ជាមួយនឹងចំនួនករណីឆ្លងសរុបប្រមាណ ៧៨លានករណីនៅទូទាំងតំបន់អឺរ៉ុប ពេលនេះអ្នកស្លាប់សរុបនៅក្នុងតំបន់នេះ បើគេបូកបញ្ជូលគ្នាទៅ គឺមានច្រើនជាងករណីស្លាប់នៅតំបន់អាស៊ីអាគ្នេយ៍ តំបន់មេឌីទែរ៉ាណេ តំបន់ប៉ាស៊ីហ្វិចខាងលិច និងតំបន់អាហ្វិ្រច រួមបញ្ចូលគ្នាទៅទៀត។
លោក Hans Kluge នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បានប្រាប់សន្និសីទសារព័ត៌មានមួយថា អឺរ៉ុបកំពុងស្ថិតនៅក្នុងចំណុចកណ្តាលនៃការឆ្លងរាលដាលជាថ្មីម្តងទៀត។ លោកបានបន្តថា បច្ចុប្បន្នល្បឿននៃការចម្លងកូវីដ១៩ នៅទូទាំងប្រទេសនៃតំបន់អឺរ៉ុប កំពុងស្ថិតក្នុងដំណាក់កាលគួរឲ្យ ព្រួយបារម្ភយ៉ាងខ្លាំង។
បើតាមការប៉ាន់ស្មានពីមន្ត្រីជាន់ខ្ពស់ WHO ប្រចាំតំបន់រូបនេះ ករណីស្លាប់នៅអឺរ៉ុបអាចនឹងកើនឡើងកន្លះលាននាក់បន្ថែមទៀត រាប់ចាប់ពីពេលនេះរហូតដល់ខែកុម្ភៈឆ្នាំ២០២២ ហើយអ្នកស្លាប់អាចជាមនុស្សដែលស្ថិតនៅគ្រប់វ័យទាំងអស់ ពោលមានទាំងក្មេង ទាំងចាស់។
ការកើនឡើងវិញនៃករណីឆ្លងនៅអឺរ៉ុប ត្រូវបាន WHO បន្ទោសលើវិសាលភាពនៃការគ្របដណ្តប់មិនគ្រប់គ្រាន់ក្នុងការចាក់ថ្នាំបង្ការកូវីដ១៩ ជាពិសេសការបន្ធូរបន្ថយ វិធានការណ៍សុខាភិបាលសាធារណៈ និងវិធានការសង្គមនានា។សូមជម្រាបថា បើតាមទិន្នន័យ និងតួលេខផ្លូវការរបស់ប្រទេសនីមួយៗនៅអឺរ៉ុប ចំនួនអ្នកជំងឺកូវីដ១៩ ចូលព្យាបាលក្នុងមន្ទីរពេទ្យ បានកើនឡើងទ្វេដង ក្នុងរយៈពេលតែមួយសប្តាហ៍ចុងក្រោយប៉ុណ្ណោះ។ ដោយឡែក ចំនួនអ្នកស្លាប់ក៏ចាប់ផ្ដើមកើនឡើងវិញបន្តិចម្តងៗ ជាប់ៗគ្នាអស់រយៈពេលជាង ៧សប្តាហ៍មកហើយដែរ។ អត្រាអ្នកស្លាប់ មានខ្ពស់ខ្លាំងនៅប្រទេសរុស្ស៊ី ដែលមានជាង ៨ពាន់នាក់ក្នុងមួយសប្តាហ៍ អ៊ុយក្រែនជិត ៤ពាន់នាក់ និង រ៉ូម៉ានី ជាង៣ពាន់នាក់។
នៅអាល្លឺម៉ង់វិញ ចំនួនអ្នកឆ្លងថ្មីកាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែវិច្ឆិកា មានជិត ៣ម៉ឺន៤ពាន់នាក់ក្នុងមួយថ្ងៃ ដែលវាបានឡើងដល់កម្រិតខ្ពស់បំផុតបំបែកកំណាត់ត្រាចាស់ កាលពីខែធ្នូឆ្នាំ២០២០ទៅទៀត។ អ្នកឈឺធ្ងន់ និង អ្នកស្លាប់ភាគច្រើន ជាអ្នកដែលពុំបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ទេ។ នេះបើតាមការអះអាងពីអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប៕