ពលរដ្ឋភាគច្រើនខ្ចីលុយពីសេវាឥណទានឯកជន តែនិយាយថា ជំពាក់លុយរដ្ឋ ធ្វើឲ្យប្រមុខរដ្ឋាភិបាលបញ្ជាឲ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនផ្លាស់ប្ដូរស្លាកសញ្ញា ឡូហ្គោ របស់ខ្លួនចេញ កុំឲ្យភ័ន្តច្រលំជាមួយឡូហ្គោស្ថាប័នរដ្ឋ។
បន្ទាប់មកពីទៀត ធនាគារជាតិបានដាក់កំហិតអត្រាការប្រាក់សម្រាប់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនឲ្យលើស ១៨% ក្នុងមួយឆ្នាំៗ ដែលនាំឲ្យមានការបារម្ភអំពីអនាគតនៃវិស័យក្មេងខ្ចីមួយនេះ។ ☕️ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងជួបវិបត្តិធ្ងន់ធ្ងរ?
និយាយដល់បំណុលប្រជាជន គេអាចចោទសំណួរថា តើកត្តាអ្វីខ្លះជំរុញឲ្យប្រជាជនជំពាក់បំណុល? តើខ្ចីយកទៅធ្វើអ្វី? ខាងក្រោមនេះ ជាកិច្ចសន្ទនារវាងសារព័ត៌មាន ខេមបូណូមិស និងលោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន Emerging Markets Consulting (EMC)។
ខេមបូណូមិស៖ តើបុព្វហេតុឫសគល់អ្វីខ្លះ ដែលនាំឲ្យប្រជាពលរដ្ឋខ្មែរ ជំពាក់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ ?
លោក ង៉ែត ជូ៖ មានកត្តាចំនួន ៤ ដែលនាំឲ្យប្រជាជនខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖ ១) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើតច្រើននៅតាមតំបន់ជនបទ ដោយមួយកន្លែងៗ មានអ្នកផ្ដល់សេវាមីក្រូហិរញ្ញវត្ថុច្រើនផ្ដុំគ្នា។ ២) ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជននៅមានកម្រិតទាបពេក។ ពួកគាត់ខ្ចីបុលមិនយកមកបម្រើសកម្មភាពបង្កើតប្រាក់ចំណូលទេ ប៉ុន្តែ ខ្ចីបំណុលមកដើម្បីដោះស្រាយចំណាយចាំបាច់ (ដូចជា ម្ហូបអាហារ និងមើលជំងឺ ជាដើម)។ បញ្ហានេះ មួយផ្នែកក៏បណ្ដាលមកពីកង្វះនៃសេវាសុខភាពសាធារណៈដែលមានគុណភាព និងអាចទុកចិត្តបាន។ បើយោងតាមការអង្កេត ២៧% នៃអ្នកខ្ចីបុល គឺខ្ចីយកមកសងថ្លៃព្យាបាលជំងឺ។ ៣) ការពង្រីកឱកាសអាជីវកម្ម ដោយសារលទ្ធភាពទិញទំនិញរបស់ប្រជាជនថ្នាក់កណ្ដាលមានការកើនឡើង។ មានន័យថា ប្រជាជនដែលមានជីវភាពធូរធារមធ្យម មានចំនួនកើនឡើង ហើយនេះជាផ្នែកនៃកំណើនសេដ្ឋកិច្ចក្នុងប្រទេស។ ៤) ការផ្លាស់ប្ដូររបៀបរស់នៅរបស់ប្រជាជន ជាពិសេស ក្មេងៗជំនាន់ក្រោយចូលចិត្តប្រើសេវាហិរញ្ញវត្ថុ ដូចជា ខ្ចីប្រាក់ទិញរថយន្ត ទិញផ្ទះ ជាដើម។
លោក ង៉ែត ជូ ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ក្រុមហ៊ុនពិគ្រោះយោបល់ Emerging Markets Consulting (EMC)។
ខេមបូណូមិស៖ តើលោកមានតួលេខអំពីចំនួនពលរដ្ឋជំពាក់បំណុល ឬទេ?
លោក ង៉ែត ជូ៖ ផ្អែកតាមទិន្នន័យពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្រជាជនដែលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន ១.៩២១.៩៥៦នាក់ (យើងនិយាយបានថា ជិត ២លាននាក់)។ តួលេខនេះស្មើនឹងប្រហែល ២ភាគ៣នៃចំនួនគ្រួសារនៅកម្ពុជា (បើយើងសន្មតថា អ្នកខ្ចីម្នាក់តំណាងឲ្យមួយគ្រួសារ)។ ប៉ុន្តែ តួលេខអ្នកខ្ចីបុលអាចនឹងខ្ពស់ជាងនេះ ពីព្រោះមានប្រតិបត្តិករសេវាឥណទានចុះបញ្ជី និងមិនចុះបញ្ជី ព្រមទាំងអ្នកចងការប្រាក់ក្រៅផ្លូវការជាច្រើន ដែលមិនរាយការណ៍មកសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។
ខេមបូណូមិស៖ តើគេគួរអ្វីដូចម្ដេចខ្លះដើម្បីដោះស្រាយបញ្ហាបំណុលប្រជាជននេះ?
លោក ង៉ែត ជូ៖ ខ្ញុំគិតថា ខាងក្រោមនេះជាអនុសាសន៍មួយចំនួនសម្រាប់ជាដំណោះស្រាយ៖
១. ធ្វើការសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេស តំណាងវិស័យមីក្រូហិរញ្ញវត្ថុដោយពិភាក្សាសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅពីផលលំបាកដែលប្រតិបត្តិករជួបប្រទះនិងរិះរកដំណោះស្រាយសមស្របដែលអាចធានាបាននូវនិរន្តរភាពរបស់ប្រតិបត្តិករនិងផលប្រយោជន៍អតិថិជនជាធំ។
២. កាត់បន្ថយកាតព្វកិច្ចបង់ពន្ធរបស់ប្រតិបត្តិករដើម្បីបន្ធូរបន្ទុកនៃចំណាយថ្លៃដើម។ ពន្ធទាំងនោះ រួមមាន ពន្ធកាត់ទុកលើការប្រាក់សម្រាប់ម្ចាស់កម្ចីពីបរទេសចំនួន១៤%នៃការប្រាក់ដែលត្រូវបង់ដល់ម្ចាស់កម្ចី ពន្ធលើចំណូលពីការប្រាក់នៃបញ្ញើក្នុងស្រុក ៤% ទៅ ៦% និងពន្ធលើប្រាក់ចំណេញ។ល។
៣. លើកទឹកចិត្តដល់ប្រតិបត្តិករដែលធ្វើប្រតិបត្តិការផ្តល់ប្រាក់កម្ចីនៅតាមទីជនបទដាច់ស្រយាលតាមរយៈគោលនយោបាយលើកលែងពន្ធទូទៅក្នុងរយៈពេល២ឆ្នាំទៅ ៣ឆ្នាំដំបូង។
៤. រដ្ឋាភិបាលមានកាតព្វកិច្ចកាត់បន្ថយថ្លៃដើមហិរញ្ញវត្ថុរបស់ប្រតិបត្តិករតាមរយៈការសម្របសម្រួលឲ្យទទួលបានប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបពីចន្លោះត្រឹម ៣% ទៅ៤% ក្នុង១ឆ្នាំ។ ប្រភពហិរញ្ញវត្ថុដែលមានការប្រាក់ទាបនេះត្រូវផ្តោតអាទិភាពដើម្បីផ្តល់ជាប្រាក់កម្ចីដល់កសិករនិងសហគ្រាសខ្នាតតូចតាមទីជនបទដើម្បីទទួលបានប្រាក់កម្ចីដែលមានការប្រាក់ទាប អាចប្រកួតប្រជែងក្នុងវិស័យជំនួញជាមួយកសិករនិងសហគ្រាសនៃប្រទេសជិតខាង។
៥. បង្កើតមូលនិធិដើម្បីកសាងសមត្ថភាពអាជីពផ្នែកមីក្រូហិរញ្ញវត្ថុនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនទូទៅ៕
រូបភាពខាងលើថតដោយ Brett Matthews | CC BY-SA 3.0