អត្រាអតិផរណាប្រចាំឆ្នាំរបស់តំបន់ចាយប្រាក់អឺរ៉ូ មានកម្រិត៤.៣% នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ គឺបានធ្លាក់ចុះពី៥.២% នៅក្នុងខែសីហា ខណៈដែលកាលពីឆ្នាំមុន អត្រាអតិផរណា គឺមានកម្រិតជិត១០% ហើយអតិផរណាប្រចាំឆ្នាំរបស់សហភាពអឺរ៉ុប គឺជិត៥% នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ គឺបានធ្លាក់ចុះពីជិត៦% នៅក្នុងខែសីហា។
ប៉ុន្តែការធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមតែមួយខ្ទង់នេះ កំពុងបង្កើតបញ្ហាមួយ គឺសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ បានធ្លាក់ចុះ០.១% ក្នុងរយៈពេល៣ខែ គិតត្រឹមខែកញ្ញា ហើយក៏កំពុងអូសទាញឱ្យមានវិបត្តិសេដ្ឋកិច្ចផងដែរ។ នេះបើតាមការចេញផ្សាយរបស់ Eurostat ដាច់ដោយឡែកមួយទៀត។
ទិន្នន័យទាំង២នេះ បានបង្ហាញថា ធនាគារ ECB ជិតបានបញ្ចប់ការដំឡើងអត្រាការប្រាក់ដែលមានកម្រិតខ្ពស់បំផុតហើយ បន្ទាប់ពីបានដំឡើងមិនធ្លាប់មានពីមុនមករហូតដល់១០ដងជាប់ៗគ្នា ហើយឥឡូវនេះនឹងពិនិត្យមើលលទ្ធផលសិនមុនពេលនឹងដំឡើងបន្ថែមទៀត។ កាលពីថ្ងៃទី២៦ ខែតុលា ធនាគារកណ្ដាលអឺរ៉ុប បានសម្រេចរក្សាទុកឱ្យនៅដដែល នូវអត្រាការប្រាក់លើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗ ក្នុងអត្រា៤.៥% អត្រាការប្រាក់លើកន្លែងផ្តល់ប្រាក់កម្ចីក្នុងអត្រា៤.៧៥% និងកន្លែងដាក់ប្រាក់ក្នុងកម្រិត៤%។
លោក ដាញ៉ែល អង់តូញូស៊ី (Daniele Antonucci) ប្រធានផ្នែកវិនិយោគនៅធនាគារ Quintet Private Bank បាននិយាយថា ពួកគេរំពឹងថា កម្រិតអតិផរណា និងកំណើនសេដ្ឋកិច្ចនឹងមានកម្រិតថេរដូចនៅក្នុងពេលបច្ចុប្បន្នបន្ទាប់មកនឹងមានការកាត់បន្ថយចាប់ពីពាក់កណ្តាលឆ្នាំក្រោយ។
ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់ក្រុមប្រឹក្សាសន្និសីទបានបង្ហាញថា ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅអាម៉េរិក បានធ្លាក់ចុះសម្រាប់រយៈពេល៣ខែជាប់ៗគ្នានេះ ដោយសារតែពួកគេបាត់បង់ទំនុកចិត្តចំពោះទស្សនវិស័យសេដ្ឋកិច្ច។
លោកស្រី ដាណា ភីធឺសុន (Dana Peterson) ប្រធានសេដ្ឋវិទូនៅក្រុមប្រឹក្សាសន្និសីទនេះបាននិយាយកាលពីថ្ងៃអង្គារថា ការធ្លាក់ចុះសម្រាប់ខែតុលា កន្លងទៅថ្មីៗនេះ បានកើតឡើងនៅចំពេលដែលអ្នកប្រើប្រាស់បន្តជាប់គាំងនឹងការកើនឡើងតម្លៃជាទូទៅ និងសម្រាប់គ្រឿងទេស ជាពិសេសតម្លៃសាំងតែម្ដង។
លោកស្រីបានបន្តថា អ្នកប្រើប្រាស់ ក៏បានសម្តែងការព្រួយបារម្ភពីស្ថានការណ៍នយោបាយ និងអត្រាការប្រាក់ខ្ពស់ ហើយថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បានជះឥទ្ធិពលដល់ទស្សនរបស់អតិថិជនលើសេដ្ឋកិច្ចផងដែរ។
ប៉ុន្តែកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលក្រុមហ៊ុនរថយន្តធំទាំង៣បានសម្រេចជាមួយសហជីពកម្មកររថយន្តក្នុងសប្តាហ៍មុននេះ ដើម្បីបញ្ចប់កូដកម្មរបស់កម្មកររយៈពេលវែងបំផុតក្នុងរយៈពេល២៥ឆ្នាំ នេះក៏ប្រហែលជានឹងធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តរបស់អតិថិជនផងដែរ។ ការធ្លាក់ចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់នេះមិនត្រូវបានបង្ហាញឱ្យឃើញនៅគ្រប់មនុស្សពេញវ័យ និងកម្រិតប្រាក់ចំណូលគ្រួសារនោះទេ គឺថាអ្នកប្រើប្រាស់ ដែលមានអាយុក្រោម៣៥ឆ្នាំមានអារម្មណ៍សុទិដ្ឋិនិយមបន្តិចពីស្ថានភាពសេដ្ឋកិច្ចក្នុងខែនេះ ជាងឆ្នាំមុន ចំណែកមនុស្សដែលមានអាយុលើសពី៥៥ឆ្នាំបង្ហាញពីការថយចុះយ៉ាងខ្លាំងនូវទំនុកចិត្តប្រចាំខែរបស់ពួកគេ៕
អត្ថបទ៖ សុខ ជា