ការគាំទ្របែងចែកនូវប្រាក់កម្ចីដ៏ឆាប់រហ័សបែបនេះ គឺជាវិធានការជួយសម្រួលដល់សេវាកម្មលក់រាយ និងជំរុញការវិនិយោគឯកជន កាត់បន្ថយការចំណាយលើការធ្វើអាជីវកម្ម និងពង្រីកសេវាកម្មអ៊ីនធឺណិត ដើម្បីជំរុញការវិនិយោគលើបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។
នាយកធនាគារពិភពលោកប្រចាំប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បាននិយាយថា កម្មវិធីកំណែទម្រង់នេះ មានសារៈសំខាន់ណាស់សម្រាប់កំណើនក្នុងរយៈពេលវែង។ កំណែទម្រង់ដែលលើកកម្ពស់ការប្រកួតប្រជែងក្នុងប្រព័ន្ធអ៊ីនធឺណិត និងទូរគមនាគមន៍ចល័តនឹងផ្តល់អត្ថប្រយោជន៍មួយផ្នែកធំទៅដល់ប្រជាជនដែលមិនបានទទួលសេវា តាមរយៈការបង្កើនការគ្របដណ្តប់ គុណភាពនៃសេវាកម្ម និងការបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារ ក៏ដូចជាការទទួលបានការអប់រំ និងសេវាសុខភាពពីចម្ងាយជាដើម។
ទន្ទឹមនេះ កំណែទម្រង់ដែលកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងកែលម្អបរិយាកាសអាជីវកម្មនឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនទាំងអស់ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដោយនឹងបើកផ្លូវទៅកាន់ទីផ្សារកាន់តែធំ។
យ៉ាងណាមិញ ធនាគារពិភពលោកបាននិយាយថា ដោយមើលឃើញប្រទេសហ្វីលីពីនមានភាពយឺតយ៉ាវក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងការទាក់ទាញការវិនិយោគបរទេសដោយផ្ទាល់ទៅក្នុងវិស័យលក់រាយ ដូច្នេះ កំណែទម្រង់កម្មវិធី ដើម្បីភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ច នឹងអាចទាក់ទាញការវិនិយោគសម្រាប់ប្រតិបត្តិករទាំងនៅក្នុងស្រុក និងបរទេស៕
អត្ថបទ៖ ស៊ើង និមល់