ផ្អែកលើទិន្នន័យផ្លូវការ ផ្ទៃដីដាំដុះស្រូវកូនកាត់នៅប្រទេសចិន បានរក្សាទំហំជាង១៣លានហិកតាជាច្រើនឆ្នាំមកហើយ ប៉ុន្តែមកដល់ឆ្នាំ២០២៥ ផ្ទៃដីដាំដុះបានកើនឡើងលើស៦៦៦លានហិកតានៅទូទាំងប្រទេស។ ទោះជាយ៉ាងណាឧស្សាហកម្មផលិតស្រូវកូនកាត់នៅចិន តែងជួបបញ្ហាប្រឈមរ៉ាំរ៉ៃចំនួន២ គឺតម្លៃគ្រាប់ពូជថ្លៃ និងទិន្នផលផលិតកម្មនៅមានកម្រិត។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CCTV ដើម្បីដោះស្រាយបញ្ហានេះមជ្ឈមណ្ឌលស្រាវជ្រាវស្រូវកូនកាត់ខេត្តហ៊ូណាន បានចំណាយពេលជាង២០ឆ្នាំ ស្រាវជ្រាវបង្កាត់ពូជស្រូវ ដែលមានសមត្ថភាពផលិតគ្រាប់ខ្ពស់។ ជាលទ្ធផលក្រុមអ្នកស្រាវជ្រាវផលិតបានពូជស្រូវឈ្មោលថ្មីមួយប្រភេទមានឈ្មោះថា«សួង១អេស»។ ពូជនេះមានលក្ខណៈពិសេសអស្ចារ្យ គឺធន់នឹងបម្រែបម្រួលអាកាសធាតុ មានអត្រាបង្កាត់គ្រាប់ខ្ពស់ខ្លាំង និងអាចផ្សំជាមួយពូជញីបានយ៉ាងល្អឥតខ្ចោះ ដែលអាចផ្តល់ទិន្នផលស្រូវរហូតដល់ជិត៨តោនក្នុង១ហិកតា។ បន្ថែមលើនេះ ក្រុមការងារស្រាវជ្រាវក៏បានបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យាដាំដុះគ្រប់ជ្រុងជ្រោយ សម្រាប់ការផលិតគ្រាប់ពូជស្រូវកូនកាត់ទិន្នផលខ្ពស់ក្នុងខ្នាតធំ ព្រមទាំងផ្តល់ជូននូវក្របខណ្ឌបច្ចេកទេសជាក់ស្តែង ដែលងាយស្រួលឱ្យកសិករ និងអ្នកផលិតគ្រាប់ពូជយកទៅអនុវត្តតាមដោយជោគជ័យផងដែរ៕
អត្ថបទៈ សួន ឡង់ទី