ជុំវិញ នឹងការឆ្លងជំងឺអុតស្វានេះដែរ សម្រាប់កម្ពុជាវិញ ក្រសួងសុខាភិបាលអះអាងថា មកទល់ពេលនេះ មិនមានករណីសង្ស័ ឬឆ្លងជំងឺនេះនៅឡើយទេ ទោះយ៉ាងណា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីរឿងនេះ។
គិតតាំងពីកររកឃើញដំបូង នៅដើមខែឧសភា ករណីជំងឺអុតស្វា ដែលបានរាយការណ៍ជូនអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី ២៣ ខែឧសភា មានចំនួនសរុប ១៥៨ ករណី និងមានអ្នកសង្ស័យសរុបចំនួន ១១៧ករណី ដែលកំពុងតែធ្វើការអង្កេតបញ្ជាក់ផងដែរ ហើយនៅតំបន់ប៉ាស៊ីហ្វិកខាងលិច មានការរាយការណ៍ពីករណីជំងឺអុតស្វានេះចំនួន ២ករណីផងដែរ ខណៈមិនទាន់មានករណីស្លាប់ដោយជំងឺនេះនៅឡើយនោះទេ។
ក្រោយពីមានការផ្ទុះឡើយនូវជំងឺអុតស្វា ជាច្រើនករណីនូវទូទាំងពីភពលោករួចមក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរទាក់ទងនឹងជំងឺប្រភេទថ្មីនេះ បើទោះបីជាមិនទាន់មានករណីជំងឺអុតស្វានេះ នៅប្រទេសកម្ពុជាក៏ដោយ។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ទាំងបុគ្គល គ្រួសារនិងសហគមន៍ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃដែលអាចកើតមានឡើងជាយថាហេតុ។
ក្នុងករណីសង្ស័យ ឬឈឺជំងឺនេះ ដោយបុគ្គលមានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួនបាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាលហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត និងត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កម្ពុជាកំពុងយកចិត្តទុកដាក់លើអ្នកដំណើរពីក្រៅប្រទេស ខណៈបារម្ភពីការចម្លងមេរោគប្រភេទថ្មី អុតស្វានេះ តែមិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកកម្ពុជានោះទេ គ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជាប៉ុណ្តោះ និងណែនាំអ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងជៀសវាងការប៉ះពាល់ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់) ដែលអាចមានផ្ទុកនៅវីរុសអុតស្វានេះ៕