វិស័យ ធនាគារ

តើមានកត្តាអ្វីជំរុញឱ្យធនាគារវិនិយោគធំៗព្យាករថា ប្រាក់យន់របស់ចិននឹងធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅឆ្នាំ២០២៥?


ធនាគារវិនិយោគ និងក្រុមហ៊ុនសិក្សាវជ្រាវធំៗលំដាប់ពិភពលោកជាច្រើនបានព្យាករថា ប្រាក់យន់របស់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកនឹងធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅត្រឹមចុងឆ្នាំ២០២៥ នៅពេលការគំរាមដំឡើងពន្ធពីសំណាក់សហរដ្ឋអាម៉េរិក កើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNCB។
វិស័យ ធនាគារ
ដោយ

ក្រុងប៉េកាំង កំពុងដុតដៃដុតជើងដោះស្រាយបញ្ហាប្រាក់យន់របស់ខ្លួន ដែលកំពុងធ្លាក់ថ្លៃ ខណៈដែលធនាគារ និងក្រុមហ៊ុនសិក្សាស្រាវជ្រាវធំៗលំដាប់ពិភពលោកបានព្យាករថា លុយយន់របស់ចិននឹងធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្រោយពួកគេរំពឹងថា ប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធតាមអ្វីដែលលោកបានគំរាមកន្លងមក។  

ធនាគារវិនិយោគ និងក្រុមហ៊ុនស្រាវជ្រាវធំៗព្យាករថា ប្រាក់យន់នៅទីផ្សារបរទេសនឹងធ្លាក់ថ្លៃដល់៧,៥១យន់ក្នុង១ដុល្លារអាម៉េរិក នៅត្រឹមចុងឆ្នាំ២០២៥  ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៤ មក។ នេះបើយោងតាមទិន្នន័យរបស់ផ្សារហ៊ុនទីក្រុងឡុងដ៍ LSEG របស់អង់គ្លេស និងការសារព័ត៌មាន CNBC ដែលបានប្រមូលចងក្រងការព្យាកររបស់ធនាគារ និងក្រុមហ៊ុនសិក្សាស្រាវជ្រាវចំនួន១៣។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានប្រកាសថា លោកនឹងដំឡើងពន្ធគយ១០% លើទំនិញចិនទាំងអស់ដែលនាំចូលមកសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការផុសមួយនៅលើគណនីបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោក។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីអំឡុងយុទ្ធនាការបោះឆ្នោត លោកបានសន្យាថា នឹងដំឡើងពន្ធរហូតដល់ទៅ៦០% ឬខ្ពស់ជាងនេះលើទំនិញចិន។  

លោក ម៉ៃធុល កូតេខា (Mitul Kotecha) ប្រធានផ្នែកយុទ្ធសាស្ត្រអត្រាប្ដូរប្រាក់ និងទីផ្សាររីកចម្រើនឆាប់រហ័សប្រចាំអាស៊ី នៃធនាគារអង់គ្លេស Barclays បានលើកឡើងថា ប្រសិនបើសហរដ្ឋអាម៉េរិកដំឡើងពន្ធ៦០%លើទំនិញទាំងអស់របស់ចិន តម្លៃនៃប្រាក់យន់ ចាំបាច់ត្រូវទម្លាក់ឱ្យឈានរហូតដល់៨,៤២យន់ ក្នុង១ដុល្លារអាម៉េរិក ដើម្បីទប់ផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីការដំឡើងពន្ធទាំងនោះ។

និយាយឱ្យងាយយល់ គឺថា ដើម្បីទូទាត់ថ្លៃដើមនៃពន្ធខ្ពស់បែបនេះ ប្រាក់យន់ ចាំបាច់ត្រូវតែធ្លាក់ថ្លៃខ្លាំងធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដើម្បីធ្វើឱ្យទំនិញនាំចេញរបស់ចិន មានតម្លៃថោកជាងមុនក្នុងគោលបំណងរក្សាភាពប្រកួតប្រជែងនៃទំនិញរបស់ចិន នៅក្នុងទីផ្សារពិភពលោក បើទោះបីជាមានការដំឡើងពន្ធបែបនេះក៏ដោយ។

សូមបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិកនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំនេះមក ប្រាក់យន់នៅក្រៅប្រទេសបានធ្លាក់ថ្លៃជាង២% ដោយការជួញដូរចុងក្រោយកាលពីសប្ដាហ៍មុនមានក្នុងអត្រា៧,២៥យន់ ក្នុងមួយដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តុលាការក្រុងក្វាងចូវ រឹត បន្តឹងការចំណាយរបស់ស្ថាបនិកក្រុមហ៊ុន China Evergrande

ឯកសារមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande ដែលកំពុងជួបវិបត្តិបានបង្ហាញថា តុលាការក្រុងក្វាងចូវ ខេត្តក្វាងទុង បានដាក់កំហិ…

ចិន ម៉ិកស៊ិក និងកាណាដា គំរាមចាត់វិធានការសងសឹកលើអាម៉េរិក ក្រោយលោក ដូណាល់ ត្រាំ

សង្គ្រាមពាណិជ្ជកម្មបានចាប់ផ្ដើមកើនឡើងកម្ដៅកាន់តែខ្លាំង ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាថ្មីក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក ដោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ