ចំនួនភ្ញៀវទេសចរជនជាតិចិន ដែលគេរំពឹងថា នឹងមកលេងកម្សាន្តនៅប្រទេសថៃចំនួនប្រមាណជា ៥ លាននាក់នៅក្នុងឆ្នាំ ២០២៣ ប្រហែលជាមិនមែនជាការពិតទេ។ នៅពេលនេះ អ្នកជំនាញផ្នែកទេសចរណ៍ថៃបន្ថយក្តីរំពឹងនោះហើយ ក្រោយពីបានឃើញតួរលេខនៃការមកដល់របស់ពួកគេ មិនដូចការគ្រោងទុកក្នុងរយៈពេលជិត ៤ ខែមកនេះ។
លោក ស៊ីឌីវាច ជីវ៉ារ៉ាតាណាផន (Sisdivachr Cheewarattanaporn) ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានឱ្យដឹងថា វិស័យឧស្សាហកម្មទេសចរណ៍ថៃត្រូវរងចាំរហូតដល់ឆមាសទី ២ នៃឆ្នាំ ២០២៣ នេះ ដើម្បីវាយតម្លៃចំនួនទេសចរចិនកាន់តែច្បាស់ បន្ទាប់ពីភ្ញៀវចិនបានមកលេងនៅក្នុងប្រទេសថៃក្នុងរយៈពេល ៤ ខែដំបូងនេះ តិចជាងការរំពឹងទុក។
គិតត្រឹមថ្ងៃទី ១៨ ខែមេសា ចំនួនភ្ញៀវទេសចរចិនបានមកដល់ថៃប្រហែលតែជិត ៧ សែននាក់ ពោលគឺស្មើនឹង ១៤% នៃចំនួនដែលគេបានរំពឹងទុកសម្រាប់ឆ្នាំ ២០២៣។ ដូច្នេះ ប្រទេសថៃនៅត្រូវការភ្ញៀវទេសចរចិនចំនួន ប្រមាណជា ៤ លាន ៣ សែននាក់បន្ថែមទៀត ក្នុងរយៈពេល ៨ ខែខាងមុខ។
កាលពីដើមឆ្នាំនេះ ស្ថានភាពទីផ្សារហាក់មានអំណោយផលច្រើន ដោយសារគេគិតថាអាចមានតម្រូវការច្រើនពីខាងប្រទេសចិន អំឡុងពិធីបុណ្យចូលឆ្នាំចិននាខែមករា ឆ្នាំនេះ ដែលត្រូវចំពេលដែលទីក្រុងប៉េកាំងដកការរឹតបន្តឹងលើការធ្វើដំណើរបានពីរសប្ដាហ៍។
ចំនួនសរុបនៃភ្ញៀវទេសសចរចិនដែលមកដល់ថៃក្នុងរយៈពេលពីរខែដំបូងមានជិត ២ សែន ៥ ម៉ឺននាក់ មុនពេលកើនឡើងជាបណ្តើរៗរហូតដល់ជិត ២ សែន ៧ ម៉ឺននាក់ នៅក្នុងខែមីនា ខណៈដែលមានការបង្កើនជើងហោះហើរបន្ថែម។
លោក ស៊ីឌីវាច ជីវ៉ារ៉ាតាណាផន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានពន្យល់ថា ក្រៅពីចំនួនកៅអីមិនគ្រប់គ្រាន់ និងថ្លៃធ្វើដំណើរកើនឡើង ទេសចរដែលចង់មកប្រទេសថៃក៏ប្រឈមមុខនឹងឧបសគ្គនានាក្នុងដំណើរការស្នើសុំទិដ្ឋាការផងដែរ។
លោកបាននិយាយថា សមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានទទួលរបាយការណ៍មួយចំនួនពីអ្នកទេសចរ ទាក់ទងនឹងដំណើរមិនសមស្របក្នុងការសុំទិដ្ឋាការ ដែលជំរុញឱ្យពួកគេភាគច្រើនប្រើជម្រើសសុំទិដ្ឋាការពេលមកដល់ជំនួសវិញ ខណៈដែលភ្ញៀវទេសចរមួយចំនួនបានផ្លាស់ប្តូរផែនការ និងសម្រេចចិត្តមិនមកប្រទេសថៃតែម្តង ។
លោក ស៊ីឌីវាច ជីវ៉ារ៉ាតាណាផន បានបញ្ជាក់ថា៖ "ដោយសារឧបសគ្គផ្នែកទិដ្ឋាការ និងការបើកជើងហោះហើរឡើងវិញបន្តិចម្ដងៗ វាប្រហែលជាពិបាកក្នុងការទទួលបានភ្ញៀវទេសចរចិនចំនួន ៥ លាននាក់នៅឆ្នាំនេះ លើកលែងតែយើងមានកំណើនខ្លាំងនៅឆមាសទី ២"។
ប្រទេសថៃបានកត់ត្រាការមកដល់របស់ជនបរទេសជិត ៦ លាន ៥ សែននាក់ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ ពោលគឺនៅតិចជាងច្រើនណាស់ បើប្រៀបធៀបទៅនឹងចំនួន ១០ លាន ៧ សែននាក់ ដែលបានមកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។
លោក យុត្ថាសាក់ ស៊ុប៉ាសន ( Yuthasak Supasorn) ប្រធានអាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា ស្ថាប័នរបស់លោកបានពិភាក្សាជាមួយវិស័យឯកជន អំពីបញ្ហានានាក្នុងដំណើការសុំទិដ្ឋាការ ប៉ុន្តែភាគីទាំងសងខាងមិនសម្រេចបានដំណោះស្រាយទេ។ លោកបាននិយាយថា ភាពលំបាកនៃនីតិវិធីទិដ្ឋាការគឺទាក់ទងនឹងការកំណត់ផ្ដល់ទិដ្ឋាការអេឡិចត្រូនិកត្រឹមតែចំនួន ៨ ម៉ឺនច្បាប់ ក្នុងមួយខែ៕