ទោះជាយ៉ាងណាក៏ដោយ Apple នៅតែឈរលើកំពូលតារាក្រុមហ៊ុនមានតម្លៃខ្ពស់បំផុតដដែល គ្រាន់តែធ្លាក់មកនៅកៀកនឹងក្រុមហ៊ុនលំដាប់ទី២បន្ដិចតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
គេនៅចាំបានថា ក្រុមហ៊ុន Apple កាលពីដើមខែមករា ឆ្នាំមុន ធ្លាប់បានក្លាយជាក្រុមហ៊ុនដំបូងដែលមានតម្លៃទីផ្សាររហូតដល់ ៣ទី្រលានដុល្លារអាមេរិកឯណោះ។ ប៉ុន្ដែចូលមកដល់ដើមឆ្នាំ២០២៣នេះ ពោលគឺ នៅថ្ងៃទី៣ ខែមករា តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ធ្លាក់ក្រោម ២ទ្រីលានដុល្លារជាលើកដំបូង ចាប់តាំងពីខែមីនា ឆ្នាំ២០២១មក។
ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្លាក់ចុះ ៣,៧% មកត្រឹមតម្លៃ ១២៥,០៧ដុល្លារក្នុង១ហ៊ុន កាលពីថ្ងៃទី ៣ខែមករាឆ្នាំ២០២៣។ ការធ្លាក់ចុះភាគហ៊ុននេះ គឺបានធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុន Apple មកនៅត្រឹម ១,៩៩ទ្រីលានដុល្លារ និងនាំមុខក្រុមហ៊ុន Microsoft បន្តិចបន្ដួចតែប៉ុណ្ណោះ ដែលមានតម្លៃ ១,៨ទ្រីលានដុល្លារ។
កាន់តែអាក្រក់ជាងនេះទៀតនោះ Apple បានប្រាប់ទៅក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនដែលប្រតិបត្តិការនៅចិនសម្រាប់ការផលិតគ្រឿងបង្គុំសម្រាប់កាស AirPod, នាឡិកា Apple Watch និងកុំព្យូទ័រ MacBook ឱ្យបន្ថយការផលិតរបស់ខ្លួនផងដែរ ដោយសារតែតម្រូវការធ្លាក់ចុះ បណ្តាលមកពីសេដ្ឋកិច្ចសាកលយឺត និងអតិផរណាខ្ពស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
ជាមួយគ្នានេះដែរ លោក Jerome Ramel អ្នកវិភាគម្នាក់នៅ Exane BNP Paribas បានបន្ទាបការព្យាកររបស់លោកនូវចំនួនបញ្ចេញលក់ iPhone សម្រាប់ឆ្នាំ២០២៣នេះ ពីចំនួន ២៤៥លានគ្រឿង មកនៅ ២២៤លានគ្រឿង ដោយសារបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Foxconn នៅក្នុងប្រទេសចិន ហើយអ្នកប្រើប្រាស់បានកាត់បន្ថយការចំណាយរបស់ពួកគេ។
ទន្ទឹមនឹងការបារម្ភពីតម្រូវការធ្លាក់ចុះនេះដែរ ក្រុមអ្នកវិភាគបានរំពឹងថា ក្រុមហ៊ុន Apple នឹងចេញរបាយការណ៍នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ អំពីការធ្លាក់ចុះប្រាក់ចំណូល ១% នៅចុងត្រីមាសកន្លងទៅ ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០១៩មក។
សូមជម្រាបថា ក្រុមហ៊ុន Apple បានទទួលរងភាពយឺតយ៉ាវរួចមកហើយនៅក្នុងការផលិត iPhone របស់រោងចក្រក្រុមហ៊ុន Foxconn ក្នុងក្រុងចីងចូវ ប្រទេសចិន ដោយសារការផ្ទុះកូវីដ១៩ កាលពីខែតុលា និងការដាក់ចេញគោលនយោបាយសូន្យកូវីដ។ យ៉ាងណាមិញ ក្រោយរដ្ឋាភិបាលក្រុងប៉េកាំង បានសម្រាលគោលនយោបាយសូន្យកូវីដវិញនោះ គឺវាបែរជាធ្វើឱ្យមានការខ្វះខាតកម្លាំងពលកម្ម នៅរោងចក្រដំឡើង និងគ្រឿងបង្គុំ នៅទូទាំងប្រទេសនេះទៅវិញ ដោយសារតែករណីឆ្លងកូវីដកើនឡើង។
បើតាមក្រុមអ្នកវិភាគបានលើកឡើងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple នឹងធ្លាក់ក្រោម ១២៤ពាន់លានដុល្លារ ដែលខ្លួនសម្រេចបានកាលពីមុន។ លើសពីនេះ ហានិភ័យប្រាក់ចំណូលរបស់ Apple សម្រាប់ឆ្នាំ២០២៣នេះ ក៏នឹងកើនឡើងផងដែរ ដោយសារតែប្រជាជនចិននឹងប្រឈមនឹងការស្លាប់ដោយសារកូវីដ១៩កាន់តែច្រើន។ ជាក់ស្តែង ហាង Apple មួយកន្លែងនៅទីប្រជុំជនក្រុងប៉េកាំង បានកាត់បន្ថយម៉ោងបើក ដោយសារបុគ្គលិកធ្លាក់ខ្លួនឈឺ៕
អត្ថបទ ៖ នៅ សំភី