ជាមួយគ្នានេះ ស្ថាប័នអន្តរជាតិមួយនេះ បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដល់ ៤,៥%នៅឆ្នាំ២០២២ ប៉ុន្តែក៏បានព្រមានពីបញ្ហាប្រឈម និងហានិភ័យនៃការរីករាលឡើងវិញនៃកូវីដ១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មីៗ ដែលអាចជះឥទ្ធិពលដល់ការក្រោកឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី០៩ខែធ្នូ ឆ្នាំ២០២១។
របាយការណ៍របស់ធនាគារពិភពលោក ដែលមានចំណងជើងថា «រស់នៅជាមួយកូវីដ១៩» បានបង្ហាញថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាមានកំណើនយឺត ប៉ុន្តែវិស័យប្រពៃណីមួយចំនួនបានដើរតួនាទីសំខាន់ទ្រទ្រង់ដល់ការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩ ក្នុងនោះរួមមានឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ ស្បែកជើង និងឧស្សាហកម្មផលិតកង់ រួមទាំងវិស័យកសិកម្មផងដែរ។
ជាក់ស្តែងការនាំចេញ ទំនិញធ្វើដំណើរនៅ៩ខែដំបូងឆ្នាំនេះ បានកើនឡើងយ៉ាងខ្លាំង ដល់ទៅជាង ៤៧% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯការនាំចេញផលិតផលស្បែកជើងកើនឡើង ជិត១៨% ខណៈការនាំចេញកង់វិញកើនឡើងជាង ២៤% ផងដែរ។ នេះបើតាមរបាយការណ៍ដដែល ដែលចងក្រងដោយធនាគារពិភពលោក។
ថ្វីបើការផលិតសម្រាប់ការនាំចេញបានរើបឡើងវិញក៏ដោយ ឱនភាពពាណិជ្ជកម្មបានរីកទំហំកាន់តែធំគួរឱ្យកត់សម្គាល់។ កំណើនឱនភាពពាណិជ្ជកម្មនេះ ដោយសារមានការកើនឡើងនៃការនាំចូលមុខទំនិញមួយចំនួន ជាពិសេសមាស សម្រាប់យកមកធ្វើជាសញ្ជ័យធន (ការសន្សំ)។
បន្ថែមពីលើនេះ អ្នកជំនាញ World Bank ប្រចាំកម្ពុជាបានព្រមានពីបញ្ហាប្រឈម និងហានិភ័យមួយចំនួនសម្រាប់ការស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ ហានិភ័យគឺដោយសារតែមានភាពមិនប្រាកដប្រជានៃមេរោគកូវីដ១៩។ World Bank បានព្រមានថា ការរីករាលដាលឡើងវិញជាយថាហេតុនូវកូវីដ១៩ដែលកំពុងមានស្រាប់ និងជាពិសេសកូវីដ១៩បំប្លែងថ្មីៗ អាចចូលមកបង្អាក់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញនៃសេដ្ឋកម្ពុជានៅឆ្នាំក្រោយផងដែរ។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបាននិយាយថា៖ «មេរោគកូវីដ១៩ជាអ្វីដែលយើងមិនអាចទាយដឹងមុនបាន ទាំងនៅកម្ពុជា និងជុំវិញពិភពលោក។ ហើយការធ្លាក់ចុះតម្រូវការជាសកលអាចប៉ះពាល់សេដ្ឋកិច្ចប្រទេសដែលពឹងផ្អែកលើការនាំចេញ ដូចកម្ពុជាជាដើម។»
យ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ថ្មីៗនេះបានបង្ហាញនូវក្ដីរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៣%នៅឆ្នាំ២០២១ ប្រសិនបើសេដ្ឋកិច្ចមានដំណើរការល្អនៅរយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២១ បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ ហើយនៅឆ្នាំ២០២២ រំពឹងថា នឹងកើនឡើងលើស៥%៕