បណ្ដាប្រទេសបស្ចិមលោក មានអឺរ៉ុប និងសហរដ្ឋអាម៉េរិកជាដើម កំពុងប្រឹងប្រែងស្ដារឧស្សាហកម្មបន្ទះឈីបរបស់ពួកគេយ៉ាងខ្លាំងក្រោយពីបានធ្លាក់ចុះដោយសារជំងឺរាតត្បាតសកល ខណៈដែលបស្ចិមលោកបានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបឱ្យទៅផលិតនៅក្នុងប្រទេសរបស់ពួកគេ។
ប៉ុន្តែលោក ហ្វូកេត បាននិយាយក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានជប៉ុននីកេអេស៊ានៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ASML កាលពីថ្ងៃអង្គារថា តំបន់អាស៊ីនឹងនៅតែជាមជ្ឈមណ្ឌលឧស្សាហកម្មបន្ទះឈីបដ៏មានសក្ដានុភាពដដែល ទោះបីជាបណ្ដាប្រទេសបស្ចិមលោកកំពុងប្រឹងប្រែងជំរុញឧស្សាហកម្មនេះយ៉ាងណាក៏ដោយ។
លោក ហ្វូកេត បានបញ្ជាក់ថា ល្បឿននៃកំណើនសមត្ថភាពផលិតបន្ទះឈីបនៅអាស៊ីនៅតែលឿនដដែល ហើយលោករំពឹងថា តំបន់ដែលមានការប្រកួតប្រជែងខ្ពស់នេះនឹងនៅតែជាតំបន់ឈានមុខគេសម្រាប់ផលិតកម្មនេះនៅក្នុងពេលជាច្រើនឆ្នាំទៅមុខទៀត ខណៈដែលប្រទេសចិនទំនងជាបានបង្កើនការចំណាយលើឧស្សាហកម្មនេះនៅឆមាសទីមួយឆ្នាំនេះរួចបាត់ទៅហើយ។
បើតាមទស្សនៈរបស់លោក ហ្វូកេត បានបង្ហាញថា អឺរ៉ុប និងសហរដ្ឋអាមេរិកត្រូវធ្វើកិច្ចការច្រើនទៀតក្រៅតែពីការកសាងរោងចក្រផលិតបន្ទះឈីបនៅក្រោមការឧបត្ថម្ភធនរបស់ពួកគេដើម្បីមានឥទ្ធិពលពិតប្រាកដលើឧស្សាហកម្មមួយនេះ៕
អត្ថបទ៖ សុខ មង្គល