យោងតាមរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅតំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល ត្រូវបានរំពឹងថា នឹងដាំក្បាលធ្លាក់ចុះ ០,២% នៅក្នុងឆ្នាំ២០២២ ប៉ុន្តែនឹងកើនឡើងមកវិញក្នុងកម្រិតទាបត្រឹមតែ ០,៣% ប៉ុណ្ណោះ ដោយសារតែឥទ្ធិពលដែលបន្តរាលដាលពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។
ត្បិតថាតំបន់ទាំងពីរ នឹងនៅតែមានកំណើនសេដ្ឋកិច្ចទាបក៏ដោយ ប៉ុន្តែវាក៏ប្រសើរជាងការព្យាកររបស់ធនាគារពិភពលោកកាលពីខែមិថុនាកន្លងទៅដែរ ដោយពេលនោះធនាគារពិភពលោកបានលើកឡើងថា តំបន់ទាំងនេះ នឹងមាន GDP ធ្លាក់ចុះដល់ ២,៩%ឯណោះ។ ការកែសម្រួលការព្យាករនេះ ក៏ដោយសារតែធនាគារពិភពលោកកត់សម្គាល់ឃើញថា ប្រទេសធំៗមួយចំនួនទៀតក្នុងតំបន់ នៅតែមានកំណើនសេដ្ឋកិច្ចល្អ ព្រមជាមួយកម្មវិធីស្តារប្រទេសឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
ទោះយ៉ាងណា ធនាគារពិភពលោក អះអាងថា ទស្សនវិស័យសម្រាប់តំបន់អឺរ៉ុប និងអាស៊ីកណ្តាលរបស់ខ្លួនគឺនៅតែស្ថិតនៅក្រោម "ភាពមិនប្រាកដប្រជា" ជាមួយនឹងសង្គ្រាមអូសបន្លាយ ឬរីករាលដាលកាន់តែខ្លាំង ដែលបណ្តាលឱ្យមានការខូចខាតកាន់តែធំធេង និងការបែកបាក់នៃពាណិជ្ជកម្ម និងការវិនិយោគផងដែរ។
យ៉ាងណាមិញ សម្រាប់សេដ្ឋកិច្ចប្រទេសអ៊ុយក្រែន ត្រូវបានធនាគារពិភពលោក ព្យាករថា នឹងធ្លាក់ចុះ ៣៥%នៅក្នុងឆ្នាំ២០២២នេះ ដោយសារប្រទេសអឺរ៉ុបខាងកើតមួយនេះ បានរងនូវការខូចខាតរោងចក្រផលិត ដីកសិកម្មត្រូវបំផ្លិចបំផ្លាញ និងការបាត់បង់កម្លាំងពលកម្ម ខណៈមនុស្ស ១៤លាននាក់គ្មានទីជម្រក។
ជាមួយគ្នានេះ អ៊ុយក្រែន នៅតែត្រូវការជំនួយគាំទ្រហិរញ្ញវត្ថុយ៉ាងច្រើន ដើម្បីស្តារប្រទេសឡើងវិញ។ បើយោងតាមការវាយតម្លៃរបស់ធនាគារពិភពលោកថ្មីៗនេះ បង្ហាញថា ដើម្បីស្រោចស្រង់ ក៏ដូចជាការកសាងវិស័យសង្គម ផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្នុងប្រទេសមួយនេះ គឺត្រូវការទឹកប្រាក់យ៉ាងហោចណាស់ជិត ៣៥០ ពាន់លានដុល្លារ ដែលមានទំហំធំជាងដល់ទៅ ១,៥ដង នៃទំហំ GDP របស់ប្រទេសនេះ កាលពីឆ្នាំ២០២១។
ចំពោះសេដ្ឋកិច្ចរុស្ស៊ី អាចនឹងធ្លាក់ចុះ ៤,៥% នៅក្នុងឆ្នាំ២០២២នេះ ហើយនឹងធ្លាក់ចុះ ៣,៦%នៅឆ្នាំ២០២៣។ ចំណែកឯសេដ្ឋកិច្ចប្រទេសតួកគី បែរជាអាចកើនឡើង ៤,៧% ក្នុងឆ្នាំ២០២២ និងបន្តកើនឡើង ២,៧% នៅឆ្នាំក្រោយ។ នេះបើយោងតាមរបាយការណ៍ដដែលរបស់ធនាគារពិភពលោក។
យ៉ាងណាមិញ បើតាមការកត់សម្គាល់ដាច់ដោយឡែកមួយទៀតរបស់ធនាគារពិភពលោក ក៏បានផ្តោតទៅលើផលប៉ះពាល់ពីវិបត្តិថាមពលសកល ដោយសារការផ្អាកការផ្គត់ផ្គង់ថាមពលទៅតំបន់អឺរ៉ុប ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ី ប៉ុន្តែវានឹងមិនប៉ះពាល់ខ្លាំងទេចំពោះប្រទេសដែលមានជម្រើសប្រើប្រាស់ថាមពលផ្ទាល់ខ្លួននោះឡើយ៕