៀងគរលុយពីភ្ញៀវទេសចរនេះ គឺ​ធ្វើឡើង​តាំងពីឆ្នាំមុនមកម្ល៉េះស្របពេល​មានករណីផ្ទុះរាតត្បាត​កូវីដ១៩ ប្រភេទអូមីក្រុង ប៉ុន្តែការអនុវត្តត្រូវបានពន្យារពេល។ អាជ្ញាធរ​ទេសចរណ៍ថៃ បាន​បញ្ជាក់កាល​ពីពេលនោះថា ក្នុងពេល​ដែល​ធានារ៉ាប់រងមិន​មាន​សម្រាប់​ភ្ញៀវទេសចរ នោះ​វាបានក្លាយជាបន្ទុករបស់​​អាជ្ញាធរក្រុងបាងកក ក្នុងការថែទាំពួកគេ។

សូមជម្រាប​ថា ថ្មីៗនេះប្រទេសថៃ បានចេញសេចក្តីណែនាំឡើងវិញ នូវការត្រួតពិនិត្យឯកសារ ចំពោះភ្ញៀវទេសចរបរទេស ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី៣១ខែមករា ដោយត្រូវបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំង​យ៉ាងហោចណាស់​២ដូស ឬលិខិតបង្ហាញពី​ការជាសះស្បើយ​ពីជំងឺកូវីដ១៩ គិតចាប់តាំង​ពីខែកក្កដាឆ្នាំមុន។

វិធានការ​នេះ ស្របពេលដែលចិនបានបើកប្រទេសឡើងវិញ ក្រោយបញ្ចប់គោលនយោបាយសូន្យកូវីដ ដែល​ធ្វើឱ្យរដ្ឋាភិបាលថៃបារម្ភ​ថា នឹងអាចមានករណីឆ្លងកើនឡើង តាមរយៈលំហូរទេសចរមកពីប្រទេសចិន។ ថៃរំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរចិនរហូតដល់ ៣០ម៉ឺននាក់ ត្រឹមរយៈពេល៣ខែនៃឆ្នាំ២០២៣នេះ និងដល់ ៥លាននាក់​ក្នុងឆ្នាំ​នេះ៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


តម្លៃប្រេងធ្លាក់ថ្លៃបន្តិចវិញ ដោយសារបារម្ភពីរបាយការណ៍អតិផរណាអាមេរិកនឹងចេញផ្សាយឆាប់ៗនេះ

ព័ត៌មាន
តម្លៃប្រេងឆៅភាគច្រើន ក្នុងថ្ងៃបើកជួញដូរនៃថ្ងៃព្រហស្បតិ៍ទី១២មករា មានការធ្លាក់ចុះបន្តិចវិញពីការជួញដូរកាលពីថ្ងៃទី ១១ខែមករា។ ការធ្លាក់ចុះនេះ…

ឆ្នាំថ្មី ចូលរស់នៅក្នុងគេហដ្ឋានថ្មី ជាមួយក្រុមហ៊ុន Orkidé Development

ព័ត៌មាន
ជាមួយអត្រាបង់រំលស់ថ្មី កាន់តែងាយស្រួល ពីក្រុមហ៊ុន Orkidé Development នៅតម្លៃត្រឹម 999$/ខែ ជាមួយផ្ទះអាជីវកម្ម និង ជាង 1200$/ខែ សម្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ