យ៉ាងណាមិញ នៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនានេះ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ក៏បានលើកទឹកចិត្តដល់ស្ត្រីគ្រប់រូប ត្រូវមានភាពអង់អាចក្លាហានក្នុងការចូលរួមនៅក្នុងសង្គម ដើម្បីភាពរីកចម្រើនសម្រាប់ខ្លួនឯង និងសង្គមជាតិ។
លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិន ស្ត្រីកម្ពុជា បានទុកស្ត្រីជាចលករដ៏សំខាន់ក្នុងការចូលរួមចំណែកជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដ្បិតបច្ចុប្បន្នមានអាជីវកម្មទូទាំងប្រទេសរហូតដល់ជាង៦០% ត្រូវបានគ្រប់គ្រងដោយស្ត្រី។ បើតាមប្រធានសមាគមរូបនេះ អាជីវកម្មដែលកាន់កាប់ដោយស្រ្តីភាគច្រើន ស្ថិតនៅក្នុងវិស័យចំណីអាហារ សម្លៀកបំពាក់ និងការផ្តល់សេវាកម្មផ្សេងៗ។
តែយ៉ាងណាអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីភាគច្រើនស្ថិតក្នុងអាជីវកម្មខ្នាតមីក្រូ និងតូច ខណៈខ្នាតធម្យមនៅមានកម្រិតនៅឡើយ។
បើតាមលោកជំទាវ កែវ មុំ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា តែងតែមានការលើកទឹកចិត្ត និងជំរុញឱ្យស្រ្តីមានការចូលរួមដឹកនាំនៅក្នុងស្ថាប័នរដ្ឋ ឬវិស័យឯកជនយ៉ាងណាក៏ដោយ ក៏ស្ត្រីនៅតែជួបឧបសគ្គជាច្រើនក្នុងការចូលរួមឱ្យបានខ្លាំងក្លាដូចនឹងបុរស ដោយសារពួកគេត្រូវមានតួនាទីជាច្រើនត្រូវចាត់ចែង ដូចជាមើលថែកូន និងផ្ទះសម្បែងជាដើម ដែលធ្វើឱ្យពួកគេបានបាត់បង់នូវឱកាសក្នុងការពង្រឹងសម្ថតភាព ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។
យ៉ាងណាក៏ដោយអ្នកជំនាញរូបនជឿជាក់ថា ចំនួនស្ត្រីចូលរួមបម្រើការនៅតាមក្រសួងស្ថាប័នរដ្ឋនឹងមានការកើនឡើង ប្រសិនបើកិច្ចការមួយចំនួនរបស់ស្ត្រីត្រូវបានជួយសម្រាលពីបុរស។ សមាប់អ្នកជំនាញរូបនេះ សង្គមគ្រួសារនិងសេដ្ឋកិច្ចអាចរីកចម្រើនបានឆាប់រហ័ស គឺទាមទារឱ្យមានការចូលរួមពីស្ត្រី។
យ៉ាងណាមិញ នៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនានេះ លោកជំទាវ កែវ មុំ ក៏បានលើកទឹកចិត្តដល់ស្រ្តីទាំងអស់ ត្រូវមានភាពអង់អាចក្លាហាន មានជំនឿចិត្តចំពោះខ្លួនឯង និងត្រូវស្វែងរកនូវចំណុចខ្លាំងរបស់ខ្លួន ដើម្បីយកមកប្រើប្រាស់ឱ្យអស់លទ្ធភាព សម្រាប់ភាពរីកចម្រើនរបស់ខ្លួន និងសង្គមជាតិ ដ្បិតថា ស្ត្រីគ្រប់រូបសុទ្ធតែមានភាពអស្ចារ្យគ្រប់ៗគ្នា៕