ដំណាំប៊័រ ឬភាសាអង់គ្លេសហៅថា អាវូកាដូ ដែលត្រូវបានគេស្គាល់ថា មានការដាំដុះច្រើននៅខេត្តភាគឦសាននៃប្រទេសកម្ពុជា ហើយបច្ចុប្បន្នក៏មានសន្ទុះដាំដុះនៅខេត្តផ្សេងទៀតដែរ ដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ជាដើម ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈដែលពលរដ្ឋខ្មែរកាន់តែច្រើនចូលចិត្តទទួលទាន។
លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិម្ម និងជាអ្នកបង្កើតសហគមន៍កសិកម្មសម្បូរសប្បាយនៅតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជា បានចាប់ផ្តើមគម្រោងវិនិយោគដាំដើមប៊័រ ឬ អាវ៉ូកាដូ តាមរយ:សហគមន៍សម្បូរអាវ៉ូកាដូ ដោយមានការចូលរួមពីអ្នកចូលចិត្តបរិភោគផ្លែប៊័រ និងអ្នកដែលចង់បានចំណូលពីផ្លែប៊័រ ដោយឆ្នាំនេះលោកកំពុងដាំ ១០០០ ដើម នៅក្នុងសហគមន៍សម្បូរសប្បាយអូរសោម។
លោកបណ្ឌិត យ៉ង សាំងកុមារ បន្ថែមទៀតថា លោកនិងក្រុមការងារ កំពុងសិក្សាពូជប៊័រ ដែលមាននៅកម្ពុជានិងប្រទេសជិតខាង ដោយនឹងរៀបចំផលិតពូជទៅតាមតំរូវការទីផ្សារ និងរដូវ ដោយសារកន្លងមកលោកសង្កេតឃើញថា អ្នកនិយមបរិភោគផ្លែប៊័រនៅកម្ពុជា កំពុងបារម្ភ និងបញ្ហាប្រឈម៣យ៉ាង រួមមាន ទី១ គឺការជ្រើសរើសពូជឲ្យត្រូវនឹងចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ ដោយអ្នកប្រើប្រាស់ភាគច្រើននិយមចូលចិត្តទទួលទានពូជប៊័រដែលមានសាច់ល្មួត។ ទី២ គឺការនាំចូល ដែលកន្លងមកមានផ្លែប៊័រជាច្រើនត្រូវបាននាំចូលពីប្រទេសជិតខាងដូចជាវៀតណាមជាដើម។ និងទី៣ គឺកត្តាតម្លៃ ដោយសារតែតម្លៃប៊័រក្នុងស្រុក នៅមានតម្លៃខ្ពស់នៅឡើយបើធៀបនឹងប៊័រនាំចូល។ ដូច្នេះ អ្វីដែលកម្ពុជាត្រូវធ្វើ គឺត្រូវជ្រើសពូជប៊័រដាំឲ្យត្រូវនឹងតម្រូវការការទីផ្សារ ជាមួយនឹងការចំណាយថ្លៃដើមទាប ទើបអាចលក់ចេញទៅវិញក្នុងតម្លៃប្រកួតប្រជែងជាមួយប៊័រនាំចូលបាន។
ជុំវិញទៅនឹង គម្រោងការដាំដុះដំណាំប៊័រទ្រង់ទ្រាយធំនេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា បានបញ្ជាក់ថា ផ្លែប៊័រនេះ ក៏អាចចាត់ចូលជាកសិផលសក្ដានុពលមួយរបស់កម្ពុជាដែរ ប៉ុន្ដែមកទល់ពេលនេះ ក្រសួងមិនទាន់មានគម្រោងលើមុខដំណាំប៊័រនេះនៅឡើយទេ ដោយសារទីផ្សារខាងក្រៅមិនទាន់មានតម្រូវការ ហើយការដាំដុះនៅក្នុងស្រុកនៅមានតិចតួចនៅឡើយ។
បើតាមលោកបណ្ឌិត យ៉ង សាំងកុមារ ដើមប៊័រ ឬអាវូកាដូ មានប្រភពដើមមកពីប្រទេសម៉ិចស៊ីកូ ដោយសារដំណាំនេះ ដុះលូតលាស់បានផលល្អនៅតំបន់ ដែលមានអាកាសធាតុចន្លោះពី១៥ ទៅ ៣០ អង្សារសេ ឬល្អបំផុត ២០ទៅ ២៥ អង្សារសេ។ តំបន់ខ្ពង់រាប និង ភ្នំជាពិសេសមណ្ឌលគីរី អូរសោម វាលវែង រតនគីរី មានស្ថានភាពសមស្របល្អសម្រាប់ដំណាំនេះ។ ជំនាញកសិកម្មរូបនេះ រំពឹងថា ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ ការដាំអាវ៉ូកាដូនឹងនាំចំណូលរាប់រយលានដុល្លារសម្រាប់កម្ពុជា បើសិនជាមានការគិតគូររៀបចំផែនការដាំដុះសម្រាប់ការនាំចេញ៕