បើទោះបីជាមានការផ្លាស់ប្ដូរតំណែងថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសវៀតណាមក៏ពិតមែន ប៉ុន្ដែគោលនយោបាយសេដ្ឋកិច្ចរបស់វៀតណាមគឺនៅតែរក្សាដដែលមិនមានអ្វីប្រែប្រួលទេ។ គោលជំហរវៀតណាមនឹងងាកចេញពីគោលនយោបាយដែលបានដាក់ចេញមកជាយូរមកហើយនោះទេ រួមទាំងការបើកចំហរទីផ្សារបន្ថែមទៀតទៅកាន់សេដ្ឋកិច្ចសកលលោក និង ការរក្សានូវតុល្យភាពទំនាក់ទំនងរបស់វៀតណាមជាមួយនឹងមហាអំណាចចិន និងអាមេរិក ដែលកំពុងប្រកួតប្រជែងខ្លាំងជាដើម។
លោក ផាម មិញ ជីញ ដែលជាថ្នាក់ដឹកនាំឈានមុខគេមួយរូបនៅក្នុងផ្នែកសន្ដិសុខជាតិរបស់វៀតណាម និងជាបណ្ឌិតផ្នែកច្បាប់ផងដែរនោះ ត្រូវបានគេមើលឃើញថា គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីតែម្នាក់គត់ ដែលនឹងត្រូវជ្រើសរើសដោយការិយាល័យនយោបាយវៀតណាម។
ស្ថិតក្នុងវ័យ៦៣ឆ្នាំ លោក ផាម មិញ ជីញ នឹងក្លាយជាមនុស្សសំខាន់មួយរូបរបស់វៀតណាម ក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនងជាមួយនឹងពិភពលោកតាមរយៈឋានៈជានាយករដ្ឋមន្ត្រីនេះ បើទោះបីជាសមាជិកបក្សកម្មុយនីសវៀតណាមផ្សេងៗទៀតមានឥទ្ធិពលជាងរូបលោកក៏ដោយ។
លោក ង្វៀន សៀនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម ដែលបច្ចុប្បន្នមានវ័យ៦៦ឆ្នាំ នៅថ្ងៃទី ០៥ ខែមេសា ក៏ត្រូវបានបោះឆ្នោតជាប្រធានាធិបតី ខណៈដែលលោក វឿង ឌិញ ហឺ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាអតីតឧបនាយករដ្ឋមន្ត្រី ត្រូវបានអនុម័តឲ្យកាន់តំណែងជាប្រធានរដ្ឋសភាវៀតណាម។
ប្រទេសវៀតណាម មានរចនាសម្ព័ន្ធដឹកនាំដែលជាក្បាលម៉ាស៊ីនធំៗចំនួន៤រួមមាន៖ អគ្គលេខាធិការបក្ស, ប្រធានាធិបតី, នាយករដ្ឋមន្ត្រី, និង ប្រធានរដ្ឋសភា។
តើនាយករដ្ឋមន្ត្រីវៀតណាមថ្មី មានបទពិសោធន៍ការងារអ្វីខ្លះ? ហើយលោកនឹងចូលមកដោះស្រាយបញ្ហាអ្វីខ្លះ?
លោក ផាម មីញ ជីញ ធ្លាប់ធ្វើជាលេខាធិការទី១នៅស្ថានទូតវៀតណាមប្រចាំប្រទេសរ៉ូមីនៀរ ក្នុងឆ្នាំ១៩៨៩ ហើយនៅឆ្នាំ២០១០លោកក៏ត្រូវបានឡើងមកកាន់តំណែងជាអនុរដ្ឋមន្ត្រីសន្ដិសុខសាធារណៈផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏ជាសមាជិកគណៈកម្មាធិការកណ្ដាលសម្រាប់ការប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសវៀតណាម ដែលដឹកនាំដោយលោក ង្វៀន ភូជុង ដែលបច្ចុប្បន្នជាអគ្គលេខាធិការបក្សកម្មុយនីសវៀតណាម។
ក្រុមអ្នកវិភាគបានលើកឡើងថា ពួកគេមិនរំពឹងថា នាយករដ្ឋមន្ត្រីថ្មី និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នឹងងាកចេញពីគោលនយោបាយដែលបានដាក់ចេញមកជាយូរមកហើយនោះទេ រួមទាំងការបើកចំហរទីផ្សារបន្ថែមទៀតទៅកាន់សេដ្ឋកិច្ចសកលលោក និង ការរក្សានូវតុល្យភាពទំនាក់ទំនងរបស់វៀតណាមជាមួយនឹងមហាអំណាចចិន និងអាមេរិក ដែលកំពុងប្រកួតប្រជែងខ្លាំងជាដើម។
នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម នឹងត្រូវឡើងមកដោះស្រាយបញ្ហាមួយចំនួន ដូចជាការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលតម្រូវតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ និងត្រូវដោះស្រាយបញ្ហានានាដែលជាឧបសគ្គនៅក្នុងវិស័យផលិត ជាមួយនឹងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងវិស័យថាមពលសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសជាដើម។
តើប្រធានាធិតីថ្មី វៀតណាមថ្មី មានបទពិសោធន៍ការងារអ្វីខ្លះ? ហើយលោកនឹងធ្វើអ្វីខ្លះ?
បើនិយាយពីលោក ង្វៀន សួនហ្វ៊ុក ត្រូវបានសភាវៀតណាមបោះឆ្នោតជ្រើសតាំងលោក ង្វៀន សួនហ្វ៊ុក ឲ្យធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសវៀតណាមសម្រាប់អាណត្តិ៥ឆ្នាំ។ លោក ង្វៀន សុនហ្វ៊ុក ឡើងមកកាន់តំណែងនេះ ជំនួសលោក ង្វៀន ភូជុង ដែលទើបត្រូវបានបញ្ចប់តំណែងប្រធានាធិបតីកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
ក្នុងសម័យប្រជុំពេញអង្គនៃសភាជាតិវៀតណាមកាលពីថ្ងៃច័ន្ទទី ៥មេសា លោក ង្វៀន សួនហ្វ៊ុក បានទទួលសំឡេងពីការបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីក្នុងសំឡេងប្រមាណ ៩៧% នៃអ្នកតំណាងរាស្ត្រទាំងអស់ពោលគឺ លោកទទួលបាន ៤៦៨សំឡេង លើ៤៨៣សម្លេង។
លោក ង្វៀន សួនហ្វ៊ុក ឡើងកាន់ដំណែងជាប្រធានាធិបតីទី១១ របស់វៀតណាម ដោយនឹងបន្តដំណែងពីលោក ង្វៀន ភូជុង ដែលបានកាន់តំណែងជាប្រធានាធិបតីផង និងជាអគ្គលេខាធិការបក្សកម្មុយនីសវៀតណាមផង។
ក្នុងវ័យ៦៧ឆ្នាំ លោក ហ្វ៊ុក នឹងក្លាយជាបុគ្គលកំពូលក្នុងប្រទេសវៀតណាម មានន័យថា លោកជាប្រធានាធិបតី ដែលមានតួនាទី កំពូលក្នុងការតំណាងឲ្យប្រទេស សម្រាប់កិច្ចការក្នុង និងក្រៅប្រទេស ហើយលោកក៏នឹងក្លាយជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធគ្រប់ភេទនៅវៀតណាមផងដែរ។
មុនឡើងជាប្រធានាធិបតី លោក ង្វៀន សួន ហ្វ៊ុក មានប្រវត្តិការងារយ៉ាងណាខ្លះក្នុងជួរបក្ស និងរដ្ឋាភិបាលវៀតណាម?
ចន្លោះឆ្នាំ ១៩៩៧ ដល់ ២០០៦ លោកមានតំណែងត្រឹមជាប្រធានក្រុមប្រឹក្សាភិបាលខេត្តមួយរបស់វៀតណាមប៉ុណ្ណោះ ក្រោយមកលោកបានឡើងជាប្រធានខុទ្ទាកាល័យរដ្ឋាភិបាលវៀតណាម។
ឆ្នាំ២០១១ លោកបានឡើងមកកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងក្រោយមកឡើងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៦ មុននឹងក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០២១នេះ។
បើយើងមើលទៅលើផែនការ៥ឆ្នាំរបស់បក្សកម្មុយនីសវៀតណាម គឺបន្ដគាំទ្រដល់ គោលនយោបាយ «សង្គមនិយមជាមួយនឹងការតម្រង់ទិសទីផ្សារ» ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយនឹងប្រទេសជាដៃគូផងដែរ។
បើមើលពីផែនការមេ របស់រដ្ឋាភិបាលកម្មុយនីសវៀតណាម គឺធ្វើយ៉ាងណាជំរុញឲ្យសេដ្ឋកិច្ចឲ្យមានកំណើន៦,៥% ទៅ ៧% ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ និងបង្កើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) ឲ្យបានដល់ ៤៧០០ដុល្លារ ទៅ ៥០០០ដុល្លារនៅត្រឹមឆ្នាំ ២០២៥ ខណៈដែលកាលពីឆ្នាំ២០២០មានត្រឹមតែជា ២ពាន់៧រយដុល្លារអាមេរិកប៉ុណ្ណោះ៕