បើតាមអង្គការសុខភាពពិភពលោកដដែល រហូតមកដល់ពេលនេះមាន ៩៨%នៃករណីវិជ្ជមានជំងឺអុតស្វាដែលបានរកឃើញនៅបណ្តាប្រទេសក្រៅទ្វីបអាហ្រ្វិកជាទីដែលជំងឺនេះត្រូវបានរកឃើញដំបូង គឺកើតនៅលើមនុស្សប្រុសដែលបានរួមភេទជាមួយមនុស្សប្រុសដូចគ្នា។
ប្រធានអង្គការសុខភាពពិភពលោក គឺលោកវេជ្ជបណ្ឌិត ដេត្រូស ហ្កេព្រៀលយេស៊ូស(Tedros Ghebreyesus) បានជំរុញឱ្យក្រុមបុរសដែលស្រលាញ់ភេទដូចគ្នា ពិចារណាកាត់បន្ថយចំនួនដៃគូផ្លូវភេទថ្មី និងប្រសិនបើត្រូវផ្លាស់ប្តូរដៃគូមែន គេត្រូវស្វែងយល់លម្អិតពីព័ត៌មានសុខភាពរបស់ដៃគូថ្មីនោះ។
ថ្លែងប្រាប់សន្និសីទសារព័ត៌មានពីទីក្រុងហ្សឺណែវលោក តេដ្រូសនិយាយថា អុតស្វាជាជំងឺរាតត្បាតដែលអាចបញ្ឈប់បាន ហើយវិធីល្អបំផុតដើម្បីធ្វើវាបាននោះ គឺកាត់បន្ថយហានិភ័យចម្លង តាមរយៈការប៉ះពាល់គ្នា។ នេះជាជម្រើសសុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន។
ដោយឡែកលោក ម៉ែក រ៉ាយអិន(Mike Ryan) នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា ជំងឺអុតស្វា ឬភាសាអង់គ្លេសហៅថា Monkeypox កំពុងស្ថិតក្នុងដំណើរការប្តូរឈ្មោះ ។ ប្តូរឈ្មោះគឺដើម្បីចៀសវាងការយកឈ្មោះនេះ ទៅធ្វើជាអាវុធវាយប្រហារ ឬប្រើជាវិធីរើសអើងពូជសាសន៍។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ កំពុងផ្តល់អនុសាសន៍ឱ្យមានការចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ក្នុងនោះរួមមាន បុគ្គលិកសុខាភិបាល និងពិសេសបុរសដែលរួមភេទជាមួយនឹងបុរស ហើយដែលមានដៃគូរួមភេទច្រើន។
ទោះយ៉ាងណា ការចាក់វ៉ាក់សាំងតែមួយដូសមិនទាន់គ្រប់គ្រាន់ទេ។ អ្នកជំនាញ បានដាស់តឿនថា វាត្រូវចំណាយពេលច្រើនសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ ដើម្បីបង្កើតប្រព័ន្ធការពារបានយ៉ាងពេញលេញ ដូច្នេះមនុស្សគួរតែចាត់វិធានការប្រុងប្រយ័ត្នបន្ថែមរហូតដល់ក្រោយចាក់វ៉ាក់សាំងដូសទី២។
បើតាមរបាយការណ៍ចុងក្រោយមួយរបស់ WHO បាននិយាយថាប្រហែល១០ភាគរយនៃអ្នកជំងឺទាំងអស់បច្ចុប្បន្នតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានអ្នកជំងឺ៥នាក់ក្នុងទ្វីបអាហ្រ្វិកបានស្លាប់។
គួររំឭកបន្តិចថា ជំងឺអុតស្វានេះ ជាបញ្ហាសុខាភិបាលនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្វ្រិកដែលមិនសូវត្រូវបានគេយកចិត្តទុកដាក់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែទើបតែនៅមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ករណីបានចាប់ផ្តើមរកឃើញនៅប្រទេសក្រៅតំបន់អាហ្វ្រិកជាបន្តបន្ទាប់ ពោលគឺចាប់ពីខែឧសភាមក។
ជំងឺអុតស្វា អាចបណ្តាលឱ្យមានរោគសញ្ញាស្រាលទៅមធ្យម រួមមានគ្រុនក្តៅ អស់កម្លាំង និងដំបៅលើស្បែក បង្កការឈឺចាប់ តែអាចព្យាបាលបានក្នុងរយៈពេលពីរទៅបីសប្តាហ៍។ ប្រធាន WHO និយាយថា មានវ៉ាក់សាំងដែលត្រូវបានអនុម័តប្រើប្រាស់ស្មើនឹងប្រហែល ១៦លានដូស ប៉ុន្តែមិនទាន់វេចខ្ចប់ត្រឹមត្រូវឡើយ ហើយដែលវាត្រូវការចំណាយពេលច្រើនខែដើម្បីបញ្ចូលទៅក្នុងដូស៕