យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA អង្គការសុខភាពពិភពលោកបានព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានរុញឲ្យមនុស្សជាតិស្ថិតនៅក្នុងមាត់ជ្រោះ នៃគ្រោះថ្នាក់រលកវិទ្យុសកម្មដ៏សាហាវ ក្រោយមានការវាយប្រហារជុំវិញទីតាំងនុយក្លេអ៊ែនៅក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ការព្រមានរបស់ WHO កើតឡើងក្រោយមីស៊ីលរបស់អ៊ីរ៉ង់មួយគ្រាប់បានបំបែកអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងទីក្រុងឌីម៉ូណា ដែលគេដឹងថា ជាទីតាំងឃ្លាំងអាវុធនុយក្លេអ៊ែរបស់អ៊ីស្រាអែល ទោះបីប្រទេសនេះបានបដិសេធជាបន្តបន្ទាប់ក៏ដោយចុះ។
យោធាអ៊ីរ៉ង់បានអះអាងថា ការវាយប្រហាររបស់ខ្លួន គឺដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែនៅតំបន់ណាតាន់ ដែលជាទីតាំងចម្រោះសារធាតុអ៊ុយរ៉ាញូមក្រោមដី សម្រាប់កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។
លោក ថេដ្រូ អាដាមណម ហ្កេប្រេយេស៊ុស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោកបាប្រមាននថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានឈានដល់ដំណាក់កាលដ៏គ្រោះថ្នាក់ ក្រោយទីតាំងនុយក្លេអ៊ែនៅទីក្រុងណាតាន់ និងឌីម៉ូណារងការវាយប្រហារដោយមីស៊ីល។ លោកបានសង្កត់ធ្ងន់ថា ការវាយប្រហារដែលកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែនេះបានបង្កើនការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សុខភាពសាធារណៈ និងសុវត្ថិភាពបរិស្ថាន។ ទន្ទឹមនឹងនេះ លោក បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អត់ធ្មត់ និងជៀសវាងសកម្មភាពណាមួយ ដែលអាចបង្កឱ្យមានឧប្បត្តិហេតុនុយក្លេអ៊ែ។
ប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយថា មិនថាតែការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា, បន្ទុះរោងចក្រឆេណូប៊ិល ក្នុងឆ្នាំ១៩៨៦ ឬវិបត្តិនៅហ្វូគូស៊ីម៉ាក្នុងឆ្នាំ២០១១ សុទ្ធតែបានបន្សល់ទុកនូវស្រមោលអាក្រក់រាប់ចាប់ពីការបាត់បង់ជីវិតភ្លាមៗ ការបំពុលបរិស្ថានរាប់រយឆ្នាំ រហូតដល់ការបំប្លែងហ្សែន និងជំងឺមហារីកកាចសាហាវ ដែលប៉ះពាល់ដល់មនុស្ស សត្វ និងធម្មជាតិយ៉ាងខ្លាំង៕
ដោយៈ សរ សុជាតិ