នាយកប្រតិបត្តិចែកចាយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ លោក ជៀប សុភ័ក្រ្ត បានកត់សម្គាល់ឃើញថា រយៈពេល ១០ឆ្នាំចុងក្រោយនេះ វិស័យធានារ៉ាប់រងនៅកម្ពុជា ហាក់កាន់តែបង្ហាញពីវិសាលភាព និងភាពរីកចម្រើន គួរឲ្យកត់សម្គាល់។ ក៏ប៉ុន្តែ បើប្រៀបនឹងបណ្ដាប្រទេសដទៃក្នុងតំបន់ វិស័យធានារ៉ាប់រងកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ព្រោះបច្ចុប្បន្ន ចំនួនអ្នកប្រើប្រាស់ធានារ៉ាប់រងអាយុជីវិតទើបមានប្រមាណ ១ភាគរយ ប៉ុណ្ណោះ នៃប្រជាជនកម្ពុជាសរុប។ ជាអ្នកជំនាញ និងមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យធានារ៉ាប់រង លោក ជៀប សុភ័ក្រ្ត ក៏បានពន្យល់ទៀតថា ដ្បិតចំណែកទីផ្សារវិស័យធានារ៉ាប់រងនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ តែឱកាសនៃភាពរីកចម្រើននៃវិស័យនេះ គឺនៅមានកម្រិតខ្ពស់។
អ្នកជំនាញក្នុងវិស័យធានារ៉ាប់រងរូបនេះ កត់សម្គាល់ឃើញថា ភាពមិនច្បាស់លាស់នៃស្ថានភាពពិភពលោក នាពេលបច្ចុប្បន្ន ដោយសារឥទ្ធិពលនៃវិបត្តិកូវីដ១៩ ក៏ដូចជា វិបត្តិសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ក៏បានជះឥទ្ធិពលអវិជ្ជមានខ្លះដែរ ដល់វិស័យធានារ៉ាប់រងសាកល រួមទាំងកម្ពុជា។ តែយ៉ាងណា នាយកប្រតិបត្តិចែកចាយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយម ចំពោះវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយលោកបានអះអាងថា ស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ពិតមែន តែអតិថិជននៅតែមានកំណើន ខណៈអត្រាប្រាក់សន្សំប្រចាំឆ្នាំរបស់អតិថិជនក៏មានការកើនឡើងដែរ។ ក្នុងនោះ មុនកើតមានវិបត្តិកូវីដ១៩ អត្រាប្រាក់សន្សំអតិថិជនម្នាក់ មានត្រឹម៥០០ដុល្លារ ប៉ុណ្ណោះ ក្នុង១ឆ្នាំ តែបច្ចុប្បន្ន កើនឡើងរហូត ៧០០ដុល្លារ ទៅ ៨០០ដុល្លារ ក្នុង១ឆ្នាំ។
បើតាមលោក ជៀប សុភ័ក្រ្ត បើទោះជា ការប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាប ពិសេសចំណេះដឹងប្រជាពលរដ្ឋលើវិស័យធានារ៉ាប់រង ក៏នៅមានកម្រិត ក៏ប៉ុន្តែ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃអតិថិជនក្នុងវិស័យធានារ៉ាប់រង បានកើនឡើងជាបន្តបន្ទាប់ ដែលបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជា កាន់តែចាប់អារម្មណ៍និងស្វែងយល់ពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងសរុប ចំនួន ៣៩ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ មានចំនួន១៨,ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មានចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច មានចំនួន៧។ ដោយឡែក ប្រភេទធានារ៉ាប់រង ដែលពេញនិយមសម្រាប់កម្ពុជា មានដូចជា ធានារ៉ាប់រងប្រភេទសន្សំ មាន ៧៦%,ធានារ៉ាប់រងប្រភេទការពារអាយុជីវិតជាក្រុម មាន១៦% និងធានារ៉ាប់រង ប្រភេទការពារជីវិតតាមកាលកំណត់ មាន៦%៕