អ្នកវិភាគបានលើកឡើងថា មូលហេតុដែលអាចធ្វើឱ្យឧស្សាហកម្មរថយន្តដ៏ចំណាស់របស់អឺរ៉ុបកាន់តែស្រអាប់ គឺដោយសារកង្វះម៉ូដែល ដែលមានតម្លៃសមរម្យ និងការប្រកួតប្រជែងកាន់តែសាហាវពីឧស្សាហករផលិតរថយន្តរបស់ចិន។ នៅក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលៗទាំង១០នៅលើពិភពលោកក្នុងរយៈពេល១០ខែឆ្នាំនេះ គឺមានក្រុមហ៊ុនមកពីអឺរ៉ុបតែពីរប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
អ្នកវិភាគបានវាយតម្លៃថា ព្យុះ និងផ្ទាំងពពកខ្មៅ ដែលបានគ្រប់ដណ្តប់លើឧស្សាហកម្មរថយន្តនៅអឺរ៉ុបនៅឆ្នាំនេះ អាចនឹងបន្តបាំងបិទលើឧស្សាហកម្មរថយន្តដ៏មានវ័យចំណាស់របស់តំបន់នេះបន្តទៀតនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ មកដល់ពេលនេះបណ្តាក្រុមហ៊ុនផលិតរថយន្តនៅតំបន់អឺរ៉ុប កំពុងដាក់ផែនការជំរុញផលិតកម្មពីរថយន្តតាមបែបប្រពៃណី ដែលដើរដោយថាមពលប្រេងឥន្ធនៈ មកដើរដោយថាមពលអគ្គីសនី។ ប៉ុន្តែពួកគេកំពុងប្រឈមមុខនឹងបញ្ហាកង្វះម៉ូដែលថ្មីៗទាន់សម័យ និងមានតម្លៃសមរម្យ ហើយក៏ជួបបញ្ហាគ្រឿងបង្គំ ក៏ដូចជាបទប្បញ្ញត្តិផងដែរ ជាពិសេសត្រូវប្រឈមនឹងការប្រកួតប្រជែងដ៏សាហាវពីសំណាក់ក្រុមហ៊ុនផលិតរថយន្តថ្មីៗរបស់ចិន។
លោកស្រី ជូលៀ ផូលីស្កាណូវ៉ា (Julia Poliscanova) អ្នកជំនាញក្នុងវិស័យឧស្សាហកម្មរថយន្តអឺរ៉ុបម្នាក់បានទទួលស្គាល់ថា ស្ថានភាពផលិតកម្មរថយន្តនៅតំបន់អឺរ៉ុប ពិតជាស្ថិតក្នុងលក្ខខណ្ឌអាក្រក់ពិតប្រាកដមែន។ អ្នកជំនាញរូបនេះបានលើកឡើងថា រថយន្តម៉ូដែលថ្មីៗរបស់អឺរ៉ុបពិតមានការលំបាកក្នុងការប្រកួតប្រជែងជាមួយរថយន្តម៉ូដែលថ្មីៗរបស់ក្រុមហ៊ុនមួយចំនួន ជាពិសេសក្រុមហ៊ុនចិន តែម្តង។
នៅពេលនេះក្រុមហ៊ុនផលិតរថយន្តធំៗនៅអឺរ៉ុបភាគច្រើន បានធ្លាក់ចេញពីបញ្ជីកំពូលរថយន្ត ដែលលក់ដាច់បំផុតទាំង១០នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤ ហើយក្នុងនោះ រួមមានទាំងក្រុមហ៊ុន BMW, Ferrari, Renault និង Volvo ជាដើម។ ក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុបដែលអាចឈរជើងនៅក្នុងបញ្ជីកំពូលក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលទាំង១០ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ មានតែពីរប៉ុណ្ណោះ គឺក្រុមហ៊ុន Volkswagen និង Mercedes។
នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ រថយន្តរបស់ក្រុមហ៊ុន Toyota លក់ដាច់បានជាងគេរហូតដល់ជាង៧លានគ្រឿង, ក្រុមហ៊ុន Volkswagen លក់បានជិត៤លានគ្រឿង, ក្រុមហ៊ុន Honda លក់បានជាង៣លានគ្រឿង និងក្រុមហ៊ុន Hyundai លក់បានជាង៣លានគ្រឿង។ ចំណែកក្រុមហ៊ុន Ford និង BYD លក់បានជិត៣លានគ្រឿងដូចគ្នា តែការលក់របស់ Ford ធ្លាក់ចុះ០,២% ខណៈការលក់របស់ BYD មានការកើនឡើងរហូតដល់៣៩%៕
ដោយៈ សរ សុជាតិ