អង្គការសុខភាពពិភពលោកបានសម្តែងការព្រួយបារម្ភម្តងហើយម្តងចំពោះទិន្នន័យឆ្លងក្នុងពេលបច្ចុប្បន្នរបស់ប្រទេសចិន។ WHO អះអាងថា ស្ថិតិផ្លូវការរបស់ប្រទេសចិនមិនបង្ហាញ ពីផលប៉ះពាល់ពិតប្រាកដនៃការកើនឡើងករណីឆ្លងនោះទេ និយាយឱ្យស្រួលយល់ គឺទិន្នន័យមានឆ្លើយតបនឹងស្ថានការណ៍ជាក់ស្តែង។
នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ាយខឺល រ៉ាយអិន(Michael Ryan) បានប្រាប់អ្នកយកព័ត៌មានថា WHO នៅតែជឿថា ចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍ពីប្រទេសចិន គឺមិនមែនមានតិចតួចដូចអ្វីដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានផ្តល់ឱ្យនោះទេ។
ម៉្យាងវិញទៀត លោក រ៉ាយអិន បានព្រមានថា ទោះបីជាមានការបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការអំពាវនាវមុនៗក៏ដោយ WHO នៅតែមិនមានព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើការវាយតម្លៃហានិភ័យពេញលេញ នៃការឆ្លងក្នុងប្រទេសចិនគិតមកទល់នឹងពេលនេះ។ បើយោងតាមតួលេខផ្លូវការរបស់រដ្ឋាភិបាលចិនចាប់តាំងពីខែធ្នូឆ្នាំ២០២២មក មានករណីស្លាប់ចំនួន៣៧ករណីប៉ុណ្ណោះ ដែលត្រូវបានកត់ត្រានៅក្នុងប្រទេសចិន។
ផ្ទុយទៅវិញ លោក រ៉ាយអិន បានសាទរចំពោះកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរសហរដ្ឋអាមេរិក ចំពោះទិន្នន័យឆ្លង ដែលលោកហៅថាជាការទុកចិត្តបាន ពិសេសករណីឆ្លងរបស់កូវីដបំប្លែងខ្លួនថ្មីចេញពីមេរោគអូមីក្រុង គឺមេរោគ XBB.1.5 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅតាមបណ្តារដ្ឋជាច្រើន នៅអាមេរិក។
សូមជម្រាបថា សម្រាប់ភាគីចិន លោក ឡាំង វ៉ាននីន(Liang Wannian) ដែលជាអ្នកជំនាញខាងរោគរាតត្បាតនិងជាប្រធានក្រុមអ្នកជំនាញ ដែលតែងតាំងដោយរដ្ឋាភិបាលចិន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ទី ១១ខែមករាថា ចិនមិនគិតថាវាជារឿងចាំបាច់ ដើម្បីពិនិត្យមើលតួលេខ ឬមូលហេតុនៃការស្លាប់នៅរាល់គ្រប់ករណីទាំងអស់ក្នុងប្រទេសនាពេលបច្ចុប្បន្ននេះទេ។ លោកបានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់ក្នុងពេលឥលូវនេះ គឺវិធីព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាតត្បាតឱ្យបានទាន់ពេលវេលា និងឱ្យមានប្រសិទ្ធភាព ទើបជាងរឿងចាំបាច់៕