លោក Willie Walsh អគ្គនាយកសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយថា លោកមានសុទិដ្ឋិនិយមចំពោះកំណើនអាកាសចរណ៍នៅឆ្នាំក្រោយ ទោះបីជាមានបញ្ហាប្រឈមពីអតិផរណា តម្លៃនៃការចំណាយនិងរស់នៅខ្ពស់ និងសក្ដានុពលនៃការពង្រីកសេដ្ឋកិច្ចទាបក៏ដោយ។ លោកបានបន្តថា អតិផរណាតម្លៃប្រេងទាប និងតម្រូវការក្នុងការធ្វើដំណើរនឹងជួយរក្សាការចំណាយដែលសមស្របបាន។
សមាគមជឿជាក់ថា តម្រូវការអ្នកដំណើរទូទាំងពិភពលោកនៅឆ្នាំក្រោយនឹងឈានដល់ជិត៦០% នៃកម្រិត២០១៩ ដែលបង្កើនការចំណាយដល់ទៅ ៥២២ ពាន់លានដុល្លារ បើទោះបីជាគោលនយោបាយសូន្យកូវីដរបស់ប្រទេសចិនដាក់កំហិតលើកំណើននេះក៏ដោយ។ ជាមួយគ្នានេះ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិព្យាករណ៍ថា នឹងក្លាយជាតំបន់ចុងក្រោយក្នុងការស្តារឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍ ដោយកំណើនឹងមានជាធម្មតាវិញនៅឆ្នាំ២០២៥ តែនឹងនៅតែបន្តខាតបង់ក្នុងឆ្នាំ២០២៤។
មែនទែនទៅ បើយោងតាមសមាគមដដែលនេះ ដោយសារឥទ្ធិពលនៃការរាំងខ្ទប់របស់ប្រទេសចិន តំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានកំណត់ថា នឹងខាតបង់ចំនួន ១០ ពាន់លានដុល្លារនៅឆ្នាំនេះ និងជាង ៦ ពាន់លានដុល្លារនៅឆ្នាំ២០២៣។
ដោយឡែក បើតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបានឱ្យដឹងថា អាមេរិកខាងជើង គឺជាតំបន់តែមួយគត់ដែលរំពឹងថា នឹងត្រលប់មករកសភាពធម្មតាវិញនៅឆ្នាំនេះ ដោយមានប្រាក់ចំណេញជិត ១០ ពាន់លានដុល្លារ ខណៈដែលតម្រូវការអ្នកដំណើរស្ទើរតែបានត្រលប់ទៅកម្រិតមុនជំងឺរាតត្បាតវិញបាត់ទៅហើយ។ មួយវិញទៀត ពួកគេរំពឹងថា ការរឹតបន្តឹងព្រំដែនរបស់ចិននឹងត្រូវបានដកចេញនៅឆមាសទីពីរនៃឆ្នាំក្រោយនេះ ខណៈដែលលោក Willie Walsh អគ្គនាយក សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបាននិយាយថា ហុងកុងអាចនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅអាស៊ីម្តងទៀតនៅឆ្នាំ២០២៨។
ទន្ទឹមនឹងគ្នានេះ តម្លៃប្រេងឥន្ធនៈរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងមាន ៣០% នៃការចំណាយរបស់ពួកគេ ដោយតម្លៃជាមធ្យមនៃប្រេងឆៅនឹងធ្លាក់ចុះមកនៅត្រឹមជាង ៩២ ដុល្លារ ពី១០២ដុល្លារក្នុងមួយធុងបារ៉ែលនៅឆ្នាំនេះ។
បើតាម លោក Walsh បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនបានប៉ះពាល់ដល់ឧស្សាហកម្មទាំងមូល ដោយសារតែឥទ្ធិពលរបស់វាបានដាក់សម្ពាធទៅលើតម្លៃប្រេងឥន្ធនៈ ហើយតម្លៃសំបុត្រយន្ដហោះកាន់តែខ្ពស់ ក៏បង្ហាញពីតម្លៃចំណាយដែលក្រុមហ៊ុនអាកាសចរណ៍ត្រូវប្រឈមមុខដូចគ្នា៕