ជាងពីរឆ្នាំក្រោយរដ្ឋប្រហារដោយក្រុមយោធា ដឹកនាំដោយឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពីខែកុម្ភៈឆ្នាំ២០២១ មីយ៉ាន់ម៉ាគ្មានសោះឡើយស្ថិរភាពនយោបាយនិងសង្គម។ ការណ៍នេះបានបញ្ចប់ដំណើរការប្រជាធិបតេយ្យដ៏ខ្លីនៅក្នុងប្រទេស និងបានបង្កឱ្យមានការងើបតស៊ូប្រដាប់អាវុធដោយក្រុមប្រឆាំនឹងរបបយោធាជាហូរហែររហូតមកទល់ពេលបច្ចុប្បន្ននេះ។
ទន្ទឹមនេះ កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មខាងផ្លូវការទូតដោយអង្គការសហប្រជាជាជាតិ ជាមួយនឹងក្រុមប្រទេសអាស៊ាន ដើម្បីដោះស្រាយបញ្ហាជាប់គាំងនិងបញ្ចប់អំពើហិង្សា បានទទួលបរាជ័យទាំងស្រុងក្នុងការបញ្ចុះបញ្ចូលរបបសឹកដែលកំពុងកាន់អំណាចយ៉ាងណែនក្នុងដៃ។
តាមលោក ស្តេហ្វាន ឌុយហ្សារីក (Stephane Dujarric) អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបានឱ្យដឹងថា លោកស្រី ណោលីន ហាយហ្សើរ (Noeleen Heyzer) នឹងបញ្ចប់ភារកិច្ចរបស់ខ្លួននៅថ្ងៃទី១២ ខែមិថុនា ជាពេលដែលកិច្ចសន្យារបស់លោកស្រីជាប្រេសិតពិសេសប្រចាំនៅប្រទេសមីយ៉ាន់ម៉ាត្រូវបញ្ចប់។ លោក ឌុយហ្សារិក បន្ថែមថា លោក ហ្គូតឺរេស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោកស្រី ហាយហ្សើរ ចំពោះការបំពេញភារកិច្ចមិនចេះនឿយហត់ក្នុងនាមជាអ្នកស្វែងរកសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ លោកថា ប្រេសិតថ្មីនឹងត្រូវតែងតាំងបន្ទាប់ពីនោះ។
ជាសង្គមវិទូជនជាតិសឹង្ហបុរី លោកស្រី ណោលីន ហាយហ្សើរ ត្រូវបានអង្គការសហប្រជាជាតិចាត់តាំងឱ្យទៅជំរុញរបបសឹកឱ្យងាកមកចូលរួមកិច្ចពិភាក្សានយោបាយ ជាមួយនឹងក្រុមប្រឆាំង ពិសេសជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដើម្បីបញ្ចប់ការបង្ហូរឈាមជាបន្តបន្ទាប់លើជនស៊ីវិល។
លោកស្រីបានធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែសីហាឆ្នាំមុន និងបានជួបជាមួយមេរបបយោធា លោក មីន អ៊ុងឡាំង ក៏ដូចជាមន្ត្រីយោធាកំពូលៗផ្សេងទៀត។ ទង្វើបែបនេះត្រូវក្រុមអ្នកការពារសិទ្ធិមនុស្សរិះគន់ថាផ្ដល់ភាពស្របច្បាប់ទៅឱ្យក្រុមយោធាដែលបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។ ក្រោយមក ប្រេសិតពិសេសរូបនេះត្រូវបានរបបសឹកបដិសេដមិនឱ្យជួបលោកស្រី អ៊ុង សាន ស៊ូជី ឡើយ ហើយក៏បានទទួលការវាយប្រហារជាពាក្យសម្ដីធ្ងន់ៗពីមន្ត្រីរបបយោធាមីយ៉ាន់ម៉ា ក្នុងរឿងចេញសេចក្តីថ្លែងការណ៍តែម្ខាងអំពីអ្វីដែលបានពិភាក្សាគ្នា។
ក្រោយមក លោកស្រីបានប្តេជ្ញាថានឹងមិនធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាម្តងទៀតទេ លុះត្រាតែលោកស្រីត្រូវបានអនុញ្ញាតឱ្យជួបលោកស្រី ស៊ូជី ដែលត្រូវបានតុលាការរបបសឹកកាត់ទោសជាអសាធារណៈឲ្យជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ។ គួររំលឹកបន្តិចថា រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលជាប្រេសិតតំណាងអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាចំនួនពីរដង ប៉ុន្តែរបបយោធាក៏បានបដិសេធមិនឱ្យលោកបានទៅជួបលោកស្រី ស៊ូជី ដែរ។
យោងតាមក្រុមឃ្លាំមើលក្នុងតំបន់, មកដល់ពេលនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានមនុស្សជាង ៣៥០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបរបស់យោធាចាប់តាំងពីពេលមានរដ្ឋប្រហារមក ហើយបើយោងតាមអង្គការសហប្រជាជាតិវិញ មានមនុស្សជាង ១ លាននាក់ បានផ្លាស់ទីលំនៅដោយសារអំពើហិង្សា៕