លោកស្រី ហ្វ្រេសឺ បានប្រាប់ទូរទស្សន៍សិង្ហបុរី ក្នុងសម្ភាសមួយកាលពីថ្ងៃសុក្រ ទី២០ ខែតុលា ថា ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសង្រ្គាមដែលកំពុងតែបន្ត ហើយបើទោះជាសេដ្ឋកិច្ចចិនធ្លាក់ចុះក៏ដោយ ក៏ប៉ុន្តែអាស៊ីនៅតែជាចំណុចដ៏ភ្លឺស្វាងសម្រាប់ពិភពលោកដដែល។
លោកស្រីថា ក្រុមហ៊ុននេះចាក់បញ្ចូលមូលនិធិចំនួន៤ទ្រីលានដុល្លារអាម៉េរិក ជារៀងរាល់ថ្ងៃចូលទៅក្នុងក្រុមហ៊ុនចម្រុះជាតិសាសន៍ចំនួន៥ពាន់កន្លែង ហើយរំហូរ និងសកម្មភាពភាគច្រើន គឺនៅក្នុងតំបន់អាស៊ី។
លោកស្រីបានបន្ថែមថា អាស៊ីទើបជាចំណុចភ្លឺស្វាងរបស់ពិភពលោក ព្រោះមានភូមិសាស្ត្រផ្សេងៗគ្នាជាច្រើនដែលមានការផ្លាស់ប្តូរប្រកបដោយថាមពលកំពុងមានរសជាតិរយៈពេលវែង និងមានអត្ថប្រយោជន៍នៅទីនេះមិនថា ជាអ្វីមួយដែលក្រុមហ៊ុននេះមើលឃើញនៅក្នុងប្រទេសឥណ្ឌូនេស៊ី ថៃ និងវៀតណាមនោះទេ។
លោកស្រីបានកត់សម្គាល់ឃើញថា បើទោះជាប្រទេសចិន កំពុងប្រឈមមុខនឹងបញ្ហានៅពេលនេះក៏ដោយ ប៉ុន្តែការរីកចម្រើនដែលប្រទេសនេះសម្រេចបានពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យាគឺ«មិនធម្មតា»នោះទេ ហើយថា វាក៏មានឱកាសរីកចម្រើនជាច្រើននៅក្នុងប្រទេសសិង្ហបុរីជាកន្លែង ដែលមាន«ផ្លូវថ្មីប្លែកៗជាច្រើន»ផងដែរ។
លោកស្រី ហ្វ្រេសឺ បាននិយាយថា អតិថិជនជាសហគ្រិននៅផ្នែកខ្លះនៃពិភពលោក បានធ្វើឲ្យលោកស្រីរំភើបចិត្តនៅគ្រប់ពេលដែលលោកស្រី ជួបពួកគេ ព្រោះពួកគេមានគំនិតច្នៃប្រឌិតថ្មីៗជាច្រើន ដែលជាការបង្កើតទ្រព្យសម្បត្តិដ៏ធំសម្បើម ហើយថែមទាំងបង្កើតកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមទៅវែងផងដែរ។
ដោយរៀបរាប់ពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងទីផ្សារផ្សេងទៀត លោកស្រី ហ្វ្រេសឺ បាននិយាយថា អ្នកប្រើប្រាស់ និងអតិថិជនសាជីវកម្មមានស្ថានភាពល្អធម្មតានៅក្នុងសហរដ្ឋអាម៉េរិក ទោះបីជាប្រទេសនេះឈានទៅរកវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាននៅឆ្នាំក្រោយក៏ដោយ ប៉ុន្តែអឺរ៉ុបមានបញ្ហាប្រឈមរចនាសម្ព័ន្ធរយៈពេលវែងនៅក្នុងទីផ្សារការងារ និងតម្លៃថាមពល។
ស្របពេលកំពុងជំរុញឱ្យក្រុមហ៊ុន Citigroup ឆ្លងកាត់ការផ្លាស់ប្តូរដ៏ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ រួមទាំងការសម្រួលដល់អង្គភាព និងការកាត់បន្ថយការងារដែរនោះ លោកស្រី ហ្វ្រេសឺ បាននិយាយថា វាដល់ពេលដែលត្រូវធ្វើឱ្យប្រាកដថា ក្រុមហ៊ុននេះមានទីតាំងសម្រាប់ការរីកចម្រើនដែលនឹងកើតឡើងជាពិសេសនៅក្នុងតំបន់អាស៊ីតែម្ដង៕
អត្ថបទ៖ សុខ ជា