នៅក្នុងវីដេអូមួយក្នុងថ្ងៃរំលឹកខួបមួយឆ្នាំនៃការប្រកាសដាក់បញ្ចូលទឹកដីអ៊ុយក្រែន លោក ពូទីន បាននិយាយថា ប្រជាជននៅតំបន់ទាំងនោះជ្រើសរើសរុស្ស៊ី ហើយវាគឺជាការធ្វើប្រជាមតិជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីការគាំទ្រ និងជឿជាក់លើរុស្ស៊ី។
លោក បានគូសបញ្ជាក់ជាថ្មីថា សកម្មភាពយោធារុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំមុន គឺជាការជួយប្រជាជនអ៊ុយក្រែនពីសង្គ្រាមស៊ីវិល និងឧក្រិដ្ឋកម្មលើជនជាតិភាគតិចនៅតំបន់ភាគខាងកើត ពីសំណាក់រដ្ឋាភិបាលជាតិនិយមជ្រុលអ៊ុយក្រែន។
គួរជម្រាបថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រុស្ស៊ីបានប្រកាសដាក់បញ្ចូលដែនដីភាគខាងកើតប្រទេសអ៊ុយក្រែនចំនួនបួន ជាទឹកដីសហព័ន្ធរុស្ស៊ីជាផ្លូវការតាមការធ្វើប្រជាមតិ ដោយមានដូចជាតំបន់ដូនេតស៍ លូហានស៍ ខឺសុន និងហ្ស៊ាប៉ូរីហ្ស្យ៉ា។ យ៉ាងណាប្រទេសលោកខាលិច បានហៅការបោះឆ្នោតនោះថា ជាការដាក់បញ្ចូលខុសច្បាប់ និងកើតឡើងពីការបង្ខិតបង្ខំលើអ្នករស់នៅតំបន់ទាំងនោះ។
ទន្ទឹមគ្នានេះ យោងតាមរបាយការណ៍ស៊ើបអង្កេតតានដានមួយរបស់រ៉យទ័រ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ប្រជាជនគុយបា ជាច្រើនកំពុងចុះកិច្ចសន្យាធ្វើជាទាហានស៊ីឈ្នូលឱ្យកងទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាថ្នូរ ដើម្បីបានប្រាក់មកឱ្យគ្រួសារ។
លោកស្រី យេមីដលី សើវេនតេស (Yamidely Cervantes) ជាងកាត់ដេរម្នាក់រស់ក្នុងសហគមន៍តូចមួយក្បែររដ្ឋធានីហាវ៉ាណា ប្រទេសគុយបា បានប្រាប់រ៉យទ័រថា ប្តីរបស់លោកស្រី លោក អេរិក ហ្កូនហ្សាលេស បានចាកចេញពីផ្ទះកាលពីខែកក្កដា ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន។ ប៉ុន្មានថ្ងៃក្រោយមក យេមីដលី បានទទួលលុយប្រមាណ២សែនរូប៉ល ឬជាង២ពាន់ដុល្លារពីប្តីរបស់លោកស្រី។ ដោយហេតុថា ប្រទេសកោះកុម្មុយនិស្តមួយនេះកំពុងមានវិបត្តិសេដ្ឋកិច្ចពីកត្តាខាងក្នុងផង និងទណ្ឌកម្មពីអន្តរជាតិផង ប្រជាជនគុយបាភាគច្រើនពិបាករកកម្រៃចិញ្ចឹមជិវិតណាស់ និងជាច្រើនផ្សេងទៀតអត់ការងារធ្វើតែម្តង។
បើតាមប្តីរបស់លោកស្រី គឺលោក អេរិក ដែលបានផ្តល់បទសម្ភាសន៍តាមអនឡាញបានប្រាប់រ៉យទ័រថា លោក កំពុងស្ថិតនៅមូលដ្ឋានទ័ពរុស្ស៊ីក្នុងទីក្រុងទូឡា ភាគខាងត្បូងទីក្រុងម៉ូស្គូ។ នៅទីនោះលោកធ្វើការបកប្រែឯកសារឱ្យយោធារុស្ស៊ីទៅជាភាសាអេស្បាញ ហើយជនជាតិគុយបា១១៩នាក់ផ្សេងទៀតកំពុងហ្វឹកហាត់ធ្វើសង្គ្រាម។
លោកថា«គ្រប់គ្នាដឹងហើយថាមកទីនេះ គឺដើម្បីសង្គ្រាម គ្រាន់តែមិនដឹងថា គេនឹងបញ្ចូនយើងទៅសមរភូមិពេលណានោះទេ។ ស្របពេលជាមួយគ្នានេះ វិមានក្រឹមឡាំងរួមជាមួយនឹងក្រសួងការពារជាតិរុស្ស៊ី មិនអាចសុំការបំភ្លឺពីរ៉យទ័របានទេ។ ខណៈរដ្ឋាភិបាលគុយបា ក៏មិនមានការឆ្លើយតបដូចគ្នាចំពោះបញ្ហានេះដែរ។
យ៉ាងណាមិញមានការរាយការណ៍ថាអ្នកស្ម័គ្រចិត្តចុះកិច្ចសន្យាមួយចំនួនគឺមានគោលដៅទៅប្រយុទ្ធក្នុងសមរភូមិដោយឡែកខ្លះទៀតចុះឈ្មោះធ្វើការងារមិនប្រយុទ្ធដូចជាការងារនៅកន្លែងសាងសង់ និងដឹកជញ្ជូនភស្តុភារជាដើម។ មែនទែនទៅសកម្មភាពចុះឈ្មោះរើសទាហានកិច្ចសន្យាពីប្រទេសគុយបានេះ ធ្វើឡើងក្រោយពីក្រិតមួយចេញដោយប្រធានាធិបតីរុស្ស៊ី កាលពីឧសភា ដែលអនុញ្ញាតឱ្យជនបរទេសអាចចុះឈ្មោះបម្រើក្នុងជួរយោធាលើសពីមួយឆ្នាំ ដើម្បីទទួលបានសញ្ជាតិរុស្ស៊ីយ៉ាងលឿនរហ័ស ជាមួយនឹងប្រពន្ធ កូន និងឱពុកម្តាយរបស់គេ។
យ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិកថា ខ្លួនកំពុងតាមដានបញ្ហានេះ និងព្រួយបារម្ភបំផុត។ កិច្ចសន្យាយោធានោះមានរយៈពេលមួយឆ្នាំ ផ្តល់ជូនប្រាក់ខែជាង២ពាន់ដុល្លារ និងប្រាក់លើកទឹកចិត្តដំបូងជិត២ពាន់ដុល្លារ បូករួមថ្ងៃលំហែរកាយ១៥ថ្ងៃក្រោយធ្វើការបាន៦ខែ៕