ជាការពិត វៀតណាម ត្រូវបានគេមើលឃើញថា ជាជម្រើសទិសដៅវិនិយោគជំនួសប្រទេសចិន និងជម្រើសល្អបំផុតមួយសម្រាប់ក្រុមហ៊ុនផលិតកម្មទៅបណ្តាក់ទុន ដោយសារថ្លៃពលកម្មនៅវៀតណាមថោក។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទំនាក់ទំនងដ៏កក់ក្តៅជាមួយទីក្រុងវ៉ាស៊ីនតោនផងនោះ វៀតណាមបានសង្គ្រោះក្រុមហ៊ុនផលិតរបស់ខ្លួនពីពន្ធគយ និងបានបញ្ជៀសទណ្ឌកម្ម ដែលអាមេរិកបានដាក់មកលើប្រទេសក្បែរខាងរបស់ខ្លួន គឺប្រទេសចិន។ ដូចនេះ ទីក្រុងហាណូយបានទទួលផលប្រយោជន៍ទាំងសងខាងក្នុងពេលតែមួយ។
ការរួមបញ្ចូលគ្នានៃតម្លៃពលកម្មទាប និងភាពជិតទៅនឹងខ្សែចង្វាក់ផ្គត់ផ្គង់របស់ចិន ក៏ទាក់ទាញការវិនិយោគបរទេសផងដែរ។ គួរជម្រាបថា ការវិនិយោគពីបរទេសរបស់វៀតណាម បានកើនឡើងជាង ១៣% ដែលមានតម្លៃដល់ទៅ ២២ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយសារក្រុមហ៊ុនបានបង្កើនផលិតកម្មរបស់ខ្លួនដែលគ្របដណ្តប់លើវិស័យដូចជាគ្រឿងអេឡិចត្រូនិច សំលៀកបំពាក់ និងស្បែកជើងប៉ាតាជាដើម។
បើតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមកាលពីឆ្នាំមុនបង្ហាញថា ប្រាក់ចំណូលនៃការនាំចេញបច្ចុប្បន្នរបស់វៀតណាមមានជាង ៣៧២ ពាន់លានដុល្លារ ដែលស្មើនឹង ៩០% នៃទិន្នផលសរុបកាលពីឆ្នាំមុន។ ប៉ុន្តែ ឥឡូវនេះតម្រូវការនៅក្រៅប្រទេសកំពុងជាប់គាំង ខណៈដែលប្រទេសនេះកំពុងមានការខ្វះខាតទីផ្សារអ្នកប្រើប្រាស់ដ៏ធំសម្បើមរបស់ប្រទេសចិន។ ទោះបីថា កម្មករវៀតណាម វ័យក្មេងច្រើនជាងចិនក្ដី ពួកគេចាស់ជាងបើធៀបនឹងពលករនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌា ដូច្នេះការប្រកួតប្រជែងតម្លៃពលកម្មរបស់វៀតណាមប្រហែលជាមិនស្ថិតស្ថិរឡើយ។
នៅក្នុងបរិបទនេះ សញ្ញានៃភាពតានតឹងក្នុងស្រុកកំពុងធ្វើឱ្យមានព្រួយបារម្ភ។ ទន្ទឹមគ្នានេះ យុទ្ធនាការបង្រ្កាបអំពើពុករលួយដែលបានទម្លាក់អតីតប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក កាលពីខែមករាកន្លងទៅ ក៏បានធ្វើឱ្យមានការខូចខាតដល់ប្រព័ន្ធការិយាធិបតេយ្យ វិស័យអចលនទ្រព្យ និងធ្វើឱ្យប៉ះពាល់ដល់សន្ទស្សន៍ទីផ្សារភាគហ៊ុនគោលផងដែរ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំមុនបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងជាង ៨% ក្នុងឆ្នាំ២០២២ ដែលជាល្បឿនប្រចាំឆ្នាំលឿនបំផុតចាប់តាំងពីឆ្នាំ១៩៩៧មក។ ការនាំចេញរបស់វៀតណាមមានលក្ខណៈថេរក្នុងខែកុម្ភៈកន្លងទៅ ហើយបានធ្លាក់ចុះជាង ២៣% នៅក្នុងខែមករា បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យ Refinitiv បានចេញផ្សាយនៅថ្ងៃទី ៩ ខែមីនា៕