ចិនប្រតិកម្មរបាយការណ៍នុយក្លេអ៊ែរអាមេរិក

ចិនចេញមុខឆ្លើយតបទៅអាមេរិក ក្រោយអាមេរិកចេញរបាយការណ៍ស្ដីអំពីក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន


ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រតិកម្មតបទៅនឹងរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលបានរាយការណ៍ពីការពង្រីកសមត្ថភាព និង ចំនួនក្បាលគ្រាប់អាវុធនុយក្លេអ៊ែររបស់ចិន។ ក្រុងប៉េកាំងបានហៅរបាយការណ៍របស់ ក្រសួងការពារជាតិអាមេរិកថា ជារឿងអយុត្តិធម៌ មិនស្មើភាព និងមិនសមហេតុសមផល។ រដ្ឋអំណាចក្រុងប៉េកាំងក៏បានចោទប្រកាន់ វ៉ាស៊ីនតោនវិញផងដែរ ថាបានសរសេររបាយការណ៍ក្នុងគោលបំណងបំផុសការគម្រាមកំហែង ហួសការពិត។នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបតំណាង៖ គ្រាប់មីស៊ីលរបស់ចិន ក្នុងពិធីព្យុះហយាត្រាកងទ័ពមួយ
ដោយ

ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចេញមកប្រតិកម្មភ្លាមៗ ក្រោយក្រសួងការបរទេសអាមេរិក បានដាក់របាយការណ៍ថ្មីមួយទៅកាន់រដ្ឋសភាអាមេរិក បង្ហាញការព្រួយបារម្ភពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន ដែលអាមេរិកអះអាងថា អាចមានដល់៧០០គ្រាប់ ត្រឹមឆ្នាំ២០២៧ និងដល់១.០០០គ្រាប់ត្រឹមឆ្នាំ ២០៣០។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វីនប៊ីន បាននិយាយថា ស្រដៀងគ្នាទៅនឹងរបាយការណ៍មុនៗដែរ របាយការណ៍ចេញផ្សាយដោយក្រសួងការពារជាតិអាមេរិកលើកនេះ គឺពោរពេញទៅដោយការលំអៀង និងគ្មានសមហេតុសមផលបន្តិចសោះឡើយ ហើយថែមទាំងផ្ទុយពីការពិតថែមទៀត។

លោក វ៉ាង អ្នកនាំពាក្យក្រសួងការបរទេសចិន បន្តថាសហរដ្ឋអាមេរិកព្យាយាមលាបពណ៌ចិនថា ជាអ្នកគម្រាមកំហែងផ្នែកអាវុធ នុយក្លេអ៊ែរ ទាំងដែលតាមពិតទៅ អាមេរិកទៅវិញទេ ដែលជាអ្នកធ្វើឲ្យមានការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពិតប្រាកដ។

គួរជម្រាបថា ទោះបីការព្យាកររបស់អាមេរិក ថាចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរដល់ ៧០០គ្រាប់នៅឆ្នាំ ២០២៧ និង ១.០០០គ្រាប់នៅឆ្នាំ ២០៣០ក្តី ប៉ុន្តែបើមើលលើចំនួនគ្រាប់នុយក្លេអ៊ែររបស់អាមេរិកវិញ គឺមានច្រើនជាងប្រទេសចិនដល់ទៅ៥ដងឯណោះ។ ពោល សហរដ្ឋអាមេរិក គិតមកទល់ពេលនេះ មានអាវុធនុយក្លេអ៊ែរ ៣.៧៥០គ្រាប់ ក្នុងនោះ មានជិត១ពាន់៤០០ គ្រាប់ផលិតបានក្នុងរយៈពេលចុងក្រោយបំផុត គិតត្រឹមថ្ងៃទី០១ កញ្ញាឆ្នាំនេះតែម្តង។

យ៉ាងណាមិញ នៅថ្ងៃព្រហស្បតិ៍ដដែល ក្រសួងការបរទេសអាមេរិក បានបង្ហាញចេតនា ចង់ពិភាក្សាជាមួយចិនជាថ្មីម្តងទៀត ដើម្បីបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ។ មែនទែនទៅ កន្លងមកអាមេរិក ធ្លាប់ចែចូវចិន និងរុស្សីដើម្បីឈានទៅសម្រេចកិច្ចសហប្រតិបត្តិការទ្វេភាគីមួយ លើកិច្ចព្រមព្រៀង ដែលឈានទៅកំណត់ចំនួនគ្រាប់នុយក្លេអ៊ែរដែលប្រទេសទាំងបីកំពុងមាន។ ប៉ុន្តែ សំណើនេះត្រូវបានចិនបដិសេធ ដោយបានប្រាប់ឲ្យសហរដ្ឋអាមេរិកកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន មុននឹងមកចរចាជាមួយចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO បានព្រមានថា អ្នកស្លាប់ដោយសារកូវីដ-១៩នៅតំបន់អឺរ៉ុបអាចកើនកន្លះលាននាក់ថែមទៀត

ព័ត៌មាន
អង្គការសុខភាពពិភពលោក WHO បានចេញមកព្រមានថា អត្រាឆ្លងកូវីដ១៩នៅទូទាំងតំបន់អឺរ៉ុប កំពុងកើនឡើងវិញគួរឲ្យព្រួយបារម្ភខ្លាំងមែនទែន ដែលនៅចំពោ…

ទីក្រុងហូជីមីញ គ្រោងនឹងអនុញ្ញាតបើកទទួលទេសចរបរទេស ដោយគ្មានការធ្វើចត្តាឡីស័កចាប់ពីខែធ្នូនេះតទៅ

ព័ត៌មាន
ទីក្រុងហូជីមិញ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ គ្រោងនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តឡើងវិញចាប់ពីខែធ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ