
ភាគហ៊ុននៅសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street បានហក់ឡើងមួយរំពេចក្រោយធនាគារកណ្ដាលអាម៉េរិកសម្រេចរក្សាអត្រាការប្រាក់គោលដោយគ្មានការប្រែប្រួលដូចការរំពឹងទុកកាលពីថ្ងៃទី១៩ ខែមីនា។ ប្រធានធនាគារកណ្តាលអាម៉េរិកលោក ជើរ៉ូម ផៅវែល (Jerome Powell) បានទទួលស្គាល់ថា ការដំឡើងពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកធ្លាក់ចុះ និងធ្វើឱ្យអតិផរណាកើនឡើង។
លោកបានសង្កត់ធ្ងន់ថា ភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់លោក ដូណាល់ ត្រាំ កំពុងជះផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកទាំងមូលក្នុងនាមមហាអំណាចទី១របស់ពិភពលោក។ លោកជឿជាក់ថា តម្លៃទំនិញអាចនឹងហក់ឡើងលឿនជាងការរំពឹងទុកដោយសារការដំឡើងពន្ធនាំចូល បន្ទាប់ពីធនាគារកណ្ដាលអាម៉េរិក បានសម្រេចរក្សាទុកអត្រាការប្រាក់គោលដោយគ្មានការប្រែប្រួលក្នុងរង្វន់ពី៤,២៥% ទៅ៤,៥០%។
ទោះជាយ៉ាងណា ក្រុមអ្នកបង្កើតគោលនយោបាយនៅធនាគារកណ្ដាលអាម៉េរិកនៅតែរំពឹងទុកថា ធនាគារកណ្ដាលអាម៉េរិកអាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន២លើកនៅក្នុងឆ្នាំ២០២៥។ ទន្ទឹមនេះ ក្រុមមន្ត្រីធនាគារកណ្ដាលអាម៉រិកបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចអាម៉េរិកពី២,១%មកនៅត្រឹម១,៧%វិញនៅឆ្នាំ២០២៥ នេះ ខណៈអត្រាគ្មានការងារធ្វើនឹងកើនឡើងតិចតួច៕
ដោយ: តែម សុខុម