មេដឹកនាំចិន

ហេតុអ្វីបានជាចិន កំពុងផ្លាស់រូបភាពវីរបុរសជាតិ ពីអ្នកដឹកនាំទៅជារូបភាពអ្នកវិទ្យាសាស្ត្រ?


ជាទូទៅនៅក្នុងបណ្តាប្រទេសដែលដឹកនាំតាមរបបឯកបក្ស ឬកុម្មុយនីស្ត រូបភាពវីរបុរសជាតិ និងគំរូស្មារតីរបស់សង្គម តែងតែត្រូវបានគ្របដណ្តប់ដោយមេដឹកនាំប្រទេសតែមួយគត់។ ប៉ុន្តែសម្រាប់មហាអំណាចចិន នាពេលបច្ចុប្បន្ន និងទៅអនាគត គំរូវីរភាពសង្គមលែងជានិមិត្តរូបរបស់មេដឹកនាំកំពូល ឬអ្នកនយោបាយមួយក្តាប់តូចទៀតហើយ។ នេះគឺជារបត់សង្គម និងជាជំពូកប្រវត្តិសាស្ត្រថ្មី ដែលក្រុងប៉េកាំងកំពុងផ្លាស់ប្តូរយ៉ាងសកម្ម។ តើមានយុទ្ធសាស្ត្រ និងមហិច្ឆតាស៊ីជម្រៅអ្វីខ្លះនៅពីក្រោយការសម្រេចចិត្តផ្លាស់ប្តូរមុខមាត់វីរបុរសជាតិរបស់ចិននាពេលនេះ?
មេដឹកនាំចិន
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times របត់សង្គមដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងប្រទេសចិន កំពុងកើតឡើងយ៉ាងពិតប្រាកដ និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកសង្កេតការណ៍ និងទេសចរបរទេស។ ជាការពិតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រូបភាព ឬបដាភាគច្រើននៅតាមទីសាធារណៈទូទាំងប្រទេសចិន គឺជានិមិត្តរូបនៃមេដឹកនាំកំពូល ឥស្សរជននយោបាយ និងវីរបុរសបដិវត្តន៍របស់បក្សកុម្មុយនីស្តចិន។ ប៉ុន្តែបច្ចុប្បន្នរូបភាពទាំងនោះកំពុងត្រូវបានជំនួសដោយផ្ទៃមុខរបស់អ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកស្រាវជ្រាវ និងអ្នកច្នៃប្រឌិតបច្ចេកវិទ្យា ដែលជាអ្នកបង្កើតស្នាដៃពិតប្រាកដជូនជាតិ ហើយកំពុងត្រូវបានលើកតម្កើងជាជនគំរូជាន់ខ្ពស់សម្រាប់សង្គម និងជំនាន់ក្រោយ។
បណ្តាញព័ត៌មានដដែលបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរនេះមិនមែនមានន័យថា ចិនបោះបង់ការលើកតម្កើងថ្នាក់ដឹកនាំនយោបាយនោះទេ ប៉ុន្តែគឺជាការបន្ថែមអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចូលទៅក្នុងបញ្ជីវីរជនជាតិ ដើម្បីបំផុសស្មារតីយុវជនឱ្យខិតខំស្រាវជ្រាវ បង្កើតថ្មី និងយកចំណេះដឹងមកបម្រើជាតិ។ ក្រុមអ្នកវិភាគមើលឃើញថា នេះជាយុទ្ធសាស្ត្រនយោបាយទាក់ទាញខួរក្បាល របស់ថ្នាក់ដឹកនាំចិន ក្នុងការបង្កើតបរិយាកាសទាក់ទាញ និងប្រមូលផ្តុំបញ្ញវ័ន្តចិនពីក្រៅប្រទេសឱ្យត្រឡប់មកជួយជាតិវិញ។
ជាក់ស្តែងចិន មានវីរជនវិទ្យាសាស្ត្រល្បីៗជាច្រើន ដែលត្រូវបានលើកតម្កើងរួមមានលោក ឈាន ស៊ឺសិន (Qian Xuesen) អ្នកវិទ្យាសាស្រ្តអភិវឌ្ឍកម្មវិធីរ៉ុក្កែត និងអវកាស, លោក តេង ជាសៀន (Deng Jiaxian) អ្នករូបវិទ្យាជំនាញកម្មវិធីនុយក្លេអ៊ែ, និងលោក យ័ន ឡូងភីង (Yuan Longping) អ្នកក្សេតវិទូបង្កាត់ពូជស្រូវជាដើម។ ប៉ុន្តែអ្វីដែលក្រុងប៉េកាំងប្រមើមើលទៅថ្ងៃអនាគត គឺការបង្កើតកងទ័ពអ្នកវិទ្យាសាស្ត្រជំនាន់ថ្មីរាប់ម៉ឺននាក់បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងមហិច្ឆិតាត្រួតត្រាវិស័យ AI, បន្ទះឈីប, រ៉ូបូត, ជីវបច្ចេកវិទ្យា និងបេសកកម្មអវកាស។
ការផ្លាស់ប្តូរនេះ ក៏ជាវិទ្យាសាស្ត្រផ្លូវចិត្តដ៏ឆ្លាតវៃក្នុងការគ្រប់គ្រងសង្គមរបស់មេដឹកនាំចិនផងដែរ។ តាមធម្មតានៅពេលពលរដ្ឋមើលឃើញតែរូបភាពមេដឹកនាំនយោបាយដដែលៗនៅគ្រប់ទិសទី វាអាចបង្កើតជាអារម្មណ៍ស៊ាំ ធុញទ្រាន់ ឬរងសម្ពាធផ្លូវចិត្ត។ ប៉ុន្តែនៅពេលរូបភាពអ្នកវិទ្យាសាស្ត្រ និងអ្នកអប់រំត្រូវបានរំលេចឡើង វាបានបញ្ជ្រាបសារយ៉ាងមានឥទ្ធិពលថា ជោគជ័យ និងភាពស្ដុកស្ដម្ភរបស់ជាតិ គឺជាស្នាដៃរួមរបស់ប្រជាជាតិទាំងមូល មិនមែនជាកិច្ចការរបស់បុគ្គលតែម្នាក់ឡើយ។ ទង្វើនេះមិនត្រឹមតែជួយបន្ធូរបន្ថយសម្ពាធនយោបាយលើមេដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ប្រឹងប្រែងបង្កើតស្នាដៃផ្ទាល់ខ្លួន ដើម្បីក្លាយជាវីរបុរសជាតិជំនាន់ក្រោយផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្កេមអនឡាញកំពុងក្លាយជាមេរោគសង្គមថ្មីគំរាមកំហែងដល់មនុស្សជាតិទូទាំងតំបន់ និងលើពិភពលោក

ការឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scam កំពុងក្លាយជារោគសង្គមរ៉ាំរ៉ៃថ្មី ដ៏គួរឱ្យភ័យខ្លាច ដែលអាចអូសបន្លាយយាយីមនុស្សជាតិរាប់ដំណរ មិនខុសពី…

ហេតុអ្វីថៃ ចាប់ផ្ដើមបង្ក្រាបលើជនបរទេសកាន់កាប់អចលនទ្រព្យ ហើយវិធានការនេះនឹងជះឥទ្ធិលយ៉ាងណា?

ថៃ កំពុងរឹតបន្តឹងការកាន់កាប់អចលនទ្រព្យដោយជនបរទេស ដោយបើកយុទ្ធនាការត្រួតពិនិត្យទូទាំង​ប្រទេសលើក្រុមហ៊ុន ដែលជាប់សង្ស័យថា ប្រើជនជាតិថៃ ជាអ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ