វិស័យសេវាកម្ម

វិស័យសេវាកម្មកើនយឺតនៅឆ្នាំក្រោយ អាចជាកត្តារាំងស្ទះនៃកំណើនសេដ្ឋកិច្ចកម្ពុជាដែរ ឬយ៉ាងណា?


អត្រាកំណើននៃវិស័យសេវាកម្មនៅឆ្នាំ២០២២ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាព្យាករថា នឹងនៅតែមានការងើបឡើងវិញយឺតនៅឡើយ ខណៈដែលវិស័យនេះ គឺស្ថិតនៅក្នុងវិស័យឆ្អឹងខ្នង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
ក្រុម Khmer Camping នាំ​គ្នា​ទៅ​បោះ​ជំរំ​ទេសចណ៍​ នៅ​ខេត្ត​កោះកុង។

ការ​ព្យាករ​ពី​ក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា វិស័យ​សំខាន់​ៗ ចំនួន​៣ រួម​មាន វិស័យ​ឧស្សាហកម្ម វិស័យ​កសិកម្ម និង​វិស័យ​សេវាកម្ម នឹង​បន្ដ​ជា​ក្បាលម៉ាស៊ីន​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២២ ឱ្យ​មាន​កំណើន​ក្នុង​អត្រា ៤,៨​ភាគរយ ខណៈ​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២១ ត្រូវ​បាន​ប៉ាន់​ស្មានថា មាន​កំណើន​ក្នុង​អត្រា ២,៤​ភាគរយ​។ ផ្អែក​លើ​សេចក្ដីព្រាងច្បាប់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២ បង្ហាញ​ថា វិស័យ​សេវាកម្ម នឹង​បន្ត​កើនឡើង ក្នុង​អត្រា​៤,១% ក្នុង​ឆ្នាំ​២០២២ ពី​កំណើន​ត្រឹម ០,៣% នៅ​ឆ្នាំ​២០២១​។ ទោះ​យ៉ាងណា តើ​មាន​កត្តា​អ្វីខ្លះ ធ្វើ​ឲ្យ​វិស័យ​សេវាកម្ម​កើន​យឺត ហើយ​វា​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​អត្រាកំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២២ ឬ​យ៉ាងណា​ខ្លះ?

ការ​ងើបឡើង​វិញ នៃ​វិស័យ​សេវាកម្ម អាច​នឹង​មាន​ភាព​យឺតយ៉ាវ ដោយសារ​តែ​ការ​ងើបឡើង​វិញ​សន្សឹម​ៗ នៃ​អនុ​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន និង​សេវា​គាំទ្រ​ទេសចរណ៍​ផ្សេង​ទៀត​។

អនុ​វិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន ត្រូវ​បាន​រំពឹង​ថា នឹង​ងើបឡើង​វិញ ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​ទាប ទាំង​ទំហំ និង​អត្រាកំណើន ដោយសារ​ការ​រំពឹង​ការ​ងើបឡើង​វិញ​ក្នុង​ល្បឿន​យឺត នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ ត្រូវ​បាន​រំពឹង​ថា​នឹង​ងើបឡើង​វិញ ក្នុង​សន្ទុះ​លឿន ព្រោះ​ការ​រាតត្បាត​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​បាន​ស្រាកស្រាន្ត និង​គ្រប់គ្រង​ស្ថានការណ៍​បាន​ឡើង​វិញ​។ ថ្មី​ៗ​នេះ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា ក៏​ទើបតែ​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ ដែល​គេ​រំពឹង​ថា​វិស័យ​សេវាកម្ម អាច​នឹង​ចាប់ផ្ដើម​ស្ទុះ​ងើបឡើង​វិញ​កាន់តែ​លឿន​ផង​ដែរ​។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរ ថា​វិស័យ​សេវាកម្ម បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ការ​រាតត្បាត​កូ​វី​ដ​-១៩​។ បើ​តាម​សម្ដេច ហ៊ុន សែន ការ​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ នឹង​ចូលរួម​ស្ដារ​វិស័យ​សេវាកម្ម ក៏​ដូច​ជា ស្ដារ​សេដ្ឋកិច្ចជាតិ ឡើង​វិញ​។ ជាមួយ​គ្នា​នោះ សម្ដេច​ក៏​រំពឹង​ដែរ​ថា សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​កើន​បាន ២,៦​ភាគរយ ក្នុង​ឆ្នាំ​២០២១ ក្រោយ​បើក​ដំណើរការ​សង្គម និង​សេដ្ឋកិច្ច ក្នុង​ប្រទេស​ឡើង​វិញ​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា​។

ជាមួយ​គ្នា​នេះ​ដែរ លោក ឌិន សុមេធា​រិ​ទ្ធិ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​យល់​ឃើញ​ថា វិស័យ​សេវាកម្ម ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​។ លោក​បាន​បន្ថែម​ថា បើ​ទោះបី​សកម្មភាព​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង ចាប់ផ្ដើម​ងើបឡើង​វិញ​បណ្ដើរ​ៗ​ក៏​ដោយ ប៉ុន្ដែ​សម្រាប់​រហូត​មក​ដល់​ពេល​នេះ វិស័យ​សណ្ឋាគារ ហាក់​មិន​ទាន់​មានការ​កម្រើក​ឡើង​វិញ​នៅឡើយ​ទេ ព្រោះ​មិន​ទាន់​មាន​វត្តមាន​របស់​ភ្ញៀវ​អន្តរជាតិ​។ បើ​តាម​ប្រធាន​សមាគម​សណ្ឋាគារ​រូប​នេះ លោក​នៅ​មិន​ទាន់​អាច​បញ្ជាក់​នៅឡើយ​ថា កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​ក្រោយ អាច​សម្រេច​ដូច​ការ​ព្យាករណ៍ ឬ​យ៉ាងណា ដោយ​លោក​រង់ចាំ​ស្ថានភាព​នៃ​លំហូរ​ភ្ញៀវ​អន្តរជាតិ​ជា​មុន​សិន ក្រោយ​រាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើង​វិញ លើ​គ្រប់​វិស័យ និង​ត្រៀម​ទទួល​ទេសចរ​វ៉ាក់សាំង នៅ​ចុងខែ​វិច្ឆិកា ខាង​មុខ​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ឌិន សុមេធា​រិ​ទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បច្ចុប្បន្ន សមាគម មាន​សមាជិក​សរុប​ចំនួន ៩១​ក្រុមហ៊ុន​។ ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​បណ្ដាល​ឱ្យ​មានការ​បិទ​ខ្ទប់​ផង​នោះ ក៏​បាន​ប៉ះពាល់​ដល់​សណ្ឋាគារ​មួយ​ចំនួន នៅ​តាម​បណ្ដា​ខេត្ត ដូច​ជា សៀមរាប និង​ព្រះ​សីហ​នុ ជាដើម ត្រូវ​បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​បណ្ដោះអាសន្ន​ផង​ដែរ​។

សូម​បញ្ជាក់​ថា ដើម្បី​ឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា នា​ឆ្នាំ​២០២២ សម្រេច​បាន​នូវ​កំណើន ក្នុង​អត្រា ៤,៨​ភាគរយ ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម និង​វិស័យ​កសិកម្ម ។ ក្នុង​នោះ វិស័យ​ឧស្សាហកម្ម ត្រូវ​បាន​ព្យាករណ៍​ថា នឹង​សម្រេច​បាន​កំណើន ៧,៧​ភាគរយ ក្នុង​ឆ្នាំ​២០២២ ពី​កំណើន ៥,៧​ភាគរយ ក្នុង​ឆ្នាំ​២០២១​។ ចំណែក វិស័យ​សេវាកម្ម ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​សម្រេច​បាន​កំណើន ក្នុង​អត្រា ៤,១​ភាគរយ ក្នុង​ឆ្នាំ​២០២២ ពី​កំណើន ០,៣​ភាគរយ ក្នុង​ឆ្នាំ​២០២១​។ ចំណែកឯ វិស័យ​កសិកម្ម​វិញ ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​សម្រេច​បាន​កំណើន ក្នុង​អត្រា​ទាប ១,១​ភាគរយ ក្នុង​ឆ្នាំ​២០២២ បើ​ធៀប​នឹង​កំណើន ១,៤​ភាគរយ ក្នុង​ឆ្នាំ​២០២១៕




អត្ថបទបន្ទាប់


រដូវរងាខិតចូលមកដល់ ចិនប្រាប់ឲ្យពលរដ្ឋខ្លួនត្រៀមទុកស្បៀងអាហារ និងសម្ភារប្រើប្រាស់

រដ្ឋអំណាចចិន បានប្រាប់ឲ្យពលរដ្ឋរបស់ខ្លួនត្រៀមលក្ខណៈស្តុកទុក សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងស្បៀងអាហារផងដែរ ក្នុងករណីមានអាសន្នបន្ទាន់ណាមួយក…

ក្រុមអ្នកជំនួញ៖ សកម្មភាពអាជីវកម្ម និងវិស័យដឹកជញ្ជូន រងផលប៉ះពាល់ដោយសារតែប្រេងឥន្ធនៈឡើងថ្លៃ ប៉ុន្ដែមិនធ្ងន់ធ្ងរទេ

ក្រុមអ្នកជំនួញក្នុងវិស័យឧស្សាហកម្ម និងដឹកជញ្ជូនទំនិញនៅកម្ពុជា បានអះអាងថា បញ្ហាតម្លៃប្រេងឥន្ធនៈមានការឡើងថ្លៃខ្ពស់នៅមួយរយៈចុងក្រោយនេះ គឺបានធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ